អ្នកស្រាវជ្រាវ​ស្នើឱ្យ​រដ្ឋាភិបាល​ត្រៀម​បង្កើន​កញ្ចប់​ថវិកា​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​ទៅកាន់​ពិភពលោក

0

ដោយ​ វុត្ថា

ភ្នំពេញៈ អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានស្នើ​ដល់​ក្រសួងទេសចរណ៍​ត្រៀម​កញ្ចប់​ថវិកា ដើម្បី​ត្រៀម​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ទៅកាន់​ពិភពលោក​នៅពេលដែល​វិបត្តិ​កូ​វីដ១៩បញ្ចប់ ខណៈដែល​ទេសចរណ៍​កម្ពុជា ក៏ដូចជា​ពិភពលោក​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩នេះ។

លោក​ហេង សុ​ភី មន្ត្រី​ស្រាវជ្រាវ​វិទ្យាស្ថាន​មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ​ឯកសារ​សេដ្ឋកិច្ច និង​ទេសចរណ៍​កម្ពុជា​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ១៩ ដែល​ចេញផ្សាយ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២០កន្លងមក​បានឱ្យដឹង​ថា ប្រសិនបើ​ស្ថានភាព​វិបត្តិ​នេះ នៅ​បន្ត​រយៈពេល​យូរ​តទៅទៀត ក្រសួងទេសចរណ៍​កម្ពុជា គួរតែ​ស្នើ​ទៅ​អង្គការ​ទេសចរណ៍​ពិភពលោក ដើម្បី​រក​ចំណុច​រួមមួយ​ក្នុងការ​សម្រាល​និង​ស្រោចស្រង់​ដល់​វិស័យនេះ ដូចជា ការចេញ​បណ្ណ​ធ្វើដំណើរ​ដល់​ពលរដ្ឋ​ណា ដែល​គ្មាន​ជំងឺ​កូ​វីដ១៩អាចធ្វើ​ដំណើរ​ទូទាំង​ពិភពលោក​បាន។

លោក​តុ​ប សុភ័ក​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​កម្ពុជា បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី១១ ខែឧសភា​នេះដែរ​ថា ផែនការ​របស់​ក្រសួង​គឺមាន​កញ្ចប់​ថវិកា ក្នុងការ​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍ នៅក្នុង​ប្រទេស​ទាំង​ក្របខណ្ឌ​ក្នុង​និង​ក្រៅប្រទេស តាមរយៈ​បណ្តាញសារព័ត៌មាន​នានា ជាពិសេស​នៅ CNN និង​អន​ឡាញ​ជាដើម  និង​ចុះទៅ​ផ្ទាល់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​មកលេង​កម្ពុជា ដូច​ទៅនឹង​ឆ្នាំ​កន្លងមកនេះ។

លោក​បន្តថា បន្ទាប់​កំពុង​រង​វិបត្តិ​ពី​ជំងឺ​កូ​វីដ១៩ បានធ្វើឱ្យ​សកម្មភាព​នៃ​ការចុះ​ផ្សព្វផ្សាយ​ដោយផ្ទាល់​ត្រូវបាន​ផ្អាក ដោយសារ​បារម្ភ​ពី​ការឆ្លង​នូវ​ជំងឺ​កូ​វីដ១៩ និង​ដោយសារ​តាម​ការអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​បន្ថយ​ការចំណាយផ្សេងៗ ក្នុងអំឡុង​នៃ​ការផ្ទុះ​នូវ​ជំងឺ​កូ​វីដ១៩នាពេលនេះ។

យ៉ាងណាក៏ដោយ​លោក​អះអាងថា សកម្មភាព​នៃ​ការផ្សព្វផ្សាយ និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស និង​ដៃគូ​នានា​កម្ពុជា​នៅតែ​ធ្វើ​ធម្មតា តាមរយៈ Video Conference ដោយ​ខុសពី​ឆ្នាំ​កន្លងមកនេះ។

លោក​បន្តថា “យើង​មិនទាន់​ប៉ាន់​ស្មានថា​ជំងឺ​កូ​វីដ​នេះ នឹងត្រូវ​បញ្ចប់​នៅពេលណា​ដែរ អញ្ចឹង​ខ្ញុំ​មិនទាន់​ហ៊ាន​ថា​យ៉ាងម៉េច ចំពោះ​ការចុះ​ផ្សព្វផ្សាយ​ដោយផ្ទាល់​អំពី​ផលិតផល​ទេសចរណ៍​របស់​យើង​នៅក្រៅ​ប្រទេស​នោះទេ” ។

ក្រសួងទេសចរណ៍​បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា សូម​យក​ឱកាស​នេះ​កែលម្អ​គុណភាព​ឱ្យ​ប្រសើរឡើង ដោយមាន​ចក្ខុវិស័យ​សុទិដ្ឋិនិយម​ថា វិស័យ​ទេសចរណ៍​កម្ពុជា នឹង​វិលត្រឡប់​ទៅរក​ភាពប្រសើរ​ឡើងវិញ ក្រោយ​វិបត្តិ​នៃ​ការរីក​រាលដាល​ជាស​កល នៃ​វីរុស​កូ​វីដ១៩ ស្របតាម​យុទ្ធនាការ «Stay Home Today, Travel Tomorrow» ។

របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ថា វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩បានធ្វើឱ្យ​អាជីវកម្ម​ទេសចរណ៍​ទាំងឡាយ នៅ​ទូទាំងប្រទេស​កម្ពុជា ត្រូវបាន​ផ្អាក​ដំណើរការ និង​បិទ​បញ្ចប់​អាជីវកម្ម​ចំនួន​សរុប២,៨៦៥ទីតាំង និង​បានធ្វើឱ្យ​ប៉ះពាល់​ការងារ​របស់​បុគ្គលិក​ចំនួន៤៦,៣៦៩នាក់។ ចំណែកឯ​មគ្គុទ្ទេសក៍​ទេសចរណ៍ ដែល​បាន​ព្យួរ​អាជ្ញា​បណ្ណ​ទេសចរណ៍​មាន​ចំនួន​សរុប៩៦នាក់។

របាយការណ៍​ពី​អង្គការ​ទេសចរណ៍​ពិភពលោក​បានបង្ហាញ​ថា នា​អំឡុង​ឆ្នាំ២០២០នេះ​ភ្ញៀវទេសចរ ទូទាំង​ពិភពលោក​នឹងមាន​ការធ្លាក់ចុះ​ពី២០% ទៅ៣០% ពោលគឺ​ធ្លាក់ចុះ​ពី​កំណើន ដែល​បាន​ប៉ាន់ស្មាន ពី៣% ទៅ៤% នា​ដើមខែ​មករា​ឆ្នាំ២០២០ ។ នេះ​បណ្តាលឱ្យ​ខាតបង់​ពី៣០ ទៅ៥០ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងការ​ចំណាយ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ។

វិបត្តិ​នេះ បើ​ធៀប​នឹង​ផលប៉ះពាល់ នៃ​ការវាយប្រហារ​អគារ​ពាណិជ្ជកម្ម សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ២០០១ ការផ្ទុះ​ឡើង​នៃ​ជំងឺ​សារ៍​កាលពី​ឆ្នាំ២០០៣ និង​វិបត្តិ​សេដ្ឋកិច្ច​សាកល​ឆ្នាំ២០០៩ វិបត្តិ​លើក​នេះ​គឺ​ធំ​ជាង ព្រមទាំង​មិនទាន់​អាច​ប៉ាន់ស្មាន​នៅពេលណា ដែល​នឹងត្រូវ​បញ្ចប់​នៅឡើយ​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here