ដោយ ប៊ី
អន្តរជាតិ៖ ក្រុមហ៊ុន Lufthansa ដែលជាក្រុមអាកាសចរណ៍ឈានមុខគេនៅអឺរ៉ុបបានជាប់គាំងនៅក្នុងកិច្ចពិភាក្សាដ៏ចង្អៀតមួយជាមួយរដ្ឋាភិបាលអាឡឺម៉ង់ស្តីពីលក្ខខណ្ឌនៃការជួយសង្គ្រោះ ខណៈក្រុមហ៊ុនកំពុងបាត់បង់ចំណូល ១ លានដុល្លារក្នុង១ម៉ោង ហើយកំពុងព្យាយាមដើម្បីរួចផុតពីការក្ស័យធន។

ក្រុមអាកាសចរណ៍ឈានមុខគេនៅអឺរ៉ុបនេះ បានបើកកិច្ចប្រជុំប្រចាំឆ្នាំលើកដំបូងរបស់ខ្លួន កាលពីថ្ងៃអង្គារកន្លងនេះ ដោយបង្ហាញពីការខាតបង់នៅត្រីមាសទី ១ ដែលមានទឹកប្រាក់ ១,២ ពាន់លានផោន (១,៣ ពាន់លានដុល្លារ) ដោយសារជំងឺ COVID-19។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Lufthansa (DLAKY) បានបដិសេធមិនឆ្លើយសំណួរពីម្ចាស់ភាគហ៊ុនទាក់ទងនឹងព័ត៌មានលម្អិតនៃការពិភាក្សាអំពីថវិកាសង្គ្រោះ។ ភ្នាកងារព័ត៌មាននេះ បានឱ្យដឹងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលស្វីសបានយល់ព្រមធានា ៨៥ ភាគរយនៃកញ្ចប់ប្រាក់កម្ចី ១,៥ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនស្វ៊ីសរបស់ខ្លួន។ ក្រុមនេះក៏មានក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសអាល្លឺម៉ង់ អូទ្រីស និងបែលហ្ស៊ិកផងដែរ។
កាសែត Der Spiegel ប្រចាំសប្តាហ៍របស់អាល្លឺម៉ង់ និង Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រកន្លងមកនេះថា ក្រុមហ៊ុន Lufthansa កំពុងចរចាថវិកាសង្គ្រោះចំនួន ១០ ពាន់លានផោន (១០,៨ ពាន់លានដុល្លារ) ជាមួយប្រទេសអាល្លឺម៉ង់ ដែលនឹងផ្តល់ឱ្យរដ្ឋាភិបាល ២៥,១ ភាគរយនៃក្រុមហ៊ុន និងមានកៅអីនៅក្រុមប្រឹក្សាត្រួតពិនិត្យរបស់ខ្លួន។
ក្រុមហ៊ុន Lufthansa បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ ប៉ុន្តែក្រុមហ៊ុនបានថ្លែងនៅក្នុងលិខិតមួយផ្ញើទៅបុគ្គលិកនៅថ្ងៃទី ៣ ខែឧសភា និងបានចែករំលែកជាមួយ CNN Business ថា ខ្លួនជឿជាក់ថា កិច្ចចរចា “អាចត្រូវបានធ្វើឱ្យមានការសន្និដ្ឋានយ៉ាងរហ័ស”។

ក្រុមប្រឹក្សាប្រតិបត្តិបានសរសេរនៅក្នុងលិខិតនោះថា “ការគាំទ្ររបស់រដ្ឋាភិបាលអាឡឺម៉ង់នឹងជាជំហ៊ានមួយដែលអាចសម្រាចបានសម្រាប់អនាគតរបស់យើង។ សមត្ថភាពប្រកួតប្រជែង និងសមត្ថភាពវិនិយោគបន្តជាតម្រូវការចាំបាច់សម្រាប់បញ្ហានេះ”។
ក្រុមអ្នកវិភាគព្រួយបារម្ភថា ការជ្រៀតជ្រែករបស់រដ្ឋាភិបាលអាចរារាំងសមត្ថភាពរបស់ក្រុមហ៊ុន Lufthansa ក្នុងការអនុវត្តកម្មវិធីរៀបចំរចនាសម្ព័ន្ធ ដែលបានគ្រោងទុកដែលនឹងកាត់ជើងហោះហើររបស់ខ្លួន ១៣ ភាគរយ ហើយអាចនឹងកាត់បន្ថយការងារចំនួន ១ ម៉ឺននាក់។ ប្រហែលជា ២ ភាគ ៣ នៃបុគ្គលិករបស់ខ្លួន ឬច្រើនជាង ៨០,០០០ នាក់បានកាត់បន្ថយម៉ោងធ្វើការរួចហើយ។
នាយកប្រតិបត្តិលោក Carsten Spohr បានសង្កត់ធ្ងន់កាលពីថ្ងៃអង្គារកន្លងមកនេះថា ក្រុមហ៊ុន Lufthansa ចង់ការពារ “សេរីភាពក្នុងការសំរេចចិត្ត និងសកម្មភាពសហគ្រិន របស់ខ្លួន ។
លោកបានប្រាប់ម្ចាស់ភាគហ៊ុនតាមរយៈសន្និសីទកាសែតថា “ឥឡូវនេះយើងត្រូវការការគាំទ្រពីរដ្ឋាភិបាល ប៉ុន្តែយើងមិនត្រូវការការគ្រប់គ្រងរបស់រដ្ឋាភិបាលទេ”។

លោក Daniel Roeska អ្នកវិភាគស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុន Bernstein បាននិយាយថា ការបន្ថែម“សមាសធាតុនយោបាយ” ក្នុងក្រុមប្រឹក្សារបស់ក្រុមហ៊ុន Lufthansa នឹងធ្វើឱ្យអ្វីៗកាន់តែពិបាកថែមទៀត ពីព្រោះប្រវត្តិសាស្ត្របានបង្ហាញថា ការសម្រេចចិត្តរបស់ខ្លួនគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដើម្បីរួចផុតពីវិបត្តិ។
លោកបានបន្ថែមថា “ការព្រួយបារម្ភតែធំគឺថាតើឥទ្ធិពលរបស់រដ្ឋាភិបាលនឹងមានរយៈពេលប៉ុន្មាន។ យើងសង្ឃឹមថា អ្នកវិនិយោគក៏នឹងមានឱកាសចូលរួមក្នុងការតម្លើងភាគហ៊ុនដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះក្រុមហ៊ុននេះ”៕






