រាជរដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​ស្ដីពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការត្រួតពិនិត្យ និង​បញ្ជាក់​សំណង់ ដើម្បី​ពង្រឹង​វិស័យ​សំណង់

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានសម្រេច​ចេញ​អនុក្រឹត្យ​ស្ដីពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការត្រួតពិនិត្យ និង​បញ្ជាក់​សំណង់ ដែលមាន​វិសាលភាព​អនុវត្ត​ចំពោះ​សំណង់​គ្រប់​ប្រភេទ​លើកលែងតែ​ប្រភេទ​សំណង់​ដែលមាន​កំណត់​ក្នុង​លិខិតបទដ្ឋាន​គតិយុត្ត​ដោយឡែក ដើម្បី​ជួយ​ជំរុញ​ការវិនិយោគ​នៅក្នុង​វិស័យ​សំណង់ និង​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច និង​សង្គម។


នៅក្នុង​អនុក្រឹត្យ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ល្ងាច​ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មាន​ចំនួន២២ទំព័រ ១២ជំពូក និង៥៩មាត្រា បានបញ្ជាក់​យ៉ាង​លម្អិត​ទៅលើ​សមត្ថកិច្ច​នៃ​ការគ្រប់គ្រង ការអនុញ្ញាត និង​ការសម្រេចផ្សេងៗពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​នៃ​ការសាងសង់ និង​អភិវឌ្ឍ​សំណង់​ផ្សេង​គ្រប់​ប្រភេទ​ដែល​ស្ថិតនៅក្រោម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលមាន​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជា​រដ្ឋមន្ត្រី។

នៅក្នុង​អនុក្រឹត្យ​បានបញ្ជាក់​ពីបទ​ប្បញ្ញត្តិ​ទូទៅ ស្ថិតនៅក្នុង​មាត្រា១បាន​បញ្ជាក់ថា អនុក្រឹត្យ​នេះ​បានកំណត់​ពី​ប្រភេទ និង​កម្រិត​នៃ​អាជ្ញា​បណ្ណ​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់ លក្ខខណ្ឌ  និង​នីតិវិធី​នៃ​ការផ្តល់ ការបញ្ចប់​សុពលភាព ការបន្ត​សុពលភាព ការព្យួរ និង​ការដកហូត​អាជ្ញារ​បណ្ណ​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់ ក៏ដូចជា​លក្ខខណ្ឌ​នៃ​ការអនុវត្ត​ការងារ​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់​ក្នុង​គោលបំណងសំខាន់ៗដូចជា ធានាបាន​នូវ​គុណភាព សន្ដិសុខ សុវត្ថិភាព​សំណង់ ការពារ​ទ្រព្យសម្បត្តិ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់ និង​សាធារណៈជន។

បន្ថែម​ពីនេះ​នៅមាន​ធានា​ដល់​ការងារ​សិក្សា​គម្រោង​ប្លង់ ការងារ​សាងសង់  និង​ការងារ​រុះរើ​អនុលោម​តាម​បទដ្ឋាន​គតិយុត្ត និង​បទដ្ឋាន​បច្ចេកទេស​សំណង់។ ធានា​គណនេយ្យភាព និង​ប្រសិទ្ធភាព​ក្នុង​ការប្រកប​វិជ្ជាជីវៈ និង​ការប្រកប​អាជីវកម្ម​ក្នុង​វិស័យ​សំណង់ បង្កើន​ជំនឿ​ទុកចិត្ត​របស់​សាធារណៈជន​លើ​សំណង់ រួម​ជាមួយនឹង​ការជំរុញ​ការវិនិយោគ​នៅក្នុង​វិស័យ​សំណង់ និង​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច និង​សង្គម។

នៅក្នុង​អនុក្រឹត្យ​ដដែល​ក៏បាន​បញ្ជាក់ថា វិសាលភាព​អនុវត្ត​អាច​ប្រព្រឹត្តទៅ​ចំពោះ​សំណង់​គ្រប់​ប្រភេទ លើកលែងតែ​ប្រភេទ​សំណង់​ដែលមាន​កំណត់​នៅក្នុង​លិខិតបទដ្ឋាន​គតិយុត្ត​ដោយឡែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here