អ្នកជំនាញ៖ តម្រូវការ​ទីផ្សារ​ជួល​អគារ​ធ្វើ​អាជីវកម្ម​នៅតែ​បន្ត​ជួប​ឱនភាព

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បើទោះជា​កម្ពុជា​ហាក់​មាន​ភាព​ធូរស្រាល ពី​ការគំរាមកំហែង​ពី​វិបត្តិ​នៃ​ជំងឺ Covid-19 ក៏ដោយ ប៉ុន្តែ​សម្រាប់​ទីផ្សារ​ជួយ​អគារ សម្រាប់​ដំណើរការ​អាជីវក​ម្មនា​នា ហាក់​នៅ​បន្ត​ជួប​ឱនភាព​ដដែល ហើយ​អាច​នឹង​បន្ត​រហូត​ដើម​ត្រីមាស​ទី៤ នៃ​ឆ្នាំ២០២០ខាងមុខនេះ។

ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ King Residence លោក ខុម មុនី​រតន៍ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា ស្រដៀង​គ្នា​ទៅនឹង​ទីផ្សារ​នៃ​ការជួល​អគារ និង​ឃ្លាំងទំនិញ​នានា​នៅ​ជាយ​រាជធានី​ភ្នំពេញ​ដែរ សម្រាប់​ការជួល​ទីតាំង​ធ្វើ​អាជីវកម្ម ក៏​នៅតែ​បន្ត​ជួប​ឱនភាព​ដដែល បើទោះជា​ស្ថានភាព​ទូទៅ​ហាក់​លែង​ភ័យខ្លាច​ការឆ្លង​ជំងឺ​ក៏ដោយ។

លោក​បន្តទៀតថា “ភាពជាក់ស្ដែង​យើង​ឃើញ​មាន​មនុស្ស​ចេញ​ដើរ ចេញ​ធ្វើការ និង​ធ្វើ​អាជីវកម្ម តាម​លក្ខណៈ​គ្រួសារ​ពិតមែន ប៉ុន្តែ​សម្រាប់​ទីផ្សារ​នៃ​ការជួយ​អគារ​មួយចំនួន​នៅតែ​បន្ត​ជួប​ឱនភាព​ដដែល។លោក​បន្ថែមថា “នេះ​ដោយសារ​មួយចំណែក​អនុវត្ត​ទៅតាម​វិធានការ​របស់​រដ្ឋា​ភិ​បា ល​ដែល​តម្រូវឱ្យមាន​ការផ្អាក​អាជីវកម្ម ហើយ​ចំណែក​ទៀត​ដោយសារ​អ្នកធ្វើអាជីវកម្ម ក៏ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយចំនួន មកពី​ក្រៅប្រទេស ដូច្នេះ​ស្ថិតនៅក្នុង​ដំណាក់កាល​នេះ ពួកគេ​នៅ​មិនទាន់​វិល​ត្រឡប់មក​កម្ពុជា​វ​ញ​នោះឡើយ” ។

លើកឡើង​ស្រដៀង​គ្នា​ខាងលើនេះ លោក នី ទី​ណាត អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Basac Realty បាន​មានប្រសាសន៍ថា មិនថាតែ​ចំពោះ​អាគារ​សម្រាប់​បម្រើឱ្យ​វិស័យ​ការិយាល័យ​កម្រិត​ខ្ពស់ អគារ​ជាន់​ផ្ទាល់​ដី ឬ​អាគារ​ដទៃទៀត សម្រាប់​ជួល​នោះទេ ភាគច្រើន កំពុង​ជួប​ភាព​ប្រឈម​ដោយសារតែ​អតិថិជន​បញ្ឈប់​កុងត្រា​ជួល។

លោក​បាន​បញ្ជាក់ថា “ហេតុផល​ដែល​បញ្ឈប់​កុងត្រា ក៏​ព្រោះ​ដំណើរការ​អាជីវ​កម្មជួ​ប​ភាព​រាំងស្ទះ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ផ្នែក​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ មណ្ឌល​កម្សាន្ត និង​មណ្ឌល​ស្ទី​ម​សូ​ណា ជាដើម​ដែល​ត្រូវ​ផ្អាក​សកម្មភាព ហើយ​ក្រុមហ៊ុន​បម្រើសេវា​ខ្លះ​ក៏​ជួប​បញ្ហា​ដូចគ្នា ដោយសារតែ​បាត់​ចំណូល​ពី​ប្រតិបត្តិការ​របស់ខ្លួន” ។

ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យនេះ​ឱ្យមាន​ភាពរឹងមាំ និង​យូរអង្វែង ហើយ​អាច​រក្សាបាន​នូវ​ចំណែក​ទីផ្សារ​ស្ថិតស្ថេរ លោក នី ទី​ណាត បានផ្តល់​ជា​យោបល់​ថា ម្ចាស់​អាគារ ក៏ដូចជា ក្រុមហ៊ុន​អភិវឌ្ឍន៍​អាគារ​សម្រាប់​ជួល គួរតែមាន​ការបន្ធូរបន្ថយ ឬ​បញ្ចុះតម្លៃ​សម្រាប់​អតិថិជន​របស់ខ្លួន ដែល​យ៉ាងហោចណាស់​ក្នុង​រង្វង់​ចាប់ពី៣០ ទៅ៥០ភាគរយ នៃ​តម្លៃ​ចាស់ ទម្រាំ​វិបត្តិ​មួយ​នេះ​មាន​ភាពស្ងប់ស្ងាត់ ហើយ​ចរន្ត​សេដ្ឋកិច្ច​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here