ដោយៈរ៉ាណេត
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន គ្រោងបើកការរដ្ឋានស្ថាបនាលើកកម្ពស់ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ផ្លូវជាតិលេខ៣នៅឆ្នាំនេះ ឬឆ្នាំក្រោយ ខណៈការចរចាប្រាក់កម្ចីយកមកស្ថាបនាផ្លូវនេះបានបញ្ចប់ហើយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីពេលថ្មីៗនេះថា សម្រាប់ផ្លូវជាតិលេខ៤១នេះ ក្រសួងបានចរចាប្រាក់កម្ចីរួចហើយ នៅឡើយតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅចុះហត្ថលេខាយកប្រាក់ទាំងនេះមកស្ថាបនាប៉ុណ្ណោះ ។
លោកទេសរដ្ឋមន្ត្រីថា “ប្រាក់កម្ចីបានចរចារួចហើយ ខ្ញុំសង្ឃឹមថានៅក្នុងឆ្នាំនេះ ឬ ឆ្នាំក្រោយ ទើបអាចបើករដ្ឋានស្ថាបនាបានដោយចាក់ជាប្រភេទ AC “ ។
លោកបន្តថា គម្រោងទាំងបី រួមមាន គម្រោងផ្លូវ៤១នេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ មកលេខ៣ ។ គម្រោងផ្លូវលេខ៣១ពីតំបន់បាយគូស ចូលមកស្រុកកំពង់ត្រាច។គម្រោងផ្លូវលេខ៣៣ពីកំពត មកខេត្តកែប បានចរចាចប់សព្វគ្រប់អស់ហើយ ចាំតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅចុះហត្ថលេខាលើប្រាក់កម្ចីនេះ។
លោកបន្តថា “អញ្ចឹងពេលណាវាអាស្រ័យលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ ពេលចុះហត្ថលេខាហើយទើបបើកការដ្ឋានបាន” ។
ផ្លូវជាតិលេខ៤១ ឆ្លងកាត់កំពង់ស្ពឺ តាកែវ និងកំពត កន្លងមកបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងការដឹកជញ្ជូនធ្ងន់ៗឆ្លងកាត់ ខណៈដែលផ្លូវជាតិលេខ៤បានផ្អាកចរាចរណ៍ខ្លះៗ ដោយសារការជន់លិចកាលពីឆ្នាំ២០១៨ ។
ផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥គីឡូម៉ែត្រ ដោយរាប់ចាប់ពីថ្នល់ទទឹងចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ស្រុកជុំគិរីត្រូវបានស្ថាបនាម្តងរួចហើយ កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០១១ ជាប្រភេទផ្លូវក្រាលថ្ម ចាក់កៅស៊ូ២ជាន់ប្រភេទ DBST ដែលបានចំណាយថវិកាសរុប ប្រមាណ៤៦លានដុល្លារអាមេរិក ដោយប្រើរយៈពេលស្ថាបនាចំនួន៤០ខែ បញ្ចប់នៅឆ្នាំ២០១៤ ។
នៅតាមបណ្តោយផ្លូវជាតិលេខ៤១ នាពេលបច្ចុប្បន្ននេះ កំពុងតែបង្ហាញពីសក្ដានុពល និងកំពុងទាក់ទាញលើការវិនិយោគលើគម្រោងជាច្រើន រួមមាន គម្រោងបង្កើតរោងចក្រ សហគ្រាស សិប្បកម្ម ឃ្លាំង និងគម្រោងដីឡូតិ៍ ដែលស្របតាមការកំណត់ទីតាំងរបស់រដ្ឋាភិបាល ហើយក៏មានគម្រោងអភិវឌ្ឍន៍ វិស័យលំនៅដ្ឋានតម្លៃកម្រិតមធ្យម និងក្រោមមធ្យមផងដែរ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទទួលស្គាល់ពីតម្រូវការនៃការប្រើប្រាស់ដីនៅតំបន់ស្ថិតតាមបណ្តោយផ្លូវជាតិ៤១ ដោយលោកបានអះអាងថា ភាគច្រើនគម្រោងនៅតំបន់នេះ ជាគម្រោងបង្កើតទីតាំងរោងចក្រច្រើនជាងលំនៅដ្ឋាន។ លោកបន្តថា នៅតំបន់ហ្នឹងភាគច្រើនជាគម្រោងរោងចក្រ និងសិប្បកម្មកម្រិតតូច និងមធ្យម ហើយចំពោះគម្រោងអភិវឌ្ឍលំនៅដ្ឋាន នៅមិនទាន់មានលក្ខណៈធំដុំនៅឡើយនោះទេ។
លោកបានបន្តទៀតថា តាមការស្នើសុំពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាការសម្រេចអនុម័តរបស់រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីពេលកន្លងទៅនេះ ភាគច្រើនរោងចក្រ ដែលទៅតាំងនៅតាមតំបន់ផ្លូវលេខ៤១ ជារោងចក្រផលិតស្បែកជើង រោងចក្រផលិតកាបូប រោងចក្រផលិតគ្រឿងបង្គុំ និងរោងចក្រផលិតគ្រឿងបរិក្ខាអគ្គិសនី ហើយក្រៅពីនេះជាប្រភេទសិប្បកម្មកម្រិតតូច និងមធ្យម៕