លោកឧបនាយកដ្ឋមន្ត្រី ជា សុផារ៉ា ៖ ការស្ថាបនាផ្លូវទំាង ៣៤ ខ្សែនៅខេត្តព្រះសីហនុ ចាប់ផ្តើមដាក់ខឿន និងកម្រាលចិញ្ចើមផ្លូវ

ចែករំលែក

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ លោកឧបនាយកដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការស្ថាបនាផ្លូវទំាង ៣៤ ខ្សែនៅខេត្តព្រះសីហនុបានចាប់ផ្តើមដល់ដំណាក់កាលដាក់ខឿន និងកម្រាលចិញ្ចើមផ្លូវ បន្ទាប់ពីលោកបានស្នើដល់ក្រុមហ៊ុនធ្វើការសាងសង់ទាំងថៃ្ង ទាំងយប់ ដើម្បីឱ្យសម្រេចតាមផែនការដើម្បីទទួលអ្នកវិនិយោគ និងទេសចរណ៍មកដល់ក្នុងពេលឆាប់ៗនេះ។

លោកឧបនាយកដ្ឋមន្ត្រី ជា សុផារ៉ា បានសរសេរនៅក្នុងទំព័រ Facebook ផ្លូវការនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០ នេះថា “ខ្ញុំសូមជម្រាបជូនអំពីវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវនៅខេត្តព្រះសីហនុ ដែលចាប់ផ្តើមដាក់ខឿន(curb) និងកម្រាលចិញ្ចើមផ្លូវ (sidewalk) ដែលធើ្វពីថ្មក្រានីត”។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឱ្យដឹងថា ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែនៅក្នុងខេត្តព្រះសីហនុ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណជិត ៧០ ភាគរយហើយ ។ លោកបន្តថា សកម្មភាពនៃការស្ថាបនាផ្លូវទាំងនេះ នៅតែដំណើរការធម្មតា និងឈានទៅរកសម្រេចតាមផែនការ។

លោកឧបនាយករដ្ឋមន្ត្រីកាលពីកន្លងមកមកនេះបាន ស្នើដល់ក្រុមហ៊ុនធ្វើការស្ថាបនាទាំងថៃ្ង ទាំងយប់ ដើម្បីឱ្យសម្រេចផែនការមុនរដូវភ្លៀងមកដល់អោយបានជាមូលដ្ឋាន ត្រៀមខ្លួនទទួលអ្នកវិនិយោគ និងទេសចរណ៍មកដល់ក្នុងពេលឆាប់ៗនេះ តាមការលើកឡើងរបស់សម្តេចតេជោ”។

ផ្លូវទាំង៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុវត្តដោយក្រុមហ៊ុនឯកជនចំនួន៦និងកងវិស្វកម្មចំនួន២ គឺកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប និងកងវិស្វកម្មលេខ១៧៨ស្ពានថ្នល់នៃក្រសួងការពារជាតិ៕


ចែករំលែក