ដោយ លាងគង់ យិនស្ថាបនិកគេហទំព័រ Propertyarea.asia
ភ្នំពេញ៖ រយៈពេល២០ឆ្នាំហើយ ដែលស្នូរគ្រាប់កាំភ្លើងប្រយុទ្ឋគ្នារវាងខ្មែរ និងខ្មែរបានបញ្ចប់នៅលើទឹកដីកម្ពុជា ក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំ ដែលកម្ពុជាចាប់ផ្តើមមានការឯកភាពទឹកដីជាលើកដំបូង។
ក្រាលដោយទឹកភ្នែក គំនរឆ្អឹងរាយប៉ាយស្ទើរគ្រប់ទីនកន្លែងទីទាំងប្រទេស។ រាជាណាចក្រនេះនេះ “ពិតជាកំសត់ពេកហើយ”កាលពីអតីតកាល ប៉ុន្តែស្នាមញញឹមថ្មីលើទឹកដីអង្គរបានចាប់ផ្តើមឡើងវិញ និងមានភាពស្រស់ស្រាយដូចបុស្បាត្រូវទឹកសន្សើម ជាអ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងជាអ្វីដែលមេដឹកនាំកម្ពុជាចង់បាននិងកំពុងព្យាយាមការពារស្នាមញញឹម ដែលចេញពីតម្លៃសន្តិភាពនេះឲ្យបានសម្រាប់ប្រជាជាតិរបស់ខ្លួន។
-->
ស្ថាបនិកសន្តិភាព
កូនប្រុសកើតក្រោមពន្លឺព្រះច័ន្ទពេញបូរមី បានបង្ហាញខ្លួនលើទឹកដីសុវណ្ណភូមិ និងបានចាកចេញពីស្រុកកំណើត មកស្នាក់នៅវត្តសារាវ័ន្ត ក្រុងភ្នំពេញ។ បន្ទាប់មកយុវជនដ៏អង់អាចនេះ បានរត់ចូលព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេចព្រះនរោ ត្តមសីហនុ ដើម្បីនាំសន្តិភាពសម្រាប់ប្រទេស។
បុរសម្នាក់នេះបានតស៊ូប្រយុទ្ឋក្នុងសមរភូមិ១០៥លើក និងរងរបួសចំនួនត្រឹមពីរលើក និងលើកចុងក្រោមរបួសធ្ងន់ធ្ងររហូតដល់ពិការភ្នែក ជាអ្នកនាំសន្តិភាពពិតប្រាកដមកឲ្យប្រទេសដ៏កំសត់មួយនេះ។
ស្ថាបនិកសន្តិភាពដ៏ជាញជ័យរូបនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអច្ឆរិយៈសព្វថ្ងៃនេះ។

រំលឹកអតីតកាលបន្តិច គឺក្នុងកំឡុងទសវត្សរ៍ទី៩០ ពេលកំពុងចចាសន្តិភាពទីក្រុងប៉ារីសជាមួយសមមិត្តហ៊ុន សែន ដើម្បីនាំសន្តិភាពមកកាន់មាតុប្រទេស នាថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ សម្តេចព្រះបរមរតនកោដិនរោត្តមសីហនុបានថ្លែងថា “អ្នកកាទូតឆ្នើមម្នាក់ដែលអាចប្រកួតប្រជែងជាមួយព្រះអង្គបាន មិនទាន់កើតនៅឡើយទេ” ប៉ុន្តែការពិតសមមិត្តហ៊ុន សែន ដែលអង្គុយទល់មុខសម្តេចសីហនុនាពេលនោះហើយ ជាអ្នកកាទូតដ៏ជាញជ័យ និងអាចតស៊ូលើសមរភូមិកាទូតជាមួយសម្តេចបាន។
សម្តេចតេជោតែងតែទទូចឲ្យប្រជាជនរួមគ្នាថែររក្សាសន្តិភាព និងបានរំលឹកថា “សម្តេចសីហនុបាននាំនិងរក្សាសន្តិភាព សម្រាប់កម្ពុជាត្រឹមរយៈពេល១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសម្តេចបានរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយបានរយៈពេល២០ឆ្នាំហើយ”។
ការថ្លែងរបស់សម្តេចតេជោ គឺចំពេលដែលគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតបានចាប់ឆ្នោតជ្រើសរើសលេខរៀង សម្រាប់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦នាខែកក្កដាខាងមុខនេះ ហើយគណបក្សប្រជាជនកម្ពុជាត្រូវបានចាប់ឆ្នោតចំលេខរៀងទី២០ គាប់ជួននឹងកម្ពុជាប្រារពខួបលើកទី២០ឆ្នាំ ជាពេលវេលាមាសមួយ ដែលសម្តេចតេជោបាននាំសុខសន្តិភាពពេញផ្ទៃប្រទេស ដោយរំលាយអង្គការចាត់តាំងខ្មែរក្រហមបានយ៉ាងជោគជ័យ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះរបស់សម្តេច ដែលទីបំផុតអង្គការចាត់តាំងខ្មែរក្រហម ត្រូវបានរំលាយទាំងស្រុងនៅឆ្នាំ១៩៩៨។

គោលនយោបាយឈ្នះៗនេះ ផ្តើមចេញពីមូលដ្ឋាននៃការដាក់ចេញយុទ្ឋសាស្រ្តផ្នែកកងទ័ព ផ្នែកចិត្តសាស្រ្ត និងការលើកទឹកចិត្តរបស់សម្តេចប្រកបដោយភាពម៉ត់ចត់ ម៉ឺងម៉ាត់របស់សម្តេច តាមរយៈមូលដ្ឋានបីសំខាន់ៗ រួមមានទី១ ប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារ និងអភិវឌ្ឍន៍ ទី២ ប្រែក្លាយតំបន់ជាមួយប្រទេសជិតខាងទាំងអស់ ទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ទី៣ រក្សាទុនទ្រព្យសម្បត្តិ កម្មសិទ្ឋដីធ្លី និងអចលនទ្រព្យដទៃទៀត ដល់ម្ចាស់ដើមដោយគ្មានការរឹបអូស និងកែប្រែ។
សន្តិភាពនិងការអភិវឌ្ឍ
នៅពេលនិយាយពីការអភិវឌ្ឍ គេត្រូវនិយាយដល់សន្តិភាព ដើម្បីនាំមកនូវស្ថិរភាពនយោបាយ និងជាពេលដែលមេដឹកនាំប្រទេសនិមួយៗអាចរៀបចំច្បាប់ និងគោលនយោបាយនានា ដើម្បីទាក់ទាញអ្នកវិនិយោគទុនអន្តរជាតិ មកវិនិយោគនៅប្រទេសរបស់ខ្លួន។ បើប្រទេសមួយគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍឡើយ។ នេះជាកត្តាសត្យានុម័ត។
ហេតុនេះទើបសន្តិភាពជាមូលដ្ឋាននៃអ្វីៗទាំងអស់ ហើយសម្តេចតេជោបានថ្លែង ម្តងហើយម្តងទៀតនិងទទូចថា “ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ក៏សម្តេចត្រូវរក្សាសន្តិភាពឲ្យបាន”។

ក្នុងសៀវភៅហ៊ុន សែនបុរសខ្លាំង ដែលនិពន្ឋដោយហារីស មេត្តា និងជូលី មេត្តាបានដកស្រង់នូវប្រសាសន៍ និងក្តីសុបិនផ្ទាល់របស់សម្តេចដែលថ្លែងថា លោកចង់ប្រែក្លាយកម្ពុជា ជាខ្លាសេដ្ឋកិច្ចនៅអាស៊ី”។
សុបិនរបស់សម្តេចបានក្លាយជាការពិត ដោយកាលពីឆ្នាំ២០១៥កន្លងមកនេះធនាគារអភិវឌ្ឍន៍អាស៊ី បានប្រសិទ្ឋិនាមកម្ពុជា “ជាខ្លាសេដ្ឋកិច្ចថ្មីក្នុងតំបន់អាស៊ី” ដោយសារតែសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនជាង៧ភាគរយក្នុងរយៈពេលជាងពីរទសវត្សរ៍។
ផ្អែកលើមូលដ្ឋាននៃសុខសន្តិភាព ស្ថិរភាពនយោបាយ មូលដ្ឋានច្បាប់ដ៏ល្អប្រសើរ និងបរិយាកាសវិនិយោគល្អប្រសើរនេះហើយ ទើបវិនិយោគិនបរទេសបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលជាការចាក់បញ្ចូលនូវមូលធន ចូលសេដ្ឋកិច្ចកម្ពុជាចាប់តាំងពីដើមទសវត្សរ៍ទី៩០ ដោយគ្រាន់តែអ្នកវិនិយោគចិនមួយបានបោះទុនជាង១៧ពាន់លានដុល្លារគិតត្រឹមខែ ឧសភាឆ្នាំ២០១៨នេះ។ មូលធនទាំងនេះបានជ្រាបចូលគ្រប់ផ្នែកនៃសង្គមកម្ពុជា ដែលធ្វើឲ្យរដ្ឋាភិបាលអាចស្តារសេដ្ឋកិច្ចសង្គមរបស់ខ្លួនឡើងវិញយ៉ាងស្វាហាប់។
ចំនួនទុនវិនិយោគខាងលើនេះ មិនទាន់រាប់បញ្ចូលអ្នកវិនិយោគជប៉ុន កូរ៉េ ប្រទេសក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក អឺរ៉ុបនៅឡើយទេ។
យើងអាចសួរសំណួរងាយៗថា តើអ្នកណានឹងមកបោះទុនវិនិយោគនៅកម្ពុជា ប្រសិនជាកម្ពុជាមិនមានសុខសន្តិភាព មិនមានមូលដ្ឋានសេដ្ឋកិច្ចរ៉ឹងមាំ មិនមានច្បាប់វិនិយោគដ៏ទាក់ទាញ មិនមានច្បាប់ពន្ឋដ៏ល្អប្រសើរ និងបរិយាកាសនយោបាយ ព្រមទាំងបរិយាកាសវិនិយោគដ៏ល្អប្រសើរមួយទេនោះ?។
យុវជនវ័យក្មេងម្នាក់ ដែលបានចាប់កំនើតក្នុងទសវត្សរ៍ទី៩០បាននិយាយថា“ខ្ញុំចង់ស្គាល់សង្រ្គាម តើវាមាសរសជាតិយ៉ាងណា?” ខ្ញុំអ្នកសរសេរដែលបានលឺសម្តីនេះផ្ទាល់បានគ្រវីក្បាល និងប្រាប់គាត់ថា “សូមប្អូនមើលប្រទេសស៊ីរី ប្រទេសលីប៊ី ប្រទេសអ៊ីរ៉ាក់ជាដើម តើមានសភាពខ្លោចផ្សារបែបណា? តើអ្នកពេញចិត្តនឹងឃើញខ្មែរជួបសោកនាដកម្មនេះទៀតឬ”។ ខ្មែរក្រហមសម្លាប់ជាង៣លាននាក់ ពិតជាខ្លោចផ្សារពេកហើយប្អូន!។
ហេតុនេះតម្លៃសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ ដើម្បីស្តារនិងអភិវឌ្ឍន៍ប្រទេសឡើងវិញ ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីកសាងនិងបង្កើនមូលដ្ឋានសេដ្ឋកិច្ច ធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឲ្យសម្រេចបានកំនើនរយៈពេលវែងបន្ថែមទៀត។
ជាថ្មីម្តងទៀតស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោហ៊ុន សែនកាលពីថ្ងៃទី៤មិថុនាកន្លងមកថ្មីៗនេះ បានស្នើដល់ជនរួមជាតិទាំងអស់ ឲ្យបន្តដំណើរជាមួយសម្តេច ដើម្បីការពារនូវសន្តិភាព ធានានូវការអភិវឌ្ឍសម្រាប់ការលូតលាស់នៃជាតិកម្ពុជាយើងបន្តទៀត។
សម្តេចបន្តថា“មានតែសន្តិភាពមួយគត់ ដែលផ្តល់ឳកាសឲ្យយើងធ្វើអ្វីៗតាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា”។
សន្តិភាពត្រូវបានគេប៉ងរំលាយ
ក្នុងទិដ្ឋភាពនយោបាយ យើងមិនអាចមើលតែភ្នែកទទេ និងប្រើត្រចៀកស្តាប់ហើយអាចវិនិច្ច័យថា “ខុស និងត្រូវ”បានទេ នៅពេលយើងមិនយល់ពីវិទ្យាសាស្រ្តនយោបាយ មិនយល់ពីភូមិសាស្រ្តនយោបាយ មិនយល់ពីទំនាក់ទំនងអន្តរជាតិ និងរលកនៃមនោគមវិជ្ជាអន្តរជាតិ។
ប្រជាពលរដ្ឋកម្ពុជា ទើបរស់បានសុខស្រួល មានផ្ទះ មានមុខរបរ មានប្រាក់ចំណូលសមរម្យ ពួកគេបានចេញដើរកំសាន្តនៅក្រៅប្រទេស។ ពួកគេឃើញប្រទេសគេមានការអភិវឌ្ឈ។ បន្ទាប់ពីត្រលប់មកដល់ប្រទេសវិញ ពួកគេចង់ឃើញប្រទេសខ្លួនឯងរីកចម្រើនដូចប្រទេសរីកចំរើននានា ក្នុងរយៈពេលមួយយប់ ដោយភ្លេចគិតមូលដ្ឋានចំណេះដឹង មិនបានវិភាគ និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយថា តើប្រទេសរបស់ខ្លួនផ្តើមចេញពីទីណា ស្ថិតក្នុងស្ថានភាពដូចម្តេច និងកំពុងធ្វើដំណើរទៅកាន់ទីណាពិតប្រាកដឡើយ។
ការមានមហិច្ឆតាចង់ឲ្យប្រទេសរបស់ខ្លួនអភិវឌ្ឍន៍លឿន ពិតជាមិនខុសនោះទេ ខុសត្រង់ពួកគេមិនទាន់ បានយល់ដឹងពីមូលដ្ឋានប្រទេសរបស់ខ្លួន មិនបានសិក្សាពីមូលដ្ឋាននៃការអភិវឌ្ឍប្រទេសមួយបានត្រឹមត្រួវនៅឡើយ? ហើយធ្លាប់បានសួរខ្លួនឯងឬនៅថាបានចូលរួមចំណែកអ្វីខ្លះ ដើម្បីអភិវឌ្ឍន៍ប្រទេសខ្លួនឯងជាមួយរដ្ឋាភិបាល?។
លោកប្រធានាធិបតីអាមេរិក ចន អេហ្វ ខេណឺឌីបានលើកសុភាសិតមួយថា“អ្នក មិនត្រូវសួរថា តើប្រទេសជាតិរបស់អ្នកបានធ្វើអ្វីសម្រាប់អ្នកទេ តែត្រូវសួរខ្លួនឯងថាតើបានធ្វើអ្វីមួយសម្រាប់ប្រទេសរបស់ខ្លួនឬនៅ”។
ប្រទេសមួយដែលប្រកាន់ប្រជាធិបតេយ្យ មិនមែនសំដៅប្រជាធិបតេយ្យរបស់អាមេរិក ឬលោកខាងលិចដទៃទៀតនោះទេ ព្រោះបរិបទនៃវប្បធ៌ម អរិយធ៌ម កម្រិតនៃការយល់ដឹងរបស់ជនជាតិនិមួយៗមានភាពខុសៗគ្នា។ ហេតុនេះ កម្ពុជាគួរដើរតាមផ្លូវរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឈ សុខដុមនីយកម្ម និងវិបុលភាពសម្រាប់ប្រទេសរបស់ខ្លួន។
ការលើកឡើងរបស់មេដឹកនាំនៃគណបក្ស ដែលមាននិន្នាការងាកទៅកាន់លោកខាងលិច មិនខុសទេសម្រាប់បុគ្គលនោះខ្លួនឯង ប៉ុន្តែខុសសម្រាប់កម្ពុជាទាំងមូល ព្រោះនៅក្នុងភូមិសាស្រ្តនយោបាយ និងមនោគមវិជ្ជារបស់បរទេសជិតខាង ដែលមានតែសីលធ៌មសំបកក្រៅ ពួកគេមិនចង់ឲ្យកម្ពុជាដើរលឿនទៅមុខជាងខ្លួននោះទេ។ ពួកគេមិនចង់ឃើញកម្ពុជាមានវិបុលភាពជាងខ្លួនឡើយ។
ជាក់ស្តែងប្រព័ន្ឋផ្សព្វផ្សាយរបស់ប្រទេសជិតខាងកម្ពុជា បណ្តាញសង្គមហ្វេសបុករបស់ពួកគេ មិនសូវឃើញពួកគេផ្សព្វផ្សាយពីការរីកចម្រើនរបស់កម្ពុជា ដូចប្រជាជនកម្ពុជា ដែលតែងតែមានសមាណចិត្ត និងតែងតែផ្សព្វផ្សាយពាណិជ្ជកម្មឲ្យប្រទេសគេដោយមិនដឹងខ្លួននោះឡើយ។
សន្តិភាពត្រូវជារបស់យើងទាំងអស់គ្នា
ពីរទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនជាង៧ភាគរយជាប្រចាំ។ ទីក្រុងភ្នំពេញបានផ្លាស់ប្តូរចេញពីមូលដ្ឋានដ៏ខ្លោចផ្សារ ដែលមានមនុស្សត្រឹម៧០នាក់ មកកាន់ទីក្រុងមមាញឹកមួយ ដែលមានមនុស្សជាង៣លាននាក់រស់នៅនិងចេញចូលជាប្រចាំ។ ទីក្រុងដែលមិនធ្លាប់មានអាគារខ្ពស់ ដល់តែងើយចង់បាក់ “ក” ទើបឃើញកំពូលអាគារ បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដោយមានអាគារខ្ពស់ប្រមាណ១០០០អាគារនៅដំណាច់ឆ្នាំ២០១៧។
អត្រាភាពក្រីក្របានធ្លាក់ចុះពី៥៤ភាគរយ មកនៅត្រឹម១៣ភាគរយនៅឆ្នាំ២០១៤ ហើយប្រាក់ចំណូលប្រជាជន នឹងកើនឡើងដល់១៤៣២ដុល្លារនៅឆ្នាំ២០១៧ ដល់១៩០០ដុល្លារនៅឆ្នាំ២០២០ខាងមុខ។

ប្រទេសដែលមានងារជាប្រទេសអភិវឌ្ឍន៍តិចតួច បានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់(ចន្លោះពី៤៨០០ដុល្លារ ទៅ១២០០០ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ) នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ (ប្រជាជនម្នាក់ មានប្រាក់ចំណូលចាប់ពី១២០០០ដុល្លារអាមេរិកឡើងក្នុងមួយឆ្នាំ) នៅឆ្នាំ២០៥០ ជាផែនការនិងវិថីមាស ដែលរាជរដ្ឋាភិបាលបានរៀបចំផែនការ និងយុទ្ឋសាស្រ្តច្បាស់លាស់រួចទៅហើយ។
ហេតុនេះតម្លៃសន្តិភាព ត្រូវតែមាន និងគួរស្ថិតក្នុងចិត្តប្រជាពលរដ្ឋគ្រប់រូប ដែលចង់បានសន្តិភាព និងការអភិវឌ្ឍនៃសេដ្ឋកិច្ចបុគ្គល សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមបន្តទៀត។
អ្វីដែលប្រជាពលរដ្ឋ អាចរួមចំណែកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនបាន គឺការចូលរួមអភិវឌ្ឍន៍ខ្លួនឯងជាមុន ចូលរួមអភិវឌ្ឍន៍សង្គម តាមរយៈការចែករំលែកក្តីស្រលាញ់មនុ ស្សជុំវិញខ្លួន ស្រលាញ់បរិស្ថានជុំវិញខ្លួន និងស្រលាញ់ប្រទេសជាតិរបស់ខ្លួន និងរក្សាសន្តិភាពសម្រាប់ប្រទេសជាតិរបស់ខ្លួន។

កាំភ្លើងបានគួចកាណុងហើយ សន្តិភាពកំពុងមានហើយ ស្នូរគ្រាប់កាំភ្លើងចេញពីព្រៃ ដែលធ្លាប់ប្រយុទ្ឋគ្នារវាងខ្មែរ និងខ្មែរបានបញ្ចប់រយៈពេលពីរទសវត្សរ៍ហើយ។ ហេតុនេះអ្វីដែលនៅសល់ គឺតម្លៃនៃសន្តិភាពដែលគួរស្ថិតក្នុងចិត្តប្រជាជនកម្ពុជាគ្រប់រូប និងចូលរួមថែររក្សាទាំងអស់គ្នា ដើម្បីកសាងសង្គមកម្ពុជាមួយ ដែលមានសន្តិភាពទាំងចិត្ត ទាំងកាយ និងក្លាយជាសង្គមនៃអរិយជននិងវិបុលភាពនាពេលអនាគត៕