ក្រុមហ៊ុន HYUNDAI កំពុងសិក្សាបច្ចេកទេសដំណាំស្វាយនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារកូរ៉េ

ចែករំលែក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តំណាងក្រុមហ៊ុនដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង HYUNDAI បានដឹកនាំគណៈប្រតិភូចុះធ្វើទស្សនកិច្ច និងផ្លាស់ប្ដូរយោបល់សិក្សាទៅលើបច្ចេកទេស និងរកមធ្យោបាយក្នុងការកែច្នៃ និងបង្កើនសង្វាក់ផលិតកម្មវេចខ្ចប់ផ្លែស្វាយកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារកូរ៉េឱ្យកាន់តែច្រើនបន្ថែមទៀតស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងថា កាលពីសុក្រទី៨ ខែឧសភា ឆ្នាំ២០២០ ក្រុមគណៈប្រតិភូកម្ពុជា រួមជាមួយនឹងគណៈប្រតិភូតំណាងក្រុមហ៊ុន HYUNDAI បានចុះពិនិត្យ និងធ្វើទស្សនកិច្ចលើសង្វាក់ផលិតកម្មក្នុងការរៀបចំ និងវេចខ្ចប់ផ្លែស្វាយកម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េ។

លោកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា “ខ្ញុំផ្ទាល់បានដឹកនាំគណប្រតិភូកម្ពុជាយើង និងលោក LEE CHANGHOON តំណាងក្រុមហ៊ុន HYUNDAIដឹកនាំគណៈប្រតិភូកូរ៉េ ដេីម្បីផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។ ជាដំបូងចូលមេីលខ្សែសង្វាក់ផលិតកម្មលាងសំអាតវេចខ្ចប់ផ្លែស្វាយ របស់ក្រុមហ៊ុន HYUNDAI សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិជាពិសេសប្រទេសកូរ៉េខាងត្បូង”។

លោកឧកញ៉ាបានបន្តទៀតថា “បន្ទាប់មកគណប្រតិភូបាននាំគ្នាចុះទៅពិនិត្យមេីលផ្នែកខ្លះនៅក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះព្រះសីហនុ។ ក្រោយពីបានបំពេញទស្សនកិច្ចសិក្សារួចហេីយភាគីទាំងពីរ និងបន្តកិច្ចពិភាក្សាជាបន្តបន្ទាប់ទៀត ដេីម្បីរិះរកមធ្យោបាយនាំចេញកសិផលរបស់ព្រះរាជាណាចក្រកម្ពុជាយើងទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រេីន” ។

ក្រុមហ៊ុន Hyundai Corporation គឺជាក្រុមហ៊ុនពហុផលិតផលរបស់ប្រទេសកូរ៉េខាងត្បូង បានសហការជាក្រុមហ៊ុនដាំស្វាយនៅក្នុងស្រុកដ៏ធំ Mao Legacy Co Ltd ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៦ ដើម្បីបង្កើនសក្តានុពលផលិត និងកែច្នៃរួមគ្នាលើផ្ទៃដីចម្ការស្វាយប្រហែល ២៤០០ ហិកតានៅខេត្តកំពង់ស្ពឺ។ តាមរយៈក្រុមហ៊ុនដ៏ធំហ៊ីយុនដាយ កម្ពុជាបានធ្វើការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីពាក់កណ្តាលខែមករាឆ្នាំ ២០២០ បន្ទាប់ពីអាជ្ញាធរកូរ៉េទទួលស្គាល់គុណភាពស្តង់ដាអនាម័យ។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ត្រឹមរយៈពេល២ខែកាលពីដើមឆ្នាំ២០២០ កម្ពុជាបាននាំចេញស្វាយស្រស់ចំនួន ១៦ ៨៦៨ តោនទៅកាន់ទីផ្សារអន្តរជាតិ រួមមានប្រទេសថៃ វៀតណាម បារាំង រុស្ស៊ី កូរ៉េខាងត្បូង និងហុងកុង៕


ចែករំលែក