គណៈរដ្ឋមន្ត្រីអនុម័ត“សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម”

ចែករំលែក

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង ដោយគ្មានការកែប្រែលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះថា សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានរៀបចំឡើងដោយផ្អែកលើច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០០៧ និងច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៣ជាគោល ព្រមទាំងបញ្ចូលយុទ្ធសាស្ត្រជាតិស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣ និងអនុសាសន៍តាមស្ដង់ដារឆ្នាំ២០១២ របស់ FATF ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

លោកបន្តថា គោលបំណងច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ វិសាលភាពច្បាប់នេះមានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្ដីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering-APG) កាលពីខែមិថុនា ឆ្នាំ២០០៤ ប្រទេសកម្ពុជាបានរៀបចំក្របខណ្ឌគតិយុត្ត ដោយបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០០៧ និងបានបង្កើតយន្តការអនុវត្តច្បាប់ដូចជា៖ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាជាដើម។

ក្នុងឆ្នាំ២០០៧ នោះដែរ APG បានចុះមកវាយតម្លៃ និងបានពិនិត្យឃើញថាក្របខណ្ឌគតិយុត្តរបស់យើងនៅមានចំណុចខ្វះខាត មិនទាន់ស្របតាមស្ដង់ដារ និងការវិវត្តថ្មីៗពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលតម្រូវឱ្យរៀបចំគតិយុត្ត និងស្ថាប័ន។ បន្ទាប់មកនៅក្នុងឆ្នាំ២០១១ ក្រុមការងារហិរញ្ញវត្ថុ FATF បានបញ្ចូលកម្ពុជាយើងទៅក្នុងបញ្ជីប្រផេះជាលើកទី១ ហើយតម្រូវឱ្យយើងធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

វិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ចំនួន៣មាត្រា ក្នុងនោះទី១ បំពេញបន្ថែមនិយមន័យនៅក្នុងមាត្រា៣ ដើម្បីឱ្យកាន់តែមានភាពច្បាស់លាស់ ស្របតាមសភាពការណ៍ថ្មី ទី២ បំពេញបន្ថែមមាត្រា២៩ ដើម្បីបន្ថែមការដាក់ទោស ពោលគឺបន្ថែមមាត្រាចំនួន៧ ថែមទៀត និងទី៣ បំពេញបន្ថែមមាត្រា៣០ ដែលបានបន្ថែមមាត្រាចំនួន៥ ដើម្បីចែងពីការបង្កក ការឃាត់ទុក និងការរឹបអូស។

ច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ ដោយបានដាក់ទោសបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការកំណត់អំពីយន្តការច្បាស់លាស់អំពីការបង្កក ការឃាត់ទុក និងការរឹបអូសផលនៃបទល្មើស។ បន្ទាប់ពីបានអនុម័តច្បាប់នេះ និងបំពេញការងារមួយចំនួនទៀតរួច FATF ក៏បានដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥។

ប្រទេសកម្ពុជាយើងបានទទួលរងការវាយតម្លៃអញ្ញមញ្ញម្ដងទៀតជាលើកទី២ នៅឆ្នាំ២០១៦ ដែល APG ពិនិត្យអំពីប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរបស់កម្ពុជា។ ដោយសារ FATF ប្ដូរស្ទង់ដាររបស់ខ្លួននៅឆ្នាំ២០១២ ហើយការវាយតម្លៃលើកនេះ គឺប្រើស្ដង់ដារថ្មីនេះ ការវាយតម្លៃបានពិនិត្យឃើញថា កម្ពុជាយើងនៅខ្វះខាតមូលដ្ឋានគតិយុត្តបន្ថែមទៀតជាច្រើន សម្រាប់ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក៏ដូចជាហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ភាពខ្វះចន្លោះជាយុទ្ធសាស្ត្រទាំងនេះក្លាយជាមូលហេតុដាក់ប្រទេសកម្ពុជាចូលទៅក្នុងបញ្ជីប្រផេះ ជាលើកទីពីរ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ជាលទ្ធផល FATF បានកំណត់ផែនការសកម្មភាពមួយដែលមាន ១៤ចំណុច។ ផែនការសកម្មភាពនេះ បានតម្រូវឱ្យកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីបន្ថែមនូវខ្លឹមសារសំខាន់ៗរួមមាន៖ ១. ការកំណត់ឱ្យបានច្បាស់លាស់នូវនិយមន័យនៃពាក្យបច្ចេកទេស ២. ការបញ្ជាក់បន្ថែមពីនីតិវិធីនៃការយកចិត្តទុកដាក់ស្គាល់អតិថិជន ៣. ការបង្កើនកម្រិតពិន័យជាសាច់ប្រាក់នៅក្នុងទណ្ឌកម្មខាងព្រហ្មទណ្ឌ ហើយត្រូវចូលជាធរមានឱ្យបានមុនខែកញ្ញា ឆ្នាំ២០២០៕


ចែករំលែក