ដោយៈ រ៉ាណេត
ភ្នំពេញៈ ប្រព័ន្ធសុវត្ថិភាព និងគុណភាពសំណង់អគារខ្ពស់ៗនានា ជាបញ្ហាសំខាន់បំផុត ដែលត្រូវបានយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងស្ថិតនៅក្រោមការឃ្លាំមើលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ដោយឡែកសម្រាប់តែប្រព័ន្ធសុវត្ថិភាព ផ្នែកអគ្គីភ័យ ដែលអាចកើតមានជាយថាហេតុ ក៏ជាចំណុចសំខាន់ដែលត្រូវបង្កើនការយកចិត្តទុកដាក់ផងដែរ។
អគ្គនាយកក្រុមហ៊ុនភ្នាក់អចលនទ្រព្យអន្តរជាតិ ERA Cambodia លោកខន គង្គារ បានមានប្រសាសន៍តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះថា គ្រប់វត្តមាននៃសំណង់អគារខ្ពស់ៗ នៅពេលបច្ចុប្បន្នសុទ្ធតែមានការឃ្លាំមើល ពីសំណាក់មន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យប្រាកដថា អនុវត្តន៍លើការពង្រឹងគុណភាព ប្រព័ន្ធសុវត្ថិភាពដែលត្រូវបានកំណត់ដោយច្បាប់។
លោកបានបញ្ជាក់ថា “សម្រាប់អគារខ្ពស់ៗដូចជាអគារអាផាតម៉ិន ជាពិសេសសំណង់ខុនដូនៅកម្ពុជានាពេលបច្ចុប្បន្ន គឺមានការយកចិត្តទុកដាក់ខ្ពស់ទាំងគុណភាព ទាំងប្រព័ន្ធសុវត្ថិភាព”។ លោកបន្តថា “ប្រព័ន្ធការពារសុវត្ថិភាព ពេលមានគ្រោះអគ្គីភ័យនៅក្នុងអគារ នៅកម្ពុជាអ្នកសាងសង់គឺមានគ្រប់គ្រងទៅតាមបច្ចេកទេស ព្រោះបើខុសពីបច្ចេកទេស ដែលត្រូវបានកំណត់ដោយច្បាប់ ក៏រដ្ឋាភិបាលមិនអនុញ្ញាតឱ្យសាងសង់នោះដែរ”។
លោកខន គង្គារ បានបញ្ជាក់ទៀតថា “ប្រព័ន្ធសុវត្ថិភាពចំពោះគ្រោះអគ្គីភ័យ គឺអ្នកបច្ចេកទេសមានការរៀបចំប្រព័ន្ធ ដូចជា នៅគ្រប់ជាន់ទាំងអស់សុទ្ធ តែមានដាក់បំពង់ពន្លត់អគ្គីភ័យក្នុងកម្រិតបឋម មានបំពាក់កាំមេរ៉ាសុវត្ថិភាពនៅតាមជាន់នីមួយ និងច្រកចេញចូលរួម ដែលត្រូវបានឃ្លាំមើលដោយសន្តិសុខ២៤ម៉ោង។
ជាមួយគ្នានេះ ក៏មានការរៀបចំជាប្រព័ន្ធទឹកបាញ់ពន្លត់ភ្លើង ដោយស្វ័យប្រវត្តិ មានឧបករណ៍បន្លឺសំឡេងអាសន្ន មានទីធ្លាសម្រាប់សង្គ្រោះ មានជណ្ដើរជើងពេលមានអាសន្ន ហើយក៏មានជណ្ដើរយន្តសុវត្ថិភាពបញ្ចៀសគ្រោះថ្នាក់ផងដែរ។ ដូច្នេះប្រព័ន្ធការពារសុវត្ថិភាពនៅតាមអគារខុនដូគឺមានខ្ពស់”។
ជាមួយគ្នានេះ លោកសាស្ត្រាចារ្យទួស សាភឿន អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ថា ច្រកសុវត្ថិភាពពេលមានគ្រោះអគ្គីភ័យ ក្រៅពីសំដៅលើប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ដែលត្រូវបានបំពាក់នៅក្នុងតួអគារ គឺគេត្រូវយកចិត្តទុកដាក់ទៅលើ២ចំណុចទៀត គឺច្រកជណ្ដើរថ្មើរជើងសុវត្ថិភាព និងច្រកជណ្ដើរយន្តសុវត្ថិភាព។
លោកបានបញ្ជាក់ថា “សម្រាប់ច្រកជណ្ដើរយន្តសុវត្ថិភាព គេធ្វើឡើងជាមួយប្រព័ន្ធអគ្គិសនីពិសេស (ប្រភពថាមពលអគ្គិសនីទី២) ដើម្បីជំនួសប្រព័ន្ធអគ្គិសនីក្នុងតួអគារដែលត្រូវបានកាត់ផ្ដាច់ដោយស្វ័យប្រវត្តិ។
លោកបន្តទៀតថា “ធម្មតានៅពេលដែលមានបញ្ហាអគ្គីភ័យកើតឡើង ប្រព័ន្ធបញ្ជាអគ្គិសនី ក្នុងតួអគារទាំងមូល នឹងត្រូវបានកាត់ផ្តាច់ដោយស្វ័យប្រវត្តិភ្លាមៗ ហើយជំនួសដោយបណ្តាញអគ្គិសនីបម្រុងពិសេស ដែលស្ថិតនៅក្រៅតួអគារ ដើម្បីបន្តសកម្មភាពរបស់ជណ្ដើរយន្តសុវត្ថិភាពឱ្យដំណើរការ”។
លោកទួស សាភឿនបានបន្តទៀតថា ភាគច្រើនប្រព័ន្ធបញ្ជាអគ្គិសនី ជំនួសបែបនេះ ហាក់មិនត្រូវបានប្រើនៅតាមអគារនានា ក្នុងប្រទេសកម្ពុជានោះទេ ដោយហេតុថា ប្រភពនៃបណ្តាញអគ្គិសនីហាក់នៅឆ្ងាយពីគ្នា ហើយផ្តល់ភាពស្មុគស្មាញច្រើនដល់អ្នកសាងសង់គម្រោង ប៉ុន្តែបើនៅតាមបណ្តាប្រទេសជិតខាង គឺគេមានប្រើគ្រប់គ្រាន់។
យ៉ាងណាក៏ដោយ លោកបានបង្ហាញពីក្ដីរំពឹងថា នៅថ្ងៃអនាគតខាងមុខនេះ គ្រប់វត្តមាននៃសំណង់អគារខ្ពស់ៗទាំងអស់នៅកម្ពុជា នឹងមានប្រើប្រាស់បច្ចេកទេសទាំងនេះ នៅពេលដែលថាមពលអគ្គិសនីកម្ពុជា មានការផ្គត់ផ្គង់គ្រប់គ្រាន់ ហើយការកំណត់ពីគុណភាពស្ដង់ដាសំណង់ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់៕