ដោយ ប៊ី
ភ្នំពេញៈ ប្រាក់កម្ចីលើវិស័យអចលនទ្រព្យ សំណង់និងលំនៅដ្ឋាន ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនៅកម្ពុជា មានទំហំទឹកប្រាក់ដល់ជាង៧,៦៨ ពាន់លានដុល្លារក្នុងឆមាសទី១នៃឆ្នាំ២០២០ ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា។
របាយការណ៍ខាងលើបានឱ្យដឹងថា ប្រាក់កម្ចីលើវិស័យអចលនទ្រព្យ សំណង់និងលំនៅដ្ឋានបានរួមចំណែក ២៨,៨ ភាគរយ នៃប្រាក់កម្ចីពីធនាគារសរុបនៅកម្ពុជា មានទំហំទឹកប្រាក់ ២៦,៧ ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ ។ ការរួមចំណែក២៨,៨ ភាគរយស្មើនឹងទំហំទឹកប្រាក់ជាង ៧,៦៨៩លានដុល្លារ។
លោកជា ចាន់តូ អភិបាលនៃធនាគារជាតិនៃកម្ពុជា បានថ្លែងកាលពីដើមសប្តាហ៍នេះថា ទោះបីការរីករាលដាលនៃជំងឺ COVID-19 បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចក៏ដោយ ក៏ឧស្សាហកម្មធនាគារនៅតែមានការរីកចម្រើនរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច។
លោកបានថ្លែងថា “នៅក្នុងវិស័យធនាគារ ហានិភ័យចំបង ដែលបណ្តាលមកពីជំងឺរាតត្បាត ដែលមានរយៈពេលយូរ រួមមានការធ្លាក់ចុះនូវប្រាក់ចំណូលរបស់ប្រជាជន និងអាជីវកម្ម អាចនាំឱ្យមានការធ្លាក់ចុះនៃកំណើនប្រាក់កម្ចី និងប្រាក់បញ្ញើការធ្លាក់ចុះនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងការធ្លាក់ចុះនៃមូលធនបរទេសហូរ ចូលក្នុងវិស័យធនាគារ” ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា សកម្មភាពនៃការទិញ លក់ក្នុងពេលនេះ មានភាពស្ងប់ស្ងាត់បន្តិច បើប្រៀបធៀបទៅនឹងដើមឆ្នាំ ឬអំឡុងពេលត្រីមាសទី១ ប៉ុន្តែសម្រាប់តម្លៃវិញគឺមិនមានការធ្លាក់ចុះនោះទេ។
លោកស្រីបញ្ជាក់ថា “រាល់ការវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យក្នុងដំណាក់កាលនេះ មិនថាផ្នែកសំណង់លំនៅដ្ឋានឬផ្នែកដីធ្លីនោះទេ គឺមានឱកាសចំណេញដូចគ្នា ប្រសិនបើរាល់អចលទ្រព្យវត្ថុទាំងអស់នោះ ត្រូវបានដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ” ។ លោកស្រីបន្តថា “នៅក្នុងឆមាសទី២នៃឆ្នាំនេះ តម្លៃទីផ្សារអាចនឹងមានភាពល្អប្រសើរឡើងវិញបន្តិចបន្តួច ក្រោមវិធានការរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យផ្នែកមួយចំនួនបើកដំណើរការឡើងវិញ” ។
ទោះជាយ៉ាងណា ទីផ្សារអចលនទ្រព្យទាំងមូលអាចវិលត្រឡប់ ទៅរកសភាពដើមដូចចុងឆ្នាំ២០១៩ អាចត្រូវការពេល វេលាយូរបន្តិចយ៉ាងហោសណាស់១ឆ្នាំ ឬអាចលើសពីនេះ” ៕