តើ​ការបញ្ចុះ​បញ្ចូល​អតិថិជន​ឱ្យ​ទិញ​អចលនទ្រព្យ​មាន​វិធីសាស្ត្រ​អ្វីខ្លះ?

0

ដោយ ហ្សូ​លី

ភ្នំពេញៈ ការទិញ-លក់​អចលនទ្រព្យ​អាច​ដំណើរការ​ទៅមុខ​បាន ដោយសារ​មាន​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ល្អ កិរិយាមាយាទ​​​ទន់ភ្លន់ ចំណេះដឹង​អំពី​គម្រោង​អចលនទ្រព្យ និង​ព័ត៌មាន​ទូរ​ទៅ។

ក្នុងនោះ​ការនិយាយ​បញ្ចុះបញ្ចូល ទៅកាន់​អតិថិជន ពិត​ជាមាន​ឥទ្ធិពល​ជម្រុញ​ឱ្យ​ការលក់​នោះ​ទទួលបាន​ជោគជ័យ។ វិធីសាស្ត្រ​នៃ​ការបញ្ចុះ​បញ្ចូល​អតិថិជន ឱ្យមាន​ចិត្ត​ចង់​ទិញ​អចលនទ្រព្យ​ពី​អ្នក​មានដូចជា

១. ស្វែងយល់​ឱ្យ​ច្បាស់​ពី​ចំណេះដឹង​និង​ព័ត៌មាន​គម្រោង​អចលនទ្រព្យ

ចំណេះដឹង​គឺជា​កម្លាំង​ដ៏​អស្ចារ្យ ដែល​អាចឱ្យ​អ្នកលក់​បញ្ជូន​សារ ទៅកាន់​អ្នកទិញ ហើយ​នេះ ក៏​ជា​អន្ទាក់​សុច្ចរិត​មួយ ដែល​បណ្តាល​ចិត្ត​ឱ្យ​អតិថិជន​ជឿជាក់ មកលើ​អ្នកលក់​ដូចគ្នា។ ដូច្នេះ​មុននឹង​ធ្វើ​ការលក់​ប្រភេទ​អចលនវត្ថុ​ណាមួយ សូម​ហ្វឹកហាត់​និង​ស្រូបយក​ចំណេះដឹង​ឱ្យ​ច្រើន មិន​ថា​ជា​ព័ត៌មាន​អំពី​ទីតាំង​គម្រោង សក្តានុពល​គម្រោង​នៅ​ថ្ងៃ​អនាគត តែ​ក៏ត្រូវ​ដឹង​ពី​ស្ថានភាព​វិស័យ​អចលនទ្រព្យ​បច្ចុប្បន្ន ដោយ​អាន​ព័ត៌មាន​ឱ្យបាន​ច្រើន​ជាប្រចាំ។

ទោះបីជា​ការជួល ឬ​លក់​ក៏ដោយ អ្នកលក់​ត្រូវ​ប្រាកដថា ខ្លួន​មានការ​សិក្សា​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ។

យោងតាម​អ្នកជំនាញ​លក់​អចលនទ្រព្យ​ជាច្រើនរូប ធ្លាប់បាន​ឱ្យដឹង​ស្រដៀង​គ្នា​កាលពីពេល​កន្លងមក​ថា អ្នក​ដែល​ចូលមក​ប្រឡូក នៅក្នុង​វិស័យ​អចលនទ្រព្យ ដោយ​ផ្ដើមចេញពី​ការងារ​ជា ភ្នាក់ងារ​លក់ គឺមាន​ច្រើន​ហើយក៏​មាន​អ្នក បោះបង់​ឱកាស​ទៅវិញ​ក៏មាន​ច្រើន​ដែរ ដោយសារតែ​ភាពបរាជ័យ​លើ​ការលក់​របស់ខ្លួន ហើយ​មិនមាន​ការអត់ធ្មត់ និង​សិក្សា​បន្ថែម​ដើម្បី​អភិវឌ្ឍន៍​អាជីព។

២. យក​ភាពស្មោះត្រង់​ជា​អាទិភាព

យោងតាម​ទស្សនា​វ​ដ្តី​បរទេស​ដ៏​ល្បី Forbes បានឱ្យដឹងថា ភាពស្មោះត្រង់​គឺជា​ធាតុ​ផ្សំ ដ៏​មាន​សក្តានុពល​នៅក្នុង​ការលក់។ ដូចនេះ​សូម​ចំណាំ​ថា កាលណា​បើ​អ្នក​បញ្ចុះបញ្ចូល ដោយ​ប្រើប្រាស់​ផ្នត់គំនិត​ថា «ធ្វើយ៉ាងណា​ក៏បាន​ឱ្យតែ​លក់​ចេញ​បាន» នោះ​ដោយ​មិន​យក​ភាពស្មោះត្រង់​ជា​អាទិភាព ការលក់​របស់ លោក អ្នក​អាច​នឹង​ឈានទៅរក​បរាជ័យ។

ក្រៅពី​បរាជ័យ​នេះ អ្នកលក់​អាច​នឹង​ប្រឈម​នឹង​ការបាត់បង់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​ផងដែរ នាំឱ្យ​គ្មាន​អ្នកទិញ​នាពេល​អនាគត។ ទំនុកចិត្ត ភាពជឿជាក់ ប្រៀប​បីដូច​ជា​កញ្ចក់ កាលណា​ដែល​ប្រេះស្រាំ​ហើយ មិន​ងាយ​នឹង​បញ្ចុះបញ្ចូល​មកវិញ​បានឡើយ ព្រោះនេះ​ជា​សមាសធាតុ​យ៉ាងសំខាន់​ក្នុង​ការលក់។

៣. សិក្សា​ពី​តម្រូវការ​អតិថិជន

វិធីសាស្ត្រ​នេះ​ជា​រឿង​សំខាន់​មួយផ្នែក​ដែរ ដែល​អ្នកលក់​អចលនទ្រព្យ​ដាច់ខាត​មិនគួរ​មើលរំលង។ ឧទាហរណ៍ អ្នកលក់​មិនអាច​លក់​អចលនទ្រព្យ ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ ដោយ​មិនបាន​សួរ​អតិថិជន​ថា តើ​ពួកគេ​ចង់បាន​ប្រភេទ​ណា? នៅ​ទីតាំង​ណា? ខ្ទង់​តម្លៃ​ប៉ុន្មាន?នោះឡើយ។ ការប្រព្រឹត្ត​បែបនេះ​បញ្ជាក់ថា អ្នកលក់​រូបនោះ​មិនបាន​សិក្សា​ច្បាស់​ពី​តម្រូវការ​អតិ​ថ​ជន​ឡើយ។

ហេតុនេះ​ទើប​អ្នកជំនាញ​លក់​អចលនទ្រព្យ​បាន​បញ្ជាក់ថា ការដែល​អាច​ស្វែងរក​ទីផ្សារ​បាន ទាល់តែ​អ្នកលក់​ធ្លាប់មាន​បទពិសោធន៍ ធ្លាប់​ដឹង និង​ស្គា​ល់ពី​តម្រូវការ​ទីផ្សារ​រួមជាមួយ​នឹង​កិច្ចទំនាក់ទំនង​ល្អ ជាមួយ​បណ្តាញ​នៅក្នុង​វិស័យ​មួយ​នេះ។  វា​អាច​ពង្រីក​វិសាលភាព​នៃ​ទីផ្សារ​កាន់តែ​ទូលាយ ហើយ​ជួយ​ជំរុញ​ដល់​ការលក់​របស់​អ្នក​កាន់ តែមាន​ប្រសិទ្ធភាព​ខ្ពស់៕ Forbes

LEAVE A REPLY

Please enter your comment!
Please enter your name here