ដោយៈ វុត្ថា 
ភ្នំពេញៈ ចំណុចដែលលោក អ្នកគួរយកមកធ្វើការពិចារណាថា តើគួរចុះបញ្ជីអាករលើតម្លៃបន្ថែមឬយ៉ាងណានោះ ជាកិច្ចចាប់ផ្តើមលោក អ្នកត្រូវតែសួរសំណួរមួយចំនួនដូចជា។
ក. តើឥណទានអាករលើធាតុចូលរបស់ខ្ញុំ តែងតែលើសពីអាករដែលខ្ញុំកំណត់លើការលក់ដូររបស់ខ្ញុំឬទេ? ឧទាហរណ៏ ប្រសិនបើលោកអ្នកជាអ្នកប្រកបអាជីវកម្មទាក់ទិនដល់ការនាំចេញសេវា ដែលជាប់អាករតាមអត្រាសូន្យភាគរយ លោកអ្នកអាចពិចារណាបានថា អ្នកនឹងមានបំណងចុះបញ្ជីដោយស្ម័គ្រចិត្ត ដើម្បីស្នើសុំបង្វិលសងវិញនូវប្រាក់អាករដែលបានបង់លើការទិញ និងចំណាយនានា។
 
-->
 
 
ខ. តើខ្ញុំធ្វើការផ្គត់ផ្គង់ជាប់អាករឱ្យបុគ្គលជាប់អាករ ដែលបានចុះបញ្ជីដទៃទៀតឬទេ? ប្រសិនបើលោក អ្នកមិនបានចុះបញ្ជីអាករលើតម្លៃបន្ថែមទេ លោក អ្នកមិនអាចចេញវិក្ក័យប័ត្រអាករ លើតម្លៃបន្ថែមឱ្យអតិថិជន ដែលបានចុះបញ្ជីរបស់អ្នកបានទេ។ ពេលនោះអតិថិជនរបស់អ្នក មិនអាចស្នើសុំឥណទានអាករ លើធាតុចូលបានទេ។ ម្ល៉ោះហើយពេលលក់ចេញវិញ អតិថិជនរបស់អ្នកនឹងត្រូវគិតថ្លៃខ្ពស់ជាងសព្វដង។
ក្នុងករណីនេះ គាត់អាចនឹងជ្រើសរើសការធ្វើអាជីវកម្ម ជាមួយអ្នកផ្គត់ផ្គង់ដែលបានចុះបញ្ជីផ្សេងទៀត ហើយអ្នកនឹងបាត់បង់មុខរបររបស់ខ្លួន។
គ. តើខ្ញុំធ្វើអាជីវកម្មជាសំខាន់ជាមួយបុគ្គលជាប់អាករ ដែលមិនបានចុះបញ្ជីឬទេ? ក្នុងករណីនេះ វាហាក់ដូចជាគ្មានផលប្រយោជន៍អ្វីដល់អ្នក ដើម្បីចុះចញ្ជីអាករលើតម្លៃបន្ថែមទេ រហូតដល់ពេលណាដែលអ្នកមានផលរបរ ដល់កំរិតត្រូវចុះចញ្ជីដូចពោលក្នុងចំណុចទី៣ខាងលើ។
ឃ. លោក អ្នកគួរយកមកពិចារណាផងដែរនូវកាតព្វកិច្ច នៃការចុះបញ្ជី ៖ នៅពេលដែលបានចុះបញ្ជីរួច អ្នកត្រូវគណនាអាករលើធាតុចេញ លើការផ្គត់ផ្គង់ជាប់អាករទាំងអស់។ អ្នកអាចស្នើសុំឥណទានបានតែចំពោះអាករលើធាតុចូល ដែលអាចបែងចែកបានចំពោះការផ្គត់ផ្គង់ជាប់អាករប៉ុណ្ណោះ។
លោក អ្នកត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែម ជូនអគ្គនាយកដ្ឋានពន្ធដារ ឱ្យបានទៀងទាត់ ហើយនិងកាន់រក្សាបញ្ជីកាគណនេយ្យ ឱ្យបានត្រឹមត្រូវសម្រាប់មន្ត្រីអគ្គនាយកដ្ឋានពន្ធដា រត្រួតពិនិត្យនៅគ្រប់ពេលវេលា។ ប្រសិនបើអ្នកសម្រេចធ្វើការស្នើសុំចុះបញ្ជីដោយស្ម័គ្រចិត្ត ត្រូវភ្ជាប់មកជាមួយនឹងទម្រង់ពាក្យ ស្នើសុំនូវលិខិតពន្យល់អំពីចរិតនៃអាជីវកម្មរបស់អ្នក និងមូលហេតុដែលមានបំណងចុះបញ្ជី ព្រមទាំងចុះកាលបរិច្ឆេទនៃការស្នើសុំចុះបញ្ជីផង។
ប្រសិនបើលោក អ្នកមិនមានបំណងចុះបញ្ជីក្នុងពេលបច្ចុប្បន្នទេ អ្នកក៏ត្រូវបញ្ជាក់ពីហេតុផល។ ប្រសិនបើអ្នកត្រូវចុះបញ្ជីដោយស្ម័គ្រចិត្ត នោះអ្នកនឹងស្ថិតក្នុងលក្ខណៈជាបុគ្គលចុះបញ្ជីក្នុងរយៈពេល២ឆ្នាំ ដោយមិនគិតពីតម្លៃនៃផលរបរជាប់អាករ នៃអាជីវកម្មនោះឡើយ៕