ដោយវុត្ថា
ភ្នំពេញ៖ ក្រសួងសុខាភិបាលមិនទាន់មានផែនការដាក់ឱ្យដំណើរការអាជីវកម្ម KTV និងអាជីវកម្មមួយចំនួនទៀត ដែលត្រូវបានរដ្ឋាភិបាលបានប្រកាសបិទកាលពីកន្លងមកនេះនៅឡើយទេ ខណៈ អត្រានៃការឆ្លងនូវជំងឺកូវីដ ១៩ ថ្មី នៅកម្ពុជាមិនមានយ៉ាងណាក្តី។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅកម្ពុជានាថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០ នេះ ឱ្យដឹង ថា ទោះបីកម្ពុជាបានត្រួតត្រា និងគ្រប់គ្រងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ កន្លងមកនេះ បានយ៉ាងណាក្តី តែអត្រានៃការឆ្លងគឺនៅតែមាន ខណៈនៅលើពិភបលោកនៅតែមាន ដូច្នេះ កម្ពុជាមិនទាន់អនុញ្ញាតឱ្យកន្លែងកម្សាន្ត KTV បើកដំណើរការវិញនោះទេ។
ជាមួយគ្នានេះ លោក ម៉ម ប៊ុន ហេង ស្នើឱ្យពលរដ្ឋរៀបចំកម្មវិធីច្រៀងនៅតាមផ្ទះជាលក្ខណៈគ្រួសារ ប្រសើរជាងទៅខារ៉ាអូខេ។ លោករដ្ឋមន្ត្រីរូបនេះថ្លែងថា “វាមិនបញ្ហាចោទប៉ុន្មានទេ ចាំបន្តិចទៅ ខារ៉ាអូខេ អត់អាហ្នឹង ក៏អត់ងាប់ដែរ”។
លោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានឱ្យដឹងដែរថា ការដែលបិទអាជីវកម្មនីមួយៗ គឺជាការសម្រេចចិត្តដ៏លំបាក មិនមែនជាការងាយស្រួលនោះទេ ទាំងម្ចាស់អាជីវកម្ម ទាំងរដ្ឋាភិបាល និងបុគ្គលផ្សេងៗទៀត។
លោកស្រីបន្តថា ជំងឺកូវីដ ១៩ នេះ គឺជាជំងឺប្រភេទថ្មី ដែលអាចងាយនឹងឆ្លង ព្រោះមេរោគនៃជំងឺកូវីដ១៩នេះ វាអាចទំលើវត្ថុ និងទីតាំងដែលគ្មានខ្យល់ចេញចូល ជាពិសេសកន្លែងប្រមូលផ្តុំ ដូចជាKTV ជាដើម។ លោកស្រី Li Ailan បន្ថែមថា ក្នុងករណីរដ្ឋាភិបាលចង់ឱ្យអាជីវកម្មមួយចំនួនដំណើរការវិញនោះ គឺត្រូវធ្វើឡើងមួយជំហានម្ដងៗ ដោយមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់៕







