អភិបាលខេត្ត​បាត់ដំបង​ព្រមាន​អ្នកធ្វើអាជីវកម្ម​វិស័យ​អចលនទ្រព្យ​ត្រូវ​ពិនិត្យទីតាំង​ឱ្យ​ច្បាស់​មុន​វិនិយោគ

0

ដោយៈ រ៉ា​ណេ​ត

បាត់ដំបងៈ លោក​អភិបាលខេត្ត​បាត់ដំបង លោក​ងួន រតនៈ​បានធ្វើការ​ដាស់តឿន និង​ព្រមាន​ទៅដល់​អ្នកធ្វើអាជីវកម្ម ក្នុង​វិស័យ​អចលនទ្រព្យ​គ្រប់​រូបភាព ត្រូវតែ​សិក្សា​លម្អិត​ទៅលើ​ទីតាំង​ឱ្យបាន​ច្បាស់លាស់​មុន​វិនិយោគ និង​អភិវឌ្ឍន៍​ជៀសវាង​អនុវត្តន៍​ប្រាស់ចាក​ពី​ច្បាប់​ដែនដី។


ជាមួយនឹង​ការទទួលបាន​កំណើន​ទុនវិនិយោគ នៅក្នុង​វិស័យ​សំណង់​ទូទាំង​ខេត្ត លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា ការធ្វើ​អាជីវកម្ម និង​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​អចលនទ្រព្យ ក្នុង​ខេត្ត​កាលពីពេល​កន្លងទៅ មាន​គម្រោង​មួយចំនួន​បាន​អនុវត្ត​បំពាន​លើ​ច្បាប់​ដែនដី ដូចជា ការចាក់ដី​លុប​ស្ទឹង លុប​ប្រឡាយ​របស់​រដ្ឋ​ជាដើម ដើម្បី​ទទួលបាន​ផលប្រយោជន៍​ខ្ពស់ ដែល​សកម្មភាព​នេះ​ត្រូវតែ​ជៀសវាង​ជាដាច់ខាត។

លោក​បញ្ជាក់ថា “អ្នកធ្វើអាជីវកម្ម​វិស័យ​អចលនទ្រព្យ មុននឹង​ចង់​វិនិយោគ​លើ​អាជីវកម្ម​របស់ខ្លួន ត្រូវ​សិក្សា​ស្វែងយល់​ពី​តំបន់នីមួយៗឱ្យបាន​ច្បាស់លាស់ មុននឹង​ដាក់ទុន​វិនិយោគ ជៀសវាង​មាន​ផលប៉ះពាល់” ។ លោក​បន្តថា “អាជ្ញាធរខេត្ត នឹង​ផ្ដល់​លទ្ធភាព លើកទឹកចិត្ត ឱ្យមាន​ការវិនិយោគ​ផ្នែក​អចលនា​ទ្រព្យ​ក្នុង​ខេត្ត តាមរយៈ​ការផ្ដល់​ឯកសារ​រដ្ឋបាល​ដោយមាន​គណនេយ្យភាព តម្លាភាព លឿន​រហ័ស ប៉ុន្តែ​ខាង​ម្ចាស់​អាជីវកម្ម ក៏ត្រូវ​សិក្សា​ពី​ប្រព័ន្ធ​លូ បណ្ដាញ​អគ្គិសនី ទឹក និង​ផ្លូវ​ជាដើម ដោយ​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាម​កិច្ចសន្យា និង​ផ្នែក​ច្បាប់” ។

ចាប់តាំងពី​ឆ្នាំ២០១២ រហូត​ដើមឆ្នាំ២០២០កន្លងទៅ វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ទូទាំង​ខេត្តបាត់ដំបង ការរៀប​ចំពុះ​ដី​ឡូ​តិ៍ សំណង់​បុរី​លំនៅដ្ឋាន រោងចក្រ​សហគ្រាស​ជាដើម មាន​សរុប​រហូតដល់ ៨៣៩គម្រោង ស្មើនឹង​ប្រមាណ ៣២៥,៣១៨ម៉ែត្រការ៉េ ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន ៧៦,១៨៤,៤១០ដុល្លារ ដែលជា​ទិន្នន័យ​បង្ហាញ​ពី​ភាព​រីកចម្រើន​នៅក្នុង​វិស័យ​មួយ​នេះ។

ជាមួយនឹង​ការទទួលបាន​កំណើន​ទុនវិនិយោគ ក្នុង​វិស័យ​សំណង់​នេះ លោក​ងួន រតនៈ ក៏បាន​ធ្វើការ​ព្រមាន​ទៅដល់​មន្ត្រី​ថ្នាក់មូលដ្ឋាន​ផងដែរ​ថា ដើម្បី​ជៀសវាង​មាន​បញ្ហា​ក្រោយ​ការអភិវឌ្ឍ​គម្រោង​នានា គ្រប់​មេឃុំ/ចៅសង្កាត់ ទាំងអស់ មុននឹង​អនុញ្ញាត​ធ្វើ​អ្វីមួយ ត្រូវ​សិក្សា​ពី​ច្បាប់​ជាមុនសិន មិនត្រូវ​ប្រើ​ច្បាប់​ស្វ័យភាព​របស់ខ្លួន ដោយ​មិនបាន​មើលមុខមើលក្រោយ នៃ​ច្បាប់​ឱ្យបាន​ច្បាស់លាស់ ធ្វើ​អ្វី​ដោយ​ចិត្ត​ឯង បើ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ធ្វើបែបនេះ គឺអាច​រំសាយ​ចោល ហើយ​រៀបចំ​ឡើងវិញ។

ទោះ​រដ្ឋបាលខេត្ត​មិនមាន​សិទ្ធិ​បញ្ឈ​ជើង ឬ​បញ្ចប់​ការងារ​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់​ធ្វើ​ខុសច្បាប់ ប៉ុន្តែ​ខេត្ត​មាន​សិទ្ធិ​ដាក់សំណើ​ទៅ​ថ្នាក់លើ ឱ្យ​ដកចេញ​បាន ដូច្នេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន និង​មិន​ត្រូវធ្វើ​ខុសច្បាប់​ជាដាច់ខាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here