ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ការបន្តបង្ហាញវត្តមានអាគារខ្ពស់នៅទីក្រុងភ្នំពេញមិនទាន់បញ្ចប់ទេ ដោយវត្តមានអាគារកំពស់៧៨ជាន់មួយទៀត នឹងបង្ហាញខ្លួននៅពេលខាងមុខឆាប់ៗនេះ ហើយវានឹងប្រែក្លាយទីក្រុងខ្មោចនេះ ទៅជាទីក្រុងប្រកបដោយភាពស៊ីវិល័យថ្មី និងរសរវើកមួយក្នុងពិភពលោក។
លោក ផូ សម្បត្តិ តំណាងក្រុមហ៊ុន យាន ឆ័ង ប្រចាំកម្ពុជា ជាក្រុមហ៊ុនដែលនឹងវិនិយោគសាងងស់អាគារនេះ បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃម្សិលម៉ិញថា ការសាងសង់អាគារនេះនឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៨ ដោយសារអាគារនេះជាអាគារខ្ពស់ ហេតុនេះទើបក្រុមហ៊ុនបាននិងកំពុងគិតគូយ៉ាងយកចិត្តទុកដាក់ពីមូលដ្ឋានគ្រឹះ និងគ្រឿងបង្គុំរបស់អាគារនេះដោយម៉ត់ចត់បំផុត ដើម្បីបញ្ចៀសហានិភ័យផ្សេង។
លោកបន្តថា “ការសាងសង់អាគារនេះ គ្រោងចំណាយទឹកប្រាក់ជាង២០០លានដុល្លារ និងចំណាយរយៈពេលសាងសង់៤ទៅ៥ឆ្នាំ ដូច្នេះ យើងរំពឹងថាឆ្នាំ២០២៣ ឬ២០២៤ទើបអាគារនេះអាចដំណើរការបាន។ លោកបន្តថា “អាគារនេះនឹងជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលរួមបញ្ចូលនូវផ្សារទំនើប អាផាតម៉ិន ខុនដូ សណ្ឋាគារ និងការិយាល័យជាដើម។
ទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម GLORY កំពស់៧៨ជាន់នេះ ស្ថិតនៅជាប់អាគារ The Bridge ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមករាជធានីភ្នំពេញ។
លោកផូ សម្បត្តិបានបន្តថា “ខ្ញុំជឿថាគម្រោងនេះ នឹងទទួលបានជោគជ័យ ដោយសារនាពេលអនាគត នៅពេលអាគារនេះសាងសង់ចប់ ប្រជាជនកម្ពុជានឹងសម្រេចចិត្តរស់នៅខុនដូកាន់តែច្រើន ដោយសារខុនដូមានសេវាកម្មចម្រុះសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។លោកបន្តថា “នៅពេលអនាគតផ្ទះល្វែងក្នុងទីក្រុងនឹងមានតម្លៃដល់៣០ទៅ៤០ម៉ឺនដុល្លារ ហេតុនេះពួកគេនឹងសម្រេចចិត្តរស់នៅខុនដូដែលមានតម្លៃទាបជាងនេះ និងផ្តល់ផាសុខភាពក្នុងការរស់នៅ។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹងថា ក្រសួងបានយល់ព្រមផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនយន្តជ័ង រៀលអេស្ទេត ដើម្បីសាងសង់អាគារកំពស់៧៨ជាន់នេះរួចហើយ។
អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងថា តាមអ្វីដែលជាភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន ដែលគ្រោងអភិវឌ្ឍន៍អាគារនេះ គំរោងនេះនឹងមិនមានបញ្ហានោះទេ សម្រាប់ទីផ្សារកម្ពុជានាពេលអនាគត ហើយគម្រោងនេះនឹងទទួលបានជោគជ័យ។
លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងថា កម្ពុជាមានបទបញ្ញត្តិស្តីពីការកំណត់កំពស់អាគាររួចហើយ ដូច្នេះប្រសិនជាយើងអនុវត្តន៍ច្បាប់បញ្ញត្តិដែលមានបានល្អ វាមិនត្រឹមតែជួយការពារបាននូវបេតិកភ័ណ្ឌក្នុងទីក្រុងនោះទេ តែវានឹងរក្សាបាននូវទេសភាព សោភ័ណភាព និងកាត់បន្ថយបាននូវផលប៉ះពាល់បរិស្ថានផងដែរ។លោកបន្តថា តាមធម្មតាការសាងសង់អាគារខ្ពស់បែបនេះ ក្រុមហ៊ុនបានសិក្សាពីបទដ្ឋានបច្ចេកទេសអស់ហើយ ចំណែកក្រសួងជំនាញគ្រាន់តែជាអ្នក ពិនិត្យលើបទដ្ឋានសំណង់ ដើម្បីធ្វើឲ្យប្រាកដថាក្រុមហ៊ុនគោរពបានតាមគោលការ ណ៍ស្នើសុំឬអត់ប៉ុណ្ណោះ។
លោកបន្តថា “ការមានអាគារខ្ពស់ៗបែបនេះ វាជាមោទនភាពជាតិ ព្រោះវាមិនត្រឹមតែជួយដល់សេដ្ឋកិច្ចនោះទេ តែវាក៏ផ្តល់ការងារនិងប្រាក់ចំណូលដល់ប្រជា ពលរដ្ឋផងដែរ”៕