ក្រុមហ៊ុនសឹង្ហបុរីគ្រោងចូលរួមវិនិយោគលើការកែច្នៃសំរាម និងការធ្វើប្រព័ន្ធចម្រោះទឹកស្អាតនៅខេត្តកំពត

ចែករំលែក

ដោយវុត្ថា

កំពត៖ ក្រុមហ៊ុន ហ្គាអៀ  ដែលជាក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងកំពតគ្រោងសហការជាមួយក្រុមហ៊ុនមកពីប្រទេសសឹង្ហបុរីក្នុងការកែច្នៃសំរាមទៅជាថាមពលអគ្គិសនី និងការធ្វើប្រព័ន្ធចម្រោះទឹកស្អាត ខណៈបច្ចុប្បន្នកំពុងរង់ចាំការដេញថ្លៃ និងមានកិច្ចសន្យាច្បាស់លាស់ជាមួយរដ្ឋបាលខេត្ត ដើម្បីអនុវត្តការងារនាពេលខាងមុខ។

នេះ បើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និង អគ្គនាយកក្រុមហ៊ុន ហ្គាអៀ នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២០ នេះ ដើម្បីពិភាក្សាពីគម្រោងទាំងពីរនេះ ឱ្យបានលម្អិតមុនប្រតិបត្តិការនាពេលខាងមុខនេះ។ 

លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានសំដែងបានគាំទ្រគម្រោងរបស់ក្រុមហ៊ុនដែលបានក្នុងការកែច្នៃសំរាម និងការធ្វើប្រព័ន្ធចម្រោះទឹកស្អាតនៅក្នុងខេត្ត ព្រមទាំងស្នើឲ្យក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការប្រមូលសំរាម និងដឹកជញ្ជូនសំរាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយត្រូវផ្តល់នូវមធ្យោបាយបន្ថែមសម្រាប់ការដឹកជញ្ជូនសំរាម។

ក្រុមហ៊ុនសឹង្ហបុរីកាលពីន្លងមកនេះ បានដាក់ផែនការរបស់ខ្លួននៅក្នុងការវិនិយោគលើការកែច្នៃសំរាមធ្វើជាថាមពលអគ្គិសនី ព្រមទាំងការវិនិយោគលើថាមពលសូឡា និង ការចម្រោះទឹកកខ្វក់នៅក្នុងខេត្តកំពត ព្រោះខេត្តនេះគឺជាខេត្តមួយកំពុងអភិវឌ្ឍន៍ ដែលត្រូវការចាំបាច់ ការចូលរួមវិនិយោគរបស់ក្រុមហ៊ុននានាបន្ថែមទៀត ជាពិសេសការវិនិយោគបំលែងសំរាមជាថាមពលអគ្គិសនី គឺជាការចូលរួមសំអាតអនាម័យបរិស្ថានក្នុងខេត្តផងដែរ។

បច្ចប្បន្នបញ្ហាសំរាមជាកត្តាចម្បងដែលរដ្ឋាភិបាលត្រូវដោះស្រាយ ស្របពេលកំណើនប្រជាពលរដ្ឋមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកការប្រើប្រាស់ថាមពលអគ្គិសនីក៏មានការកើនឡើង ដែលជាហេតុធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីមានការខ្វះខាតទើបរដ្ឋាភិបាលកម្ពុជាគិតគូរពីការផ្គត់ផ្គង់បន្ថែមក៏ដូចជាស្វែងរកវិធីសាស្រ្តដែលអាចជួយដល់បរិស្ថានផងដែរ៕


ចែករំលែក