ផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ តម្លៃជិត១០០លានដុល្លារ អាចបញ្ចប់មុនការកំណត់

0

ដោយ ៖ រ៉ាណេត

ព្រៃវែង ៖ គម្រោងសាងសង់ផ្លូវជាតិលេខ១១ ដែលមានប្រវែង៩៦គីឡូម៉ែត្រ អាចនឹងបញ្ចប់មុន៨ខែនៃកាលកំណត់រវាងក្រុមហ៊ុន និងក្រសួងសាធារណៈការ និងដឹកជញ្ជូន។ នេះបើតាមការអះអាងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិ១១ រួមជាមួយនឹងរង្វង់មូលអ្នកលឿង និងរង្វង់មូលស្វាយអន្ទរ ខេត្តព្រៃវែងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គិតត្រឹមដើមខែឧសភា ឆ្នាំ២០២០នេះផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្ត ត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) ក្រាលបេតុងកៅស៊ូAC សម្រេចការសាងសង់បានចំនួន ៩១,១៤ ភាគរយហើយ។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថាឱ្យដឹងថា ផ្លូវនេះមានប្រវែងសរុប៩៦គីឡូម៉ែត្រ ក្នុងនោះរួមមាន ផ្លូវមេប្រវែង ៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩,១៩៤ គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

កំណត់ផ្លូវនេះជាកំណត់ផ្លូវសេដ្ឋកិច្ចសំខាន់មួយដែលចាំបាច់ត្រូវពង្រីក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បន្ថែមទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ចំណាយទឹកប្រាក់ចំនួន ៩៨.៣៨៨.០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ចំណាយរយៈពេលសាងសង់ចំនួន៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុង ឆ្នាំ២០២០ ។ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ផ្លូវនេះ សម្រេច បាន ៩១,១៤ភាគរយហើយ។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ឆ្លងតាមការត្រួតពិនិត្យគុណភាពផ្លូវមួយរយៈកន្លងមក ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៣ ជាដើម មានគុណភាពតាមស្តង់ដា និងគោរពតាមលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុក គឺមិនមែនចាក់ស្ដើងស៊ីក្រាស ចាក់ក្រាសស៊ីស្តែងឡើយ។ ជាមួួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបដល់ក្រុមហ៊ុនសាងសង់ទាំងឡាយ ប្រសិនបើមិនចង់សាងសង់ឡើងវិញ ឬចូលក្នុងបញ្ជីខ្មៅទេ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកជាដាច់ខាត។

លោកបានគូសបញ្ជាក់ថា សម័យតេជោសែន ផ្លូវត្រូវបានតភ្ជាប់គ្រប់ច្រកល្ហកទាំងក្រុងប្រទេស និងក្នុងតំបន់ ពោលគឺយើងអាចធ្វើដំណើរទៅគ្រប់ទីកន្លែងនៅក្នុងប្រទេសដោយមិនចាំបាច់ត្រឡប់ថយក៏បាន។ ដោយឡែកសម្រាប់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ក៏ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សាសម្បត្តិជាតិយើង ជាពិសេសអ្នកដែលមានលំនៅឋាននៅតាមបណ្ដោយផ្លូវជាតិ សូមកុំបំពានដីចំណីផ្លូវ ត្រូវគោរពតាមច្បាប់ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here