អាកាសយានដ្ឋានកម្ពុជាទាំងបីនៅតែបើកដំណើរការធម្មតា

0

ដោយវុត្ថា

ភ្នំពេញ៖ អាកាសយដ្ឋានទាំងបីរបស់កម្ពុជា គឺ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅតែបើកនិងដំណើរការសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ជាធម្មតា បើទោះបីកម្ពុជា និងពិភពលោកកំពុងទទួលរងនូវផលប៉ះពាល់ដោយសារជំងឺ Covid-19 យ៉ាងណាក្តី។

យោងតាមការផ្សព្វផ្សាយរបស់ Cambodia Airports នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នេះ បានឱ្យដឹងថា ក្រុមហ៊ុនកំពុងកែសម្រួលនិតិវិធី និងកម្រិតប្រតិបត្តិការទៅនឹងចរាចរណ៍បច្ចុប្បន្នដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីស្ថានភាពជំងឺ Covid-19 និងការរឹតត្បិតការធ្វើដំណើរទូទាំងពិភពលោក។

Cambodia Airports ឱ្យដឹងថា អាកាសយានដ្ឋានរបស់យើងឥឡូវនេះកំពុងធ្វើការលើផែនការស្តារឡើងវិញជាមួយអាជ្ញាធរពាក់ព័ន្ធ និងដៃគូអាកាសចរណ៍ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរទាំងអស់របស់យើងចាប់ពីពេលដែលពួកគេចូលអាកាសយានដ្ឋាន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ទោះក្នុងរយៈពេលកន្លងមកនេះ កម្ពុជាគ្មានករណីឆ្លងជំងឺកូវីដ១៩ថ្មីយ៉ាងណាក៏ដោយ តែក្រសួងមិនធ្វេសប្រហែសទ្បើយនៃការបន្តរឹតការឆ្លងរីករាលជំងឺកូវីដ១៩ដែលធ្វើទ្បើងតាមរយៈការបន្តត្រួតពិនិត្យតាមព្រំដែន និងតាមអាកាសយានដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។

លោកថ្លែងថា កម្ពុជានៅតែជាប្រទេសផុយស្រួយនៅទ្បើយនៃការឆ្លងជំងឺកូវីដ-១៩ បើពលរដ្ឋធ្វេសប្រហេសពីការពារនៃការឆ្លងជំងឺកូវីដ ខណៈកម្ពុជានៅតែព្រួយបារម្ភពីការនំាចូលពីខាងក្រៅនៅទ្បើយដូច្នេះក្រសួងនឹងបន្តរឹតបន្តឹងតាមច្រកព្រំដែន និងតាមអាកាសយានកម្ពុជាផ្សេងៗទៀតដើម្បីធ្វើយ៉ាងណាកុំឱ្យមានករណីឆ្លងជំងី Covid-19 ជាថ្មីទៀតនៅកម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលធ្លាប់បានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកណាមួយរបស់កម្ពុជា ប្រកាសក្ស័យធនដោយសារ Covid-19 ឡើយ ខណៈយោងតាមស្ថិតិបានឲ្យដឹងថា បន្ទាប់ពីកើតមានជំងឺ Covid-19 នេះ ក្នុងខែមករា ឆ្នាំ២០២០ ភ្ញៀវមានការថយចុះជាមធ្យមប្រមាណ២០ភាគរយ។

លោកបន្តថា កាលពីខែកុម្ភៈមានការថយចុះប្រមាណ៥០ភាគរយ នៅក្នុងខែមីនាថយចុះជាង៧០ភាគរយ ហើយចំពោះខែមេសានេះ មានការថយចុះ រហូតដល់ជាង៩០ភាគរយ គិតត្រឹមខែមេសា ឆ្នាំ២០២០កន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here