ដោយ : ដែន ចែងចាំង
ភ្នំពេញ : ការឌីសាញខុនដូថ្មីមួយ ដែលមានទំហំបន្ទប់តូចល្មម និងតំលៃសមរម្យដើម្បីឆ្លើយតបប្រជាជនមានជីវភាពមធ្យម និងការអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីការស្នាក់នៅខុនដូ មានភាពងាយស្រួល និងផាសុខភាពដូចម្តេច គួរជាអ្វីដែលអ្នកវិនិយោគក្នុងស្រុកនិងបរទេសមួយចំនួនកំពុងចាប់អារម្មណ៍។

ខុនដូ BCK ទំនងជាបាននិងកំពុងដើរលើផ្លូវត្រូវ តាមរយៈការឌីសាញទំហំបន្ទប់ត្រឹមទំហំជាង១៦ម៉ែត្រការ៉េ និងលក់ចាប់ពីតំលៃ១៤៥៩០ដុល្លារអាមេរិកប៉ុណ្ណោះ ជាខុនដូតំលៃទាបមួយ ក្នុងចំណោមខុនដូតំលៃទាបជាច្រើនបាននិងកំពុងចាប់ផ្តើមវិនិយោគនៅប្រទេសនេះ។ ខុនដូនេះមានផ្ទះចំនួនជាង១០០០យូនីត។
អ្នកស្រី ផន ចាន់ថា ប្រធានផ្នែកលក់នៃគម្រោងខុនដូ BCK ដែលមានទីតាំងនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ និងមានចម្ងាយប្រមាណ១គីឡូម៉ែត្រពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា អាគារខុនដូកំពស់២៨ជាន់នេះ មានតំលៃចាប់ពី១៤៥៩០ដុល្លារអាមេរិក ដល់ជាង៣ម៉ឺនដុល្លារប៉ុណ្ណោះ ជាខុនដូមួយដែលសាងសង់ឡើង សម្រាប់ប្រជាជនថ្នាក់កណ្តាល ព្រោះនៅកម្ពុជាគ្រួសារប្តីប្រពន្ឋ ដែលមានប្រាក់ចំណូលបូកចូលគ្នាបានចន្លោះពី៥០០ទៅ៦០០ដុល្លារមានចំនួនច្រើន។
អ្នកស្រីបន្តថា “គំរោងនេះផ្តោតលើអតិថិជនដែលមានប្រាក់ចំណូលទាប អ្នកជួលផ្ទះគេស្នាក់នៅអាចទិញខុនដូនេះរស់នៅបាន ពួកគេអាចទិញបង់រំលោះបាន ជាជាងជួលផ្ទះគេ ដែលក្រោយពីជួលពួកគេមិនបានទទួលអ្វីសោះ”។ អ្នកស្រីបន្ថែមថា “ តំលៃដីសង់ផ្ទះនៅក្នុងទីក្រុងឥឡូវថ្លៃណាស់ ទាល់តែ៤ទៅ៥ម៉ឺនទើបអាចទិញបាន ដូច្នេះជម្រើសទិញខុនដូជាការប្រសើរ ដូចជាគំរោងខុនដូ BCK អតិថិជនគ្រាន់តែបង់ប្រាក់១ខែ២៥០ដុល្លារអាចទិញបានហើយ”។

-->
ប្រធានផ្នែកទីផ្សាររូបនេះបានបន្តថា ទំហំខុនដូនេះមិនធំទេ ហើយការឌីសាញសមរម្យអាចទទួលយកបាន មិនល្អពេក និងមិនប្រណីតពេកនោះទេ គឺស័ក្តិសមសំរាប់ប្រជាពលរដ្ឋដែលមានជីវភាពមធ្យមអាចរស់នៅបាន ខណៈការសាងសង់ខុនដូនេះនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ និងគ្រោងបញ្ចប់នៅឆ្នាំ២០១៩ខាងមុខ។
ក្រុមហ៊ុនលំនៅដ្ឋាន L កម្ពុជា ភ្នំពេញ ក៏បាន និងកំពុងចាប់យកទីផ្សារខុនដូសំរាប់ប្រជាជនថ្នាក់កណ្តាលផងដែរ។
លោក ទុយ ប៊ុន អគ្គនាយកទទួលបន្ទុកផ្នែកបច្ចេកទេសនៃក្រុមហ៊ុនលំនៅដ្ឋាន L កម្ពុជា ភ្នំពេញ បានថ្លែងថា ការវិនិយោគខុនដូរបស់ក្រុមហ៊ុនលោកដែលផ្តោតលើប្រជាជនថ្នាក់កណ្តាល ដោយសារហេតុផលចំនួនពីរ ទី១ ទីតាំងរបស់លោកមិនអាចទាក់ទាញអ្នកមានប្រាក់ច្រើន និងទី២ ផ្តោតលើប្រជាជនមានជីវភាពមធ្យម ដែលប្រជាជនក្នុងស្រទាប់នេះ មានចំនួនច្រើនជាងទីផ្សារសម្រាប់អ្នកមានជីវភាពធូរធារ។ លោកបន្តថា ខុនដូរបស់លោកបានលក់ចាប់ពីតំលៃ៤ដល់៨ម៉ឺនដុល្លារអាមេរិកអាស្រ័យលើចំនួនបន្ទប់ និងជាន់និមួយៗ។
លោកបន្តថា “មនុស្សអាចរស់នៅខុនដូច្រើននាពេលអនាគត ប៉ុន្តែវាអាស្រ័យលើទីកន្លែងការងាររបស់ពួកគេផងដែរ ប្រសិនជាការងារពួកគេផ្លាស់ប្តូរទៅជាយក្រុងច្រើន ការស្នាក់នៅខុនដូក៏មិនមានចំនួនច្រើនទេ”។លោកបន្តថា “ក្រុមហ៊ុនបានផ្តល់ការបង់រំលោះនូវលក្ខខ័ណ្ឌសមស្រប ដែលអតិថិជនមានប្រាក់ចំណូលមធ្យមអាចមានលទ្ឋភាពបង់បាន”។
ក្រុមហ៊ុនលំនៅដ្ឋាន L កម្ពុជាភ្នំពេញ បានធ្វើការវិនិយោគសាងសង់ខុនដូចំនួន៥ទីតាំងខុសៗគ្នា ក្នុងនោះពីរទីតាំងបានអនុញ្ញាត្តឲ្យអតិថិជនចូលស្នាក់នៅរួចហើយ និងអាគារទីបី គ្រោងបញ្ចប់នៅដើមឆ្នាំ២០១៧ខាងមុខនេះ និងពីរទីតាំងទៀតត្រៀមបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨។ អាគារទី១ ដែលអនុញ្ញាត្តឲ្យអតិថិជនចូលស្នាក់នៅ មានអ្នកចូលទៅរស់នៅប្រមាណ៨០ភាគរយ និងអាគារទី២មានអ្នកចូលស្នាក់នៅប្រមាណ១០ភាគរយប៉ុណ្ណោះ ដោយសារទើបបើកឲ្យអតិថិជនចូលទៅរស់នៅ។ លោក ទុយ ប៊ុន បញ្ជាក់ឲ្យដឹង។
លោកបន្តថា“ការវិនិយោគខុនដូរបស់យើងធ្វើឡើងសម្រាប់គ្រួសារតូច ព្រោះបន្ទប់មានទំហំចាប់ពី៣០ម៉ែត្រ ទៅ៥០ម៉ែត្រការ៉េប៉ុណ្ណោះ ដូច្នេះគ្រួសារដែលមានសមាជិកត្រឹម៣នាក់ ជាការសមស្របក្នុងការរស់នៅខុនដូបែបនេះ”។
ជាក់ស្តែងអត្រាមានកូនក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា កាន់តែមានទំហំតូច ដោយការអង្កេតប្រជាសាស្រ្ត និងសុខភាពរបស់ក្រសួងសុខាភិបាលបានរកឃើញថា អត្រាមានកូនក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាមធ្យមបានថយចុះពី៣.0នាក់កាលពីឆ្នាំ២០១០ មកនៅត្រឹម២.៧នាក់នៅឆ្នាំ២០១៤។
លោកស្រីវេជ្ជបណ្ឌិត ទុង រដ្ឋាវី នាយិកាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកបានថ្លែងថា សមាជិកគ្រួសាររបស់ប្រជាពលរដ្ឋកាន់តែរួមតូច ហើយអាយុមានកូនរបស់ស្រ្តីកម្ពុជាបានកើនពីអាយុ១៨ឆ្នាំ មកដល់២២ឆ្នាំសម្រាប់ការមានកូនជាលើកតំបូង ដោយសារពួកគេជាប់រវល់នឹងការសិក្សា ហើយពួកគេរវល់ធ្វើការទាំងពីរនាក់ប្តីប្រពន្ឋ។
លោកស្រីបន្តថា “ដោយសារប្រទេសជាតិកាន់តែអភិវឌ្ឍន៍ ចំនួននៃការយកបុត្រកាន់តែតិច ដោយសារប្រជាពលរដ្ឋកម្ពុជាសិក្សាកាន់តែច្រើន ចំណាកស្រុកកាន់តែច្រើន និងរវល់ការងារកាន់តែច្រើន ដែលធ្វើឲ្យពួកគេមិនសូវយកបានបុត្រច្រើន”។

អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ខុនដូដែលមានទំហំតូចៗ មិនសមស្របសម្រាប់រស់នៅរយៈពេលវែងនោះទេ តែសមស្របសម្រាប់ការរស់នៅសម្រាប់អ្នកមកពីខេត្តមកសិក្សា ហើយអាគារបន្ទប់តូចៗបែបនេះ គេហៅថាអាផាតម៉ិន មិនមែនខុនដូទេ ព្រោះខុនដូសំដៅអាគារមានលក្ខណៈទំនើប និងមានការបំពាក់សម្ភារៈបរិក្ខាទំនើប។ អ្នកនាងបន្តថា តំលៃចាប់ពីជាង២ម៉ឺនដុល្លារឡើង សមស្របសម្រាប់ប្រជាពលរដ្ឋថ្នាក់កណ្តាល ដែលជាទីផ្សារធំសំរាប់វិស័យនេះ។
អ្នកនាងបន្តថា “ប្រជាជនថ្នាក់កណ្តាលជាអតិថិជនរបស់អ្នកវិនិយោគខុនដូ ដែលផ្តោតលើក្រុមប្រជាជនលំដាប់នេះ ដែលមានចំនួនច្រើន ហើយពួកគេនឹងរស់នៅខុនដូច្រើន”។អ្នកនាងបន្ថែមថា “ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមវិវត្តន៍ពីរស់នៅតាមផ្ទះល្វែង វីឡាមករស់នៅខុនដូ ដោយសារដីក្នុងទីក្រុងចង្អៀត និងកាន់តែឡើងថ្លៃ និងចរាចរណ៍កាន់តែចង្អៀត”។

ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាង បានថ្លែងថា ពេលនិយាយពីខុនដូ ត្រូវមានចំណតរថយន្ត មានសន្តិសុខ សុវត្ថិភាព មានកន្លែងសាធារណៈដែលអាចប្រើប្រាស់រួម មានអាងហែលទឹក និងកន្លែងហាត់ប្រាណផ្សេងៗ តែបើមិនមានសេវាទាំងនេះ ប្រៀបបីដូចជាយកស្រាសដាក់ក្នុងកំប៉ុងប៊ឺយ៉ែរ។
លោកបន្តថា “បើសាងសង់ខុនដូមិនមានសេវាទាំងអស់នេះទេ ហើយបន្ទប់មានទំហំត្រឹម១៦ម៉ែត្រការ៉េ គឺជាបន្ទប់សម្រាប់លក់មិនមែនខុនដូទេ កុំយកពាក្យខុនដូមកប្រើ នាំឲ្យខូចកេរ្ត៍ឈ្មោះខុនដូរបស់គេ”។លោកបន្តថា “ខុនដូដែលមានទំំហំ៣០ម៉ែត្រការ៉េទៅជាការសមរម្យ ហើយលក់ក្នុងតំលៃចន្លោះពី៤ទៅ៦ម៉ឺនដុល្លារអាចទទួលយកបានហើយ”៕