ស្ថានីយ៍ក្រោមដីធំជាងគេនៅអាស៊ី តម្លៃជិត ៣០០០លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០នេះ

ចែករំលែក

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ គម្រោងស្ថាបនាស្ថានីយ៍ក្រោមដីធំជាងគេនៅតំបន់អាស៊ីដែលមានឈ្មោះថា The Bandra Kurla Complex (BKC) នៅប្រទេសឥណ្ឌា គ្រោងនឹងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ ២០២០នេះ។

ស្ថានីយ៍ក្រោមដីនៅប្រទេសឥណ្ឌា ទីក្រុង Mumbai បានក្លាយជា «ស្ថានីយ៍ក្រោមដីដ៏ធំជាងប្រចាំតំបន់អាស៊ី» ។ ស្ថានីយ៍នេះគឺជាប្រព័ន្ធឆ្លងកាត់លឿនជាងគេ ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណជា ២.៩ពាន់លានដុល្លារ ស្ថិតនៅកណ្តាលទីក្រុង Mumbai ដែលជាទីប្រជុំជន និងបម្រើដល់ប្រជាពលរដ្ឋសាធារណៈយ៉ាងច្រើន។

ស្ថានីយ៍ក្រោមដីមានទីតាំងស្ថិតនៅលើផ្នែកនៃខ្សែរថភ្លើង Colaba-Bandra-SEEPZ ដែលមានប្រវែង ៣៣.៥ គីឡូម៉ែត្រ (ជាខ្សែទី ៣) ដែលភ្ជាប់ទៅនឹងស្រុក Cuffe Parade នៅភាគខាងត្បូងបំផុតនៃទីក្រុង ទៅកាន់តំបន់កែច្នៃនាំចេញគ្រឿងអេឡិចត្រូនិក Santacruz។ នៅពេលបញ្ចប់ការសាងសង់ BKC នឹងដើរតួជាមជ្ឈមណ្ឌលសំខាន់បំផុតសម្រាប់អ្នកដំណើរដែលចង់ផ្លាស់ប្តូរទៅចំណតខ្សែទី ២ ហើយឆ្ពោះទៅកាន់ព្រលានយន្តហោះទីក្រុង Mumbai។

អ្វីដែលកាន់ពិសេសនោះ ស្ថានីយ៍នេះចំណាយរយៈពេលសាងសង់ត្រឹមតែ ១៤ ខែប៉ុណ្ណោះ ពោលគឺវាចាប់ផ្តើមកាលពីខែមេសា ឆ្នាំ ២០១៩ ហើយទាមទារការសាងសង់បញ្ចប់ត្រឹមឆ្នាំ ២០២០នេះឱ្យបាន។ ម្ចាស់គម្រោងនេះគឺជាក្រុមហ៊ុន Mumbai Metro Rail Corporation Ltd (MMRC) ដែលជាក្រុមហ៊ុនសាងសង់រថភ្លើងក្រោមដីនៅប្រទេសឥណ្ឌា។

ក្រុមហ៊ុនព្យាករណ៍ថា ស្ថានីយ៍ក្រោមដីនេះអាចទទួលអ្នកដំណើរបានប្រមាណជា ១ លាននាក់ ហើយវាក៏នឹងអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងដែលមានប្រជាជនច្រើនមួយនេះផងដែរ៕
Construction Review


ចែករំលែក