ដោយ ៖ វុត្ថា
ភ្នំពេញ ៖ បច្ចុប្បន្ន ការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខុមាលភាព និងស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនស្ទើរទូទាំងពិភពលោក។ ទន្ទឹមនេះ បទល្មើសផ្នែកហិរញ្ញវត្ថុក៏មានការកើនឡើងផងដែរ ដូចជា៖ បទល្មើសឆបោក បច្ចេកវិទ្យា ជួញដូរមនុស្ស និងបោកបន្លំមូលនិធិរដ្ឋាភិបាល ឬជំនួយហិរញ្ញវត្ថុអន្តរជាតិជាដើម។

នេះ គឺជាការលើកឡើងរបស់ធនាគារជាតិនៃកម្ពុជានៅរសៀលថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២០នេះ និងអំពាវនាវឱ្យស្ថានប័នពាក់ព័ន្ធនានារាយការណ៍ និងយកចិត្តទុកដាក់ទប់ស្កាត់ឱ្យបានខ្ពស់នៅក្នុងអំឡុងនៃវិបត្តិជំងឺ Covid-19 នេះ ។
ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពនេះ ក្រុមការងារហិរញ្ញវត្ថុ (FATF) បានរៀបចំឯកសារគោលនយោបាយមួយ ស្តីពីបញ្ហាប្រឈម និងគោលនយោបាយឆ្លើយតបប្រឆាំងនឹងហានិភ័យនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មថ្មីៗ ក្នុងអំឡុងពេលដែលជំងឺ Covid-19 កំពុងរីករាលដាលនៅតាមបណ្តាប្រទេសនានាក្នុងពិភពលោក។
ធនាគារជាតិបន្ថែមថា អាស្រ័យហេតុនេះ អង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក) សូមលើកទឹកចិត្តបុគ្គលរាយការណ៍ទាំងអស់ឱ្យធ្វើការតាមដាន ដោយយកចិត្តទុកដាក់នូវហានិភ័យការសម្អាតប្រាក់ និងហិរញ្ញប្បទាន-ភេរវកម្ម និងចាត់វិធានការឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម កម្ពុជាបាននឹងកំពុងពិនិត្យ កែសម្រួលដោយក្រសួងមហាផ្ទៃ នឹងបានត្រូវបញ្ជូនទៅសុំការអនុម័តពីគណៈរដ្ឋមន្ត្រី។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការវិវត្តន៍សង្គមផង និងដើម្បីធ្វើឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ផង។
សម្តេចបន្ថែមថា ភាពខ្វះខាតនៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម កម្ពុជាត្រូវបានគេចាត់ចូលជាប្រទេសស្ថិតក្នុងបញ្ជីប្រផេះ ជាប្រទេសមានហានីភ័យខ្ពស់ ធ្វើឱ្យអ្នកវិនិយោគមានការរារែក និងអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។ ប្រសិនបើកម្ពុជានៅតែបន្តភាពខ្វះខាតច្បាប់នេះទៀត នោះនឹងអាចប្រឈមចុះក្នុងបញ្ជីខ្មៅ ។
ទីភ្នាក់ងារសារព័ត៌មាន Reuter កាលពីពេលថ្មីៗ នេះបានចុះផ្សាយថា ប្រទេសសកម្ពុជាត្រូវបានស្នើដាក់បញ្ចូលទៅក្នុងបញ្ជីនៃបណ្ដាប្រទេសដែលសហភាពអឺរ៉ុបត្រូវបង្កើនការត្រួតពិនិត្យលើការលាងលុយកខ្វក់ ។
សារព័ត៌មាននេះបានផ្សាយថា ប្រទេសកម្ពុជាគឺជាប្រទេសនៅក្នុងចំណោមប្រទេស ១១ផ្សេងទៀតនៅទូទាំងពិភពលោក ដែលត្រូវបានស្នើដាក់បញ្ចូលទៅក្នុងបញ្ជីនៃប្រទេស «ដែលបង្កការគំរាមកំហែងខ្លាំងទៅដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប» ដោយសារបរាជ័យក្នុងការលុបបំបាត់ការលាងលុយកខ្វក់៕







