ដោយ វុត្ថា
ភ្នំពេញៈ វិវាទរវាងអ្នកអភិវឌ្ឍអចលនវត្ថុ និងអ្នកទិញពាក់ព័ន្ធកិច្ចសន្យាលក់-ទិញអចលនវត្ថុ អាចជាកម្មវត្ថុសម្រុះសម្រួល និងផ្សះផ្សាដោយក្រសួង ឬមន្ទីរ។
យោងតាមប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍអចលនវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ក្រសួង ឬមន្ទីរ សម្រុះសម្រួលនិងផ្សះផ្សាវិវាទ តាមការស្នើសុំរបស់ភាគីវិវាទ ក្នុងរយៈពេល២ខែយ៉ាងយូ។ ការផ្សះផ្សាវិវាទ អាចឈានទៅការចុះកិច្ចព្រមព្រៀងផ្សះផ្សា ដែលត្រូវចុះហត្ថលេខាដោយគូវិវាទ និងមានការទទួលដឹងលឺ ដោយនាយកដ្ឋានឬមន្ទីរ។ កិច្ចព្រមព្រៀងផ្សះផ្សា មានអនុភាពអនុវត្តភ្លាមៗ ចំពោះគូភាគី។
ប្រការ៤១នៃប្រកាសខាងលើបានចែងថា គូភាគីវិវាទ ដែលមិនពេញចិត្តចំពោះការសម្រេច ឬវិធានការផ្សេងៗរបស់ក្រសួង ឬមន្ទីរ មានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ាមកក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងអនុវត្តនីតិវិធីបណ្តឹង ទៅតុលាការ លើកលែងតែរឿងព្រហ្មទណ្ឌ។
ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវដោះស្រាយបណ្តឹងក្នុងរយៈពេល៩០ថ្ងៃ នៃថ្ងៃធ្វើការក្រោយពីទទួលបានពាក្យបណ្តឹងតវ៉ា ឬក្នុងរយៈពេលមួយសមស្រប។
ក្នុងការដោះស្រាយវិវាទ ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចអញ្ជើញភាគីវិវាទ ដើម្បីសាកសួរឬផ្តល់ភស្តុតាងតាមការចាំបាច់។ សេចក្តីសម្រេចស្តីពីការដោះស្រាយវិវាទ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោយមានការបញ្ជាក់ពីអង្គហេតុ សំអាងហេតុ និងការសន្និដ្ឋាន។ ក្នុងករណីមិនពេញចិត្ត នឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានីតិកម្ម ភាគីវិវាទអាចដាក់ពាក្យបណ្តឹងតវ៉ា ទៅតុលការមានសមត្ថកិច្ច ដោយអនុលោមតាមបទប្បញ្ញាត្តិជាធរមាន៕