រដ្ឋបាលខេត្តកំពត បង្កើតគណៈកម្មការ អភិវឌ្ឍន៍ក្រុង លើកកម្ពស់សោភ័ណភាពទាក់ទាញទេសចរណ៍

0

ដោយ ៖ រ៉ាណេត

កំពត ៖ រដ្ឋបាលខេត្តកំពតបានរៀបចំ និងបង្កើតគណៈកម្មការអភិវឌ្ឍន៍ក្រុងកំពត ដែលផ្តោតសំខាន់លើការរៀបចំសណ្ដាប់ធ្នាប់ បរិស្ថាន និងលើកកម្ពស់សោភ័ណភាពក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសរំដោះជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សាដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកអភិបាលខេត្ត ជាវ តាយ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំ និងលើកកម្ពស់សោភ័ណភាពក្រុង ជាពិសេសដោះស្រាយលើបញ្ហាជំនន់ទឹកភ្លៀងដែលតែងលិចក្រុងកំពតកាលពីពេលកន្លងទៅនេះថា មន្ត្រីជំនាញដែលស្ថិតនៅក្នុងអង្គភាពជំនាញ និងបច្ចេកទេសពាក់ព័ន្ធទាំងអស់ត្រូវតែមានការយកចិត្តទុកដាក់ជាសំខាន់ទៅលើការស្វែងរកដំណោះស្រាយបញ្ហាដែលតែងកើតមានដដែលជាដដែល។

លោកបានបញ្ជាក់ថា “គណៈកម្មការជំនាញត្រូវតែមានដំណោះស្រាយទៅលើបញ្ហានានាដែលតែងកើតមាន ជាពិសេសបញ្ហាជំនន់ទឹកភ្លៀង ដែលតែងលិចក្រុង និងដក់ទឹកនៅតាមផ្លូវតំបន់មួយចំនួនក្នុងក្រុងកំពត និងស្រុកទឹកឈូ ដែលបណ្តាលមកពីការរាំងស្ទះប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុង”។ លោកបានបន្តថា “បញ្ហាទឹកភ្លៀងដែលបង្កឲ្យមានការដក់ទឹក ឬទឹកលិចផ្លូវបណ្ដាលមកពីការរាំងស្ទះប្រព័ន្ធលូមួយចំនួនដែលមានលក្ខណៈខុសស្តង់ដារបទដ្ឋានបច្ចេកទេសច្បាស់ លាស់”។

ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងកំពតនេះដែរ លោក ជាវ តាយ ក៏បានលើកសង្កត់ធ្ងន់ដែរថា “សព្វថ្ងៃនេះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងកំពត ជាប្រព័ន្ធលូក្ដី ផ្លូវថ្នល់មួយចំនួនក្ដី មានលក្ខណៈកំបុត មិនមានការតភ្ជាប់ពីមួយទៅមួយទេ ដោយសារការធ្វើមិនមានគម្រោងច្បាស់លាស់។ ជាមួយនឹងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរ ដល់អាជ្ញាធរ មូលដ្ឋានក្រុង ស្រុកឃុំសង្កាត់ និងមន្ទីរអង្គភាព នឹងរាល់អ្នកពាក់ព័ន្ធទាំងអស់ នៅចំពោះមុខនេះ ត្រូវតែចូលរួមសហការអនុវត្តឲ្យបានល្អ ពិសេស កៀរគរធនធានសប្បុរសជនដើម្បីគាំទ្រគម្រោងនីមួយៗ ឲ្យទទួលបានលទ្ធផលជោគជ័យនិងមានប្រសិទ្ធភាពដើម្បីចៀសវាងការដក់ទឹកឬលិចផ្លូវនៅក្នុងក្រុងកំពតបន្តទៀត”។

បច្ចុប្បន្ន វិស័យហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសផ្លូវជាតិលេខ៣ និងផ្លូវវាងក្រុង ត្រូវបានក្លាយជាគោលដៅអាទិភាពដែលត្រូវបានយកចិត្តទុកដាក់ស្ថាបនាពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីជួលសម្រួលដល់ការធ្វើចរាចរណ៍ និងបង្កើនសោភ័ណភាពក្រុង ក្នុងគោលបំណង់បង្កើនលទ្ធភាពទាក់ទាញការវិនិយោគ និងវិស័យទេសចរណ៍ ស្របពេលដែលកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានតម្លៃជាង១៨លានដុល្លារកំពុងជំរុញការសាងសង់ ដើម្បីបញ្ចប់ទៅតាមគម្រោង និងផែនការដែលបានកំណត់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here