ដោយ ប៊ី
ការលក់ផលិតស៊ីម៉ងត៍ និងសម្ភារៈសំណង់របស់ក្រុមហ៊ុនស៊ីម៉ងត៍ Siam Cement Group Public Co ltd (SCG) បានកើនឡើង ៧ ភាគរយនៅត្រីមាសទី ១ ឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់ក្រុមហ៊ុន។

របាយការណ៍ត្រីមាសទី ១ ឆ្នាំ ២០២០ ខាងលើបានឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជារបស់ ក្រុមហ៊ុន SCG មានទ្រព្យសកម្មសរុប ៣៧៣ លានដុល្លារកើនឡើង ៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីមុន និងលក់បាន ៦៧ លានដុល្លារកើនឡើង ៧ ភាគរយបើប្រៀបធៀបនឹងត្រីមាសមុន។
នៅទូទាំងពិភពលោក ក្រុមហ៊ុនបានចុះបញ្ជីចំណូលពីការលក់ប្រមាណ ៣.៣៧ ពាន់លានដុល្លារធ្លាក់ចុះ ៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះត្រូវបានសន្មតថា ដោយសារតែតម្រូវការពិភពលោកចុះខ្សោយ។
ប្រាក់ចំណេញជាទូទៅត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលនេះឈានដល់ត្រឹមតែ ២២៣ លានដុល្លារ ធ្លាក់ចុះ ៤០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះ ២ ភាគរយ ធៀបនឹងត្រីមាសមុន។

លោក Roongrote Rangsiyopash ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងថា ចំពេលបរិយាកាសអរិភាព និងសេដ្ឋកិច្ចពិភពលោកកំពុងរងផលប៉ះពាល់ដោយជំងឺរាតត្បាត ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងបំផុតក្នុងការរក្សាលទ្ធផលប្រតិបត្តិការនៃត្រីមាសទី ១ ឆ្នាំ ២០២០។
លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សា និងដំណើរការអាជីវកម្មឱ្យបានរឹងមាំជាមួយនឹងផែនការគ្រប់គ្រងបន្តអាជីវកម្មរឹងមាំ រួមជាមួយផែនការឆ្លើយតបនឹងការរំខានផ្សេង និងការប្រកាន់ខ្ជាប់យ៉ាងតឹងរឹងចំពោះវិធានការសុខភាព និងសុវត្ថិភាពរបស់រដ្ឋាភិបាល៕






