ចំណេះដឹង! តើ​ជនបរទេស​អាច​សុំចូល​សញ្ជាតិ​ខ្មែរ​តាមរយៈ​អ្វីខ្លះ?

0

ដោយ​វុត្ថា

ភ្នំពេញៈ ជាធម្មតា​ជនជាតិខ្មែរ​តែងតែ ទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​ស្វ័យប្រវត្តិ។ ម្យ៉ាង​វិញ ការចាប់​កំណើត​នៅក្នុង​ទឹក​ដឹក​ម្ពុ​ជា ក៏​ទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​ស្វ័យប្រវត្តិ​ដូចគ្នា។

ដោយឡែក​ចំពោះ​ជនបរទេស​ដែល ចង់​បានជា​សញ្ជាតិ​ខ្មែរ គឺ​ត្រូវគោរព​តាម​លក្ខខណ្ឌ និង​វិធានផ្សេងៗ ដែល​ប្រទេស​កម្ពុជា​បានកំណត់​ឡើង ដើម្បីអោយ​ជនបរទេស អាច​ទទួលបាន​សញ្ជាតិ​ជា​ខ្មែរ ដោយយោង​ទៅតាម ច្បាប់​ស្តីពី​សញ្ជាតិ និង​អនុក្រឹត្យផ្សេងៗទៀត​របស់​រាជរដ្ឋាភិបាល។

ដោយ​អនុលោម​ទៅតាម​ច្បាប់​ស្តីពី​សញ្ជាតិ​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើបនឹង​អនុម័ត​កាលពី​ថ្ងៃទី២១ មិថុនា ឆ្នាំ២០១៨បាន​ចែងថា ជនបរទេស​ដែលមាន​បំណង​ចង់​សុំ​សញ្ជាតិ​ខ្មែរ ត្រូវអនុវត្ត​ទៅតាម​រយៈ៖

១. ការទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​ការ​ស្មុំ​កូន​ពេញលេញ

យោងតាម​មាត្រា១០ នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ថ្មី បាន​ចែងថា កូន​ជនបរទេស​ដែល​ត្រូវបាន​សុំ​ជា​កូន​ស្មុំ​ពេញលេញ ដោយ​សហព័ទ្ធ​ពលរដ្ឋ​ខ្មែរ ត្រូវ​ទទួលបាន​សញ្ជាតិ​ខ្មែរ នៅពេលដែល​ស្មុំ​កូន​ពេញលេញ ត្រូវបាន​បង្កើតឡើង​ស្របតាម​ច្បាប់​ជា​ធរមាន។

២. ការទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​អាពាហ៍ពិពាហ៍

យោងតាម​មាត្រា១១ នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ថ្មី​បាន​ចែងថា ស្ត្រី ឬ​បុរស​ដែល​យកប្តី ឬ​ប្រពន្ធ​ពលរដ្ឋ​ខ្មែរ ដោយបាន​រៀប​អាពាហ៍ពិពាហ៍ ពួក​អាច​ទាមទារ​សញ្ជាតិ​ខ្មែរ​បាន លុះណាតែ​ស្ត្រី​ឬ​បុរស​នោះ បានរស់នៅ​ជាមួយគ្នា​រយៈពេល​បី​ឆ្នាំ ក្រោយ​ចុះបញ្ជី​អាពាហ៍ពិពាហ៍ និង​បាន​ស្នាក់នៅ​យ៉ាងហោច​រយៈពេល១២ខែ ពេញលេញ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ត្រូវបាន​អនុញ្ញាត​ឲ្យ​សុំ​ទាមទារ​សញ្ជាតិ​ខ្មែរ ជា​ចង្កោម​គ្រួសារ ចំពោះ​ជនបរទេស​ជា​ម្តាយ ឬ​ឪពុក​ដែលមាន​កូន​ជា​អនីតិជន។

យោងតាម​មាត្រា១២ នៃ​ច្បាប់​សញ្ជាតិ​ឆ្នាំ២០១៨ ជនបរទេស​ដែល​អាច​សុំ​ទាមទារ​សញ្ជាតិ​ខ្មែរ ដោយ​អាពាហ៍ពិពាហ៍​បាន ត្រូវបំពេញ​លក្ខខណ្ឌ​ដូចតទៅ៖ (១) មានគំនិត មាយា​ទ និង​សីលធម៌​ល្អ (២) ពុំដែល​មានទោស​ពីបទ​ឧក្រិដ្ឋ ឬ​ប​ទម​ជ្ឈឹ​ម​ណាមួយ (៣) មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅពេល​ដាក់​ពាក្យសុំ​ទាមទារ​សញ្ជាតិ​ខ្មែរ ដោយ​អាពាហ៍ពិពាហ៍ (៤) ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះ (៥) មាន​បញ្ញា និង​កាយសម្បទា ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ។

បែបបទ​និង​នីតិវិធី​នៃ​ការទាមទារ​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ។ការផ្តល់​សញ្ជាតិ​ខ្មែរ តាម​ករណី​ទាមទារ​សញ្ជាតិ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ។ ជាការ​កត់សម្គាល់​ច្បាប់​នេះ​បាន​បញ្ជាក់ថា នៅក្នុង​ករណីនេះ ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាត់​សញ្ជាតិ​ខ្មែរ ដោយសារតែ​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here