ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​ព្រមាន​លើ​ការវិនិយោគ​ក្នុង​វិស័យ​មួយ​នេះអាច​ជួប​ហានិភ័យ

0

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ ជាមួយនឹង​កំណើន​នៃ​ការផ្គត់ផ្គង់ ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នៅតាម​បណ្តា​ខេត្ត​នានា ដែល​កំពុងមាន​ចំនួន​លើស​តម្រូវការ​នោះ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បានធ្វើការ​ព្រមាន​ទៅលើ​គម្រោង​វិនិយោគថ្មីៗ បន្ថែម​នៅក្នុង​កំឡុង​ពេលនេះ​អាច​នឹង​ជួប​ហានិភ័យ​ខ្ពស់។

ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា លោកស្រី ក្លេ​ខៃ ចិន្តា បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ នា​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០កន្លងមក ថា រាល់​ការអភិវឌ្ឍ និង​វិនិយោគ​លើ​សណ្ឋាគារ​នានា​នៅពេល​បច្ចុប្បន្ននេះ វិនិយោគិន​គួរតែមាន​ការប្រុងប្រយ័ត្ន និង​ត្រូវ​រក​ទីតាំង​ណា​ដែល​ប្រាកដថា ការផ្គត់ផ្គង់​នៅមានកម្រិត​ជៀស​រាង​ប្រឈម នឹង​ហានិភ័យ​ដែល​អាច​កើតមានឡើង។

លោកស្រី​បញ្ជាក់ថា “នាពេលនេះ​ការផ្គត់ផ្គង់​សណ្ឋាគារ​នៅ​កម្ពុជា ជាពិសេស​តំបន់​សក្តានុពល ដូចជា ខេត្តសៀមរាប រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​មមាញឹក កំពុងមាន​ការផ្គត់ផ្គង់​លើស​តម្រូវការ” ។ លោកស្រី​បញ្ជាក់ថា “ជាការ​ល្អ គួរ​កុំ​ទាន់​សាងសង់​សណ្ឋាគារ​អី សម្រាប់​អ្នកមាន​គម្រោង​នឹង​សាងសង់។ ក្នុងន័យនេះ យើង​មិនបាន​ហាមឃាត់​ការវិនិយោគ​ទេ ប៉ុន្តែ​ការសាងសង់​សណ្ឋាគារ​ក្នុងដំណាក់កាល​នេះ គឺ​បើ​សង់​ទៅ​អាច​នឹង​លើសពី​តម្រូវការ” ។

ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា រូបនេះ​បានឱ្យដឹង​ថែម​ទៀតថា បច្ចុប្បន្ននេះ សណ្ឋាគារ​ខ្លះ មិនមាន​ភ្ញៀវ​ស្នាក់នៅ​ពេញ​ផង ដោយសារតែ​ភ្ញៀវ​រាង​ថយចុះ​បន្តិច។ ភ្ញៀវទេសចរ​ដែល​ត្រូវការ​បន្ទប់​ស្នាក់នៅ គឺ​ភាគច្រើន ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​ផ្គត់ផ្គង់​ជូន វា​ខុស​ពីមុន​ដែល​ភ្ញៀវ​បរទេស​ត្រូវ​រក​សណ្ឋាគា​រ និង​កក់​ដោយ​ខ្លួនឯង។

លោកស្រី​ក្លេ​ខៃ ចិន្តា​បាន​ណែនាំ​ថា “ក្នុង​កាលៈទេសៈ​នេះ ដែល​វិនិយោគិន​មាន​ដើមទុន​ច្រើន និង​ចង់​សាងសង់​សណ្ឋាគារ សម្រាប់​បម្រើ​នៅពេល​អនាគត​នោះ គួរតែ​រក​ទីតាំង​ណា ដែល​មិនទាន់មាន​បន្ទប់​សណ្ឋាគា​រ​គ្រប់គ្រាន់ និង​ជា​គោលដៅ​ទេសចរណ៍​របស់​ភ្ញៀវ​បរទេស ដូចជា ខេត្ត​កែប កំពត បាត់ដំបង មណ្ឌលគិរី រតនគិរី ជាដើម ដោយឡែក​ខេត្ត​ព្រះសីហនុ មាន​បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាច្រើន មាន​ភ្ញៀវ​ស្នាក់នៅ​ដែរ ប៉ុន្តែ​មាន​តិច​ដោយសារតែ​បច្ចុប្បន្ន​ជំងឺ​កូ​វីដ-១៩ កំពុង​រាតត្បាត​ពាសពេញ​ពិភពលោក” ។

លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានបង្ហាញ​ពី​កិច្ច​ស្វាគមន៍ និង​គាំទ្រ​វិស័យ​ឯកជន ដែល​បានមក​បណ្ដាក់​ទុនវិនិយោគ នៅក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ ជាពិសេសរយៈពេល​កន្លងមក​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រាជរដ្ឋាភិបាល​បាន និង​ខិតខំ​កសាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​ក្រុងព្រះសីហនុ ដើម្បីឱ្យ​មានការ​រីកចម្រើន។

លោក​បន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​នៃ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ស្ថាបនា​ឡើងវិញ​ទាំងស្រុង បន្ទាប់ពី​ទទួលរង​ការខូចខាត ដោយសារ​កំណើន​នៃ​ការអភិវឌ្ឍ​យ៉ាងគំហុក និង​គ្រោះទឹកជំនន់​នាពេល​កន្លងមក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ នេះ​ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត នៃ​ខេត្ត​ព្រះសីហនុ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុងការ​ស្ថាបនា​ផ្លូវ​ទូទាំង​ក្រុង​បែបនេះ។

ការស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ធ្វើឡើង​ក្រោម​ការយកចិត្ត​ទក​ដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ធ្វើឱ្យ​ខេត្ត​ជាប់​ឆ្នេរ សមុទ្រ​មួយ​នេះ​មាន​ភាព​ស៊ី​វិ​ល័យ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ស្របទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បា ល​ក្នុងការ​ប្រែក្លាយ​ឱ្យទៅជា​ខេត្ត ឧស្សាហកម្ម​គំរូ​ពហុ​បំណង​តែមួយគត់ និង​ជា​ខេត្ត​បំពង់ករ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ។

ហេតុ​ដូច្នេះហើយ រាជ​ដ្ឋា​ភិ​បាល​បានសម្រេច​បញ្ចេញ​ថវិកា សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ទាំងនេះ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ​ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ទំនើប ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ​ទេស​ចរណ៍ និង​ធុរកិច្ច​ជាពិសេស ធានា​នូវបាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​បានយូរ​អ ង្វែ​ង៕

LEAVE A REPLY

Please enter your comment!
Please enter your name here