បុរាណវិទូរកឃើញសំណង់ប្រាសាទថ្មីមួយនៅក្នុងស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ

0

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមបុរាណវិទូ បានរកឃើញសំណង់ប្រាសាទថ្មីមួយនៅ នៅភូមិបារាយ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បន្ទាប់ពីសិក្សាស្រាវជ្រាវលើឯកសារចាស់ៗជំនាន់បារាំង មិនទាន់ឃើញមានការចុះបញ្ជីឈ្មោះប្រាសាទនេះនៅឡើយ (ក្នុងបញ្ជីប្រាសាទខ្មែរឆ្នាំ១៩០២ខេត្តត្បូងឃ្មុំមានប្រាសាទចំនួន១៧ទីតាំង)។

លោក សាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំចុះស្រាវជ្រាវ និងសិក្សា នៅដើមឆ្នាំ២០១៩ ក្នុងខែកុម្ភៈ ដោយបានទទួលដំណឹងពីលោក លី វណ្ណៈ (អ្នកស្រុកក្រូចឆ្មារ) ថានៅមុខវត្តបារាយណ៍ មានប្រាសាទឥដ្ឋបុរាណមួយ។ លោក ធុយ ចាន់ធួន កាលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ និងលោកសាស្រ្ដាចារ្យបណ្ឌិតម៉ៅ ឈាងឡេង បានមកសិក្សានៅទីតាំងផ្ទាល់ប្រាសាទបារាយ៍ នៅភូមិបារាយ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោក ធុយ ចានធួនថ្លែងថា ប្រាសាទបារាយ៍ ជាប្រាសាទឥដ្ឋ ដែលស្ថិតក្នុងទីតាំងភូមិសាស្រ្ដ (WGS 84)គ្រឹះប្រាសាទទីតាំងទី១គឺ 48 P 587296 1346748 (នៅសំណល់ឥដ្ឋធំៗខ្លះដោយអ្នកស្រុកជីកស្រះ) គ្រឹះប្រាសាទទីតាំងទី២ប្រមាណជា១៦០ម. ខាងកើតទី១ គឺ 48 P 587450 1346699 (ជាគ្រឹះប្រាសាទមានទម្រង់គ្រឹះនៅល្អ នៅមានជញ្ជាំងតែរុក្ខជាតិ បន្លាដុះជុំជិតពិបាកសន្និដ្ឋាន) ស្ថិតក្នុងភូមិបារាយ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ទល់មុខវត្តប្រាសាទបារាយ៍ ទៅទិសខាងលិច ដែលជាទីដីជម្រាលចុះទៅរហូតដល់វាលស្រែ។

ប្រាសាទនេះ នៅសល់តែគ្រឹះ ដែលជាស្នាមលួចជីកកកាយ កំឡុងទសវត្សឆ្នាំ១៩៨០ និងដើម១៩៩០ (អ្នកស្រុកផ្ដល់ពត៌មាន) មានដុំឥដ្ឋដុតធំៗ យើងមានការពិបាកពិនិត្យផ្ទាល់ដោយព្រៃបន្លា ដុះជុំជិត តែអាចពិនិត្យឃើញដុំឥដ្ឋ និងអន្លង់ស្នាមជីកកកាយ។ គូទឹកនៅព័ទ្ធជុំវិញគ្រឹះប្រាសាទនោះ យើងអាចសំគាល់បានថាជាជ្រលងស្នាមភ្លោះនៃគូ។ នៅភាគនិរតីគ្រឺះប្រាសាទនោះប្រមាណជា១៥០ម. អ្នកភូមិបានជីកស្រះ ដែលជាទីតាំងគ្រឹះប្រាសាទមួយដែរនៅទីនោះ។

តាមការសន្និដ្ឋានរបស់លោក ធុយ ចាន់ធួន ប្រាសាទបារាយ៍នេះ ជាប្រាសាទឥដ្ឋ ដែលពីមុនឆ្នាំ២០១៩មិនទាន់មានការស្រាវជ្រាវដោយអ្នកជំនាញការនៅឡើយ ប្រាសាទនេះជាប្រាសាទដែលមិនស្គាល់ឈ្មោះដើម ដោយមានទីតាំងនៅមុខវត្តបារាយ៍ក្រុមស្រាវជ្រាវរបស់លោកក៏បានសម្រេចហៅឈ្មោះថា «ប្រាសាទបារាយ៍»។

ប្រាសាទបារាយ៍ មានភូមិសាស្រ្ដទាក់ទងជាមួយអាងទឹកដ៏ធំមួយនៅត្បូងវត្តបារាយ៍នោះ (សូមមើលពន្យល់ពាក្យបារាយ៍) និងឋានន្តរនាមតំបន់ច្រវាក់ដែក និងភូមិសាស្រ្ដជុំវិញនោះផងដែរ។ ការសិក្សាជាបឋមដោយដោយការសង្កេតនិងការពិនិត្យផ្ទាល់នូវទីតាំងប្រវត្តិសាស្រ្ដនេះ អាចសន្និដ្ឋានបានថា ជាប្រាសាទបុរាណអាចក្នុងសម័យចេនឡា អាស្រ័យលើប្រភេទឥដ្ឋដែលជាគ្រឿងសំណង់ និងការសាងសង់ដោយមានរចនាសម្ព័ន្ធគូទឹកព័ទ្ធជុំវិញ។

ជួរខ្សែប្រាសាទឥដ្ឋបុរាណជាច្រើនដែលរត់ជួរជាមួយគ្នា ប្រភពមកតាំងពីទីក្រុងសម្ភុបុរៈ មកចិត្របុរី មកប្រាសាទខ្វាន់ពីរ ចូលមកកាន់ប្រាសាទបារាយ៍នេះ និងឆ្ពោះទៅត្បូង មានប្រាសាទជើងអង្គ ប្រាសាទអណ្ដោត ប្រាសាទព្រៃគី បន្តទៅក្រុងបុរាណមួយទៀតគឺ បន្ទាយព្រៃអង្គរ (អ្នកស្រុកហៅព្រៃនគរក្នុង)។

ជាមោទកភាពមួយដ៏ធំរបស់អ្នកភូមិបារាយ៍ ឃុំឈូក ស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ ដែលមានប្រាសាទដ៏ចំណាស់ ទើបរកឃើញសារជាថ្មីបន្ទាប់ពីត្រូវបានបោះបង់ចោលជាងមួយពាន់ឆ្នាំ ដែលប្រាសាទបារាយ៍ អាចជាអតីតគ្រឹះស្ថានព្រហ្មញ្ញសាសនាមួយយ៉ាងមាំមួន និងអាចមានប្រជាជនរស់នៅតំបន់នោះច្រើនពាន់គ្រួសារ ទើបមានការកសាងប្រាសាទសម្រាប់គោរពបូរជា។

អនាគត អាជ្ញាធរមានសមត្ថកិច្ចនៃក្រសួងពាក់ព័ន្ធ ត្រូវចុះបញ្ជីប្រាសាទនេះ ដែលជាបេតិកភណ្ឌដ៏មានតម្លៃ និងត្រូវសិក្សាតាមរយៈការវាស់វែង និងកំណាយបុរាណវិទ្យា ដើម្បីស្វែងយល់ឱ្យច្បាស់អំពីហេដ្ឋារចនាសម្ព៍ន្ធ អាយុកាល រចនាបទ លទ្ធិសាសនា បរិស្ថាន ជាតិពន្ធុ និងប្រវត្តិសាស្រ្ដ ជាដើម។ តែជាចំពោះមុខ និងជាបន្ទាន់ អាជ្ញាធរដែលដី គឺឃុំឈូក ស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ ត្រូវបោះព្រំគោលចំណាំ និងហាមអ្នកស្រុក អ្នកភូមិ កុំឱ្យជីកកកាយ និងរុករានប៉ះពាល់ដល់ទីស្ថានប្រវត្តិសាស្រ្ដដ៏សំខាន់មួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here