រដ្ឋមន្ត្រីការបរទេសចិន៖ មិត្តភាពចិន -កម្ពុជា គឺជាមិត្តភាពដែលមិនអាចបំបែកបាន

ចែករំលែក

ដោយ ៖ វុត្ថា

ប៉េកាំង ៖ លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនបានអះអាងថា មិត្តភាពចិន – កម្ពុជា គឺជាមិត្តភាពដែលមិនអាចបំបែកបាន និងបានទប់ទល់ទៅនឹងការសាកល្បងនៃការផ្លាស់ប្តូរអន្តរជាតិ ហើយវាអាចត្រូវបានគេហៅថាជាគំរូនៃការផ្លាស់ប្តូររវាងប្រទេស និងរដ្ឋ។

ការអះអាងរបស់លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនធ្វើឡើងកាលពីល្ងាថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ នៅក្នុងព្រះរាជសវនការដ៏វិសេសវិសាលជាមួយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោក Wang Yi ថ្លែងថា ព្រះករុណា ព្រះមហាក្សត្រ បានទទួលមរតកជាប្រពៃណីដ៏មានតម្លៃនៃសម្តេចព្រះ នរោត្តម សីហនុ ជាមួយប្រទេសចិន និងបានចូលរួមចំណែកយ៉ាងសំខាន់ៗ ក្នុងការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា – ចិន ឲ្យកាន់តែមានភាពល្អប្រសើរ។ ដោយឈរលើមូលដ្ឋាននៃការបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការកសាងសហគមន៍នៃវាសនារួមគ្នា និងឈានទៅរកយុគសម័យថ្មីនៃការអភិវឌ្ឍន៍រួម និងវិបុលភាពរួមគ្នារវាងចិននិងកម្ពុជា។

លោក Wang Yi បន្ថែមថា ភាគីចិនមានសេចក្តីរីករាយដោយឃើញថាក្រោមម្លប់បារមីរបស់ ព្រះករុណា ព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសកម្ពុជាក៏មានការជឿនលឿនទៅមុខគួរឱ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

លោក Wang Yi ជឿជាក់ថាប្រជាជនកម្ពុជានឹងជៀសផុតពីការរីករាលដាលនៃជំងឺនេះ។ ទន្ទឹមនឹងនេះទាំងចិន និងកម្ពុជា នៅតែប្រឈមនឹងហានិភ័យនិងបញ្ហាប្រឈមនៃការងើបឡើងវិញនៃជំងឺនេះ ចំពោះប្រជាជនក្នុងស្រុក និងការនាំចូលពីខាងក្រៅ។ ភាគីទាំងពីរគួរតែពង្រឹងថែមទៀតនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការការពារ និងគ្រប់គ្រង ហើយស្ដារឡើងវិញនូវជីវិតសេដ្ឋកិច្ច និងសង្គម ក្នុងខណៈពេលដែលប្រកាន់ខ្ជាប់នូវការការពារនិងការត្រួតពិនិត្យ ចំពោះការរីករាលដាលនៃជំងឺ COVID-19 ។

ខណៈពេលដែលព្រះករុណា ព្រះមហាក្សត្រ ទ្រង់គង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ព្រះអង្គបានសព្វព្រះរាជហឫទ័យបង្ហូតទង់ព្រះមហាក្សត្រត្រឹមពាក់កណ្តាលដង នៅមុខព្រះរាជដំណាក់ ដើម្បីកាន់ទុក្ខដល់អ្នកស្លាប់ដោយសារជំងឺ COVID-19។ ចំណែកឯ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនានៅព្រះបរមរាជវាំងនៃប្រទេសកម្ពុជា ដើម្បីបួងសួងដល់ប្រជាជនចិន។ ដំណើរទស្សនកិច្ចរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ទៅកាន់ប្រទេសចិនក៏បានសម្តែងការគាំទ្រយ៉ាងខ្លាំង។ ភាគីចិន និងចងចាំជានិច្ចនូវចំណុចនេះ។

ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានការសួរសុខទុក្ខយ៉ាងកក់ក្តៅជូនចំពោះលោកប្រធានាធិបតី Xi JinPing និងលោកជំទាវ ។ ព្រះអង្គ ស្តេចមានព្រះរាជឱង្ការថា ខ្ញុំនឹងបន្តទៅមុខតាមផ្លូវចំណងមិត្តភាពកម្ពុជា – ចិន ដែលបានកសាងដោយសម្តេចព្រះ នរោត្តម សីហនុ និងថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសចិន បន្តមរតក និងអភិវឌ្ឍមិត្តភាពរវាងប្រទេសទាំងពីរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ។

ព្រះករុណាមានព្រះរាជបន្ទូលថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថាទំនាក់ទំនងកម្ពុជា – ចិន នឹងត្រូវបានពង្រឹងបន្ថែមទៀត ហើយមិត្តភាពប្រជាជននឹងបន្តកាន់តែស៊ីជម្រៅថែមទៀតផងដែរ”។
ព្រះករុណា ព្រះមហាក្សត្រ បានអបអរសាទរប្រទេសចិន ចំពោះសមិទ្ធិផលសំខាន់ៗដែលសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ COVID-19 ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកប្រធានាធិបតី Xi JinPing និងបានវាយតម្លៃខ្ពស់ចំពោះទស្សនវិជ្ជាអភិបាលកិច្ចដែលផ្តោតលើប្រជាជនរបស់ប្រទេសចិន និងបានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ ភាគីកម្ពុជា មានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរបទពិសោធន៍នៃការការពារការឆ្លងរាលដាលជាមួយប្រទេសចិន និងការពារសុវត្ថិភាពដល់ជីវិតប្រជាជន៕


ចែករំលែក