ដោយ វុត្ថា
ភ្នំពេញ៖ ជាទូទៅនៅក្នុងរដូវបុណ្យទានម្តងៗ អ្នកជំនាញសង្កេតឃើញថា ទីផ្សារអចនទ្រព្យ ទាំងការទិញ និងលក់ មិនសូវជាមានហាងឆេងប៉ុន្មាននោះទេ ខណៈដែលប្រជាជនភាគច្រើន បានខ្ចប់លុយទុកធ្វើការចំណាយផ្សេងៗ ដូចជា ការចំណាយលើការទិស ម្ភារៈប្រើប្រាស់ ម្ហូបអាហារ និងការដំណើរកម្សាន្ត។

-->
លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានមើលឃើញថា វិស័យអលចលនទ្រព្យ គឺជាប្រភេទទ្រព្យដែលមានតម្លៃថ្លៃ ដូចជា នៅក្នុងខែបុណ្យទានដូចជាបុណ្យភ្ជុំបិណ្ឌជាដើម គឺតម្លៃមិនមានការចុះថ្លៃនោះទេ បើទោះបីមានការផ្សព្វផ្សាយពីការបញ្ចុះតម្លៃខ្លះដោយ។
លោកថា “នៅក្នុងបុណ្យទាន ដូចជាបុណ្យភ្ជុំបិណ្ឌអីហ្នឹង វាមិនជំរុញឱ្យមានការប្រែប្រួលតម្លៃអចលនទ្រព្យនោះទេ ព្រោះវិស័យនេះ នៅពេលលក់ដូរម្តងៗ ត្រូវការដំណើរការនិតិវិធីច្រើនដំណាក់កាល” ។
តែយ៉ាងណាលោកបន្តថា ការទិញ-លក់នៅក្នុងវិស័យអចលនទ្រព្យ នារដូវបុណ្យទាន គឺហាក់ដូចជាមិនសូវមានសកម្មភាពខ្លាំងដូចថ្ងៃធម្មតានោះទេ (សកម្មភាពទិញ-លក់តិចតួច) ខណៈដែលពលរដ្ឋយើងគាត់រវល់ទៅវត្ត និងទៅដើរលេងកម្សាន្ត។
ជាមួយគ្នានេះ លោក ឡុង គឹម សួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានទទួលស្គាល់ដែរថា នៅក្នុងអំឡុងពេលបិណ្យទាន ដូចបុណ្យភ្ជុំបិណ្ឌជាដើម ការទិញ-លក់ក្នុងវិស័យអចលនទ្រព្យ ហាក់មានសកម្មភាពថយចុះតិចតួច ដោយសារពលធ្វើដំណើរទៅកាន់ទីវត្តអារាម និងធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍ផ្សេង។
លោកបន្តថា “នៅក្នុងរដូវបុណ្យទាន ម្នាក់ៗ មិនមែនទៅវត្តតែមួយនោះទេ ពួកគាត់បានទៅវត្តផ្សេងៗទៀត ដែលធ្វើឱ្យគាត់ជាប់រវល់ច្រើន ដូច្នេះ ពួកគាត់ដូចមិនសូវបានគិតគូរពីការទិញ-លក់អចលនទ្រព្យនោះទេ” ។

លោកបន្ថែមថា អ្នកខ្លះទៀត ក៏ទុកលុយសម្រាប់ធ្វើដំណើរកម្សាន្ត ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ជាមួយក្រុមគ្រួសារ ដែលជាកត្តាជំរុញឱ្យមានសកម្មភាពទិញ-លក់លើវិស័យអចលនទ្រព្យ មានការថយចុះនៅក្នុងអំឡុងពេលបុណ្យទាន់ម្តង។
លោកស្រីតាំង ហួរ នាយិការក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Amatak Property Service បានឱ្យដឹងដែរថា ចាប់តាំងពីចូលរដូវបុណ្យទានម្តងៗ ជារៀងរាល់ឆ្នាំ សកម្មភាពនៃការទិញ-លក់នៅក្នុងវិស័យអចលនទ្រព្យ ហាក់មានស្ថានភាពស្ងប់ស្ងត់បន្តិច៕