ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ នៅទីបំផុតអាគារប៊ូឌីញស បានបាត់ស្រមោលជាមួយពេលវេលា និងដំណើរការអភិវឌ្ឍនៃទីក្រុងភ្នំពេញដ៏ឆាប់រហ័ស ដែលធ្វើឲ្យអាគារចាស់ៗជាច្រើនបានបាត់ស្រមោលពីក្រសែភ្នែកប្រជាពលរដ្ឋ ហើយអាគារខ្ពស់កប់ពពកជាច្រើនបានរះឡើងជាមួយនឹងការផ្លាស់ប្តូរមុខមាត់ទីក្រុងនេះចេញពីគំនរផេះផង់ ទៅកាន់ទីក្រុងមួយដែលមានភាពស៊ីវិល័យ។

-->
ការកើនឡើងនូវវត្តមានអាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ ទំនងជាមិនបញ្ចប់នៅពេលឆាប់ៗនោះទេ ជាក់ស្តែងអាគារភ្លោះថៃប៊ុនរ៉ង ដែលជាអាគារខ្ពស់មួយក្នុងចំណោមអាគារខ្ពស់ៗមួយចំនួនក្នុងតំបន់អាស៊ាន និងគ្រោងចំណាយប្រាក់វិនិយោគ៥០០០ពាន់លានដុល្លារ នឹងក្លាយជាមេដែកឆក់មួយដែលផ្តល់ទំនុកចិត្ត និងទាក់ទាញវិនិយោគិនកាន់តែច្រើនថែមទៀតមកកាន់ប្រទេសនេះកាន់តែច្រើនថែមទៀតនាពេលអនាគត ប្រសិនជាវត្តមានអាគារនេះលេចរូបរាងពិតប្រាកដ។
ការមកដល់នូវអ្នកវិនិយោគកូរ៉េ ចិន សាំងហ្កាពួរ ម៉ាឡេស៊ី និងចុងក្រោយអ្នកវិនិយោគមកពីប្រទេសចិន បានធ្វើឲ្យប្រទេសនេះក្លាយជាខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់អាស៊ី ជាឈ្មោះថ្មីដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រសិទ្ឋនាមឲ្យប្រទេសនេះកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ធនាគារពិភពលោកក៏បានចាត់ចំណាត់ថ្នាក់ថ្មីដល់កម្ពុជា ចេញពីប្រទេសអភិវឌ្ឍន៍តិចតួច មកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំមុនផងដែរ។
ជាក់ស្តែង ទុនវិនិយោគក្នុងវិស័យសំណង់នៅដំណាច់ឆ្នាំ២០១៦ កន្លងមកនេះមានទំហំទឹកប្រាក់រហូតដល់ជាង៨,៥៣៤លានដុល្លារអាមេរិក កើនឡើង១៥៥,៦៨ភាគរយ ធៀបរយៈពេលមួយឆ្នាំដូចគ្នាកាលពីឆ្នាំ២០១៥ ហើយទំហំទុនពិតប្រកដពីលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា រយៈពេលម្ភៃឆ្នាំពីឆ្នាំ១៩៩៤ ដល់២០១៤ មានប្រមាណ១៩,២ពាន់លានដុល្លារ ក្នុងនោះ៤៤ ភាគរយគឺជាទឹកប្រាក់នៃការវិនិយោគរបស់ចិន។
ក្នុងរយៈពេល៩ខែឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យកើនឡើង២២ភាគរយ ដោយមានទំហំទឹកប្រាក់រហូតដល់៥៦៣៦លានដុល្លារអាមេរិក។
លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា “កំណើននៃការវិនិយោគនេះ ជាកំណើនដ៏ល្អនេះ ជាការឆ្លុះបញ្ចាំងពីទស្សនវិស័យប្រកបដោយសុទិដ្ឋិនិយមនូវកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គមរបស់កម្ពុជា។
អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានថ្លែងថា “ការបង្ហាញវត្តមានអាគារខ្ពស់ៗ វាពិតជាកត្តាសំខាន់ និងធ្វើឲ្យកម្ពុជាលេចមុខមាត់នៅក្នុងតំបន់អាស៊ី និងពិភពលោក។អ្នកនាងបន្តថា “នៅមុនឆ្នាំ២០១០ កម្ពុជាមិនទាន់មានអាគារកប់ពពកនៅឡើយទេ ប៉ុន្តែក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ វត្តមានអាគារខ្ពស់ៗបានលេចឡើងស្ទើរគ្រប់កន្លែង ដែលជាការឆ្លុះបញ្ចាំងពីការរីកចំរើនសេដ្ឋកិច្ចសង្គម និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគនៅប្រទេសនេះ។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី ក្រុងភ្នំពេញបានរកឃើញថា នៅរាជធានីភ្នំពេញមានវត្តមានអាគារខ្ពស់ៗ ចាប់ពី៥ជាន់រហូតដល់ជាង៤០ជាន់ចំនួនជាង៦០០អាគារនិងមានអាគារជាច្រើនទៀតកំពុងចាប់ផ្តើមសាងសង់ ដែលមានកំពស់រហូតដល់៦៣ជាន់។
អ្នកនាងសុធីតាបានបន្តថា “ការកើនឡើងនូវវត្តមានអាគារខ្ពស់ៗ ទន្ទឹមនឹងកម្ពុជាមានច្បាប់កម្មសិទ្ឋិរឹងមាំ ក៏បានរួមចំណែកធ្វើឲ្យអ្នកវិនិយោគ កាន់តែមានទំនុកចិត្តនិងចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។អ្នកនាងបន្តថា “ទោះជាកម្ពុជាមានវត្តមានអាគារខ្ពស់ៗក៏ដោយ ក៏កម្ពុជាមិនទាន់បទពិសោធន៍លើការគ្រប់គ្រង និងគុណភាពអាគារទាំងនោះ មួយចំនួនមិនទាន់ឆ្លើយតបតាមស្តង់ដាអន្តរជាតិនោះទេ។
យោងតាមការសិក្សារបស់អង្គភាពព័ត៌មានសេដ្ឋវិទូបានរកឃើញថា ទំហំនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ក្នុងទីក្រុងនេះភ្នំពេញមានចំណូល១០.៩០០ដុល្លារកាលពីឆ្នាំមុន និងកើនដល់៣២.២០០ដុល្លារនៅឆ្នាំ២០៣០ខាងមុខ។
ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា ពីមុនមនុស្សអត់ផ្ទះរស់នៅ បន្ទាប់មកមនុស្សមានផ្ទះរស់នៅ ហើយមានអាគារខ្ពស់ ដែលធ្វើឲ្យអ្នកពូកែ និងមានសមត្ថភាពពួកគេអាចក្លាយជាអ្នកមាន និងអ្នកមិនសូវឆ្លាតនៅតែក្រីក្រ នេះជាបរិបទទីផ្ដាសេរី។ លោកបន្តថា ពីមុនមិនមានអ្នកណាមានលុយដើរលេងក្រៅប្រទេស មិនមានលុយទិញរថយន្តទំនើប មិនមានវីឡាដ៏ស៊ីវិល័យទេ ប៉ុន្តែពេលនេះមានហើយ វាបញ្ជាក់ថាប្រទេសកម្ពុជាកំពុងមានភាពរីកចំរើន។

លោកបន្តថា “កាលពី១០ឆ្នាំមុន ខ្ញុំមិនហ៊ានរំពឹងថាក្រុងភ្នំពេញមានភាពរីកចំរើនបែបនេះទេ តែពេលនេះវត្តមានអាគារខ្ពស់ៗបានរីកដូចផ្សិត វាជាមោទនភាពមួយ។លោកបន្តថា “នៅពេលជនបរទេសចុះពីយន្តហោះ ពួកគេឃើញហាងទំនើបៗ អាគារខ្ពស់ៗ រថយន្តទំនើបៗ ពួកគេសប្បាយចិត្តនឹងមករស់នៅ និងវិនិយោគនៅទីនេះ។
ភាពរីកចំរើននេះ មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព ស្ថិរភាពនយោបាយ និងការរក្សាបានកំនើនសេដ្ឋកិច្ចយ៉ាងរឹងមាំនោះទេ ជាក់ស្តែកគិតត្រឹមរយៈពេលពីរទសវត្សរ៍ កម្ពុជាសម្រេចបានមានកំនើនសេដ្ឋកិច្ច៧,៧ភាគរយគិតពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៤ និងរក្សាកំនើនរហូតដល់៧ភាគរយបន្ថែមទៀត សម្រាប់រយៈពេលមធ្យមខាងមុខនេះ។
ទោះជាយ៉ាងណាសេដ្ឋវិទូកម្ពុជា ជាសញ្ញាល្អ ប៉ុន្តែវាមិនឆ្លុះបញ្ចាំងពីការរីកចំរើនសេដ្ឋកិច្ចសង្គមនោះទេ។
ជាអ្នកវិនិយោគអាគារលំនៅដ្ឋាន ដ៏លេចធ្លោមួយរូបនៅទីក្រុងភ្នំពេញ ដែលបាននិងកំពុងសាងសង់គំរោង The Bridge កំពស់៤៥ជាន់ និងអាគារពាណិជ្ជកម្ម The PeAk តំលៃជិត១០០០លានដុល្លារ លោកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World Bridge Land Co, Ltd នៅតែមានសុទិដ្ឋិនិយមចំពោះការរីកចំរើនដែលកម្ពុជាកំពុងសម្រេចបាននេះ។
លោកឧកញ៉ា សៀ រិទ្ឋី បានបន្តថា បើយើងពិនិត្យទៅលើគម្រោងវិនិយោគផ្នែកអចលនទ្រព្យធំៗ គឺចាប់ពីទំហំទឹកប្រាក់លើសពីរយលានឡើងទៅនៅកម្ពុជា គឺមានប្រមាណ៦០ភាគរយ ជាការវិនិយោគមកពីបរទេស ជាពិសេសមកពីចិនតែម្តង ហើយភាគច្រើននៃគម្រោងរបស់ពួកគាត់ទាំងនោះ គឺគាត់បានសិក្សាទីផ្សារយ៉ាងច្បាស់លាស់ និងកំណត់គោលដៅរបស់ខ្លួនរួចទៅហើយ។ ពួកគាត់ក៏មានទាំងអតិថិជនមកពីបរទេសនៅក្នុងដៃសឹងតែគ្រប់តម្រូវការតែម្តង។
លោកបានថ្លែងថា “ទីផ្សារអចលនទ្រព្យនឹងបន្តដំណើរការទៅមុខជានិច្ច អត់មានអ្វីប្រែប្រួលប្លែកនោះទេ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការមានវត្តមានអាគារខ្ពស់ៗ ការអភិវឌ្ឍន៍ប្រទេស ពិតជាការខិតខំរបស់រដ្ឋាភិបាល ប៉ុន្តែនៅពេលទីក្រុងមួយមានអាគារខ្ពស់ៗច្រើន មានមនុស្សរស់នៅច្រើន វានឹងធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងកកស្ទះចរាចរ ហេតុនេះរដ្ឋាភិបាលគួរធ្វើយ៉ាងណាកុំឲ្យមានមនុស្សរស់នៅទីក្រុងច្រើនពេក
ិបាលគួរធ្វើយ៉ាងណាកុំឲ្យមានមនុស្សរស់នៅទីក្រុងច្រើនពេក ប៉ុន្តែផ្ទុយទៅវិញគួររៀបចំទីក្រុងមួយដែលសម្គាល់ជាអប៉ុន្តែផ្ទុយទៅវិញគួររៀបចំទីក្រុងមួយ សម្រាប់សម្គាល់ជាអត្តសញ្ញាណជាតិរបស់កម្ពុជា។
លោកបន្តថា “រដ្ឋាភិបាលមិនគួរធ្វើឲ្យទីក្រុងធំពេកនោះទេ គួររៀបចំទីក្រុងមួយដែលអាចបង្ហាញនូវអ្វីជាខ្មែរ ជាកន្លែងដែលអាចឲ្យមនុស្សរស់នៅស្រួល និងមានបរិស្ថានល្អ។លោកបន្តថា “មានការរិះគន់ថាទីក្រុងភ្នំពេញ មិនមានសាលតាំងពិព៌ណ មិនមានកសារៈមន្ទីរ មិនមានតំបន់បៃតង និងមិនមានកន្លែងសម្រាកលំហែរគ្រប់គ្រាន់នោះទេ។
លោកបានលើកឧទាហរណ៍ជាក់ស្តែងមួយ ពីទីក្រុងវ៉ាស៊ីនតោននៅពេលមួយនោះគឺ សម្បូរពួកអភិជនស្បែកសរស់នៅ ប៉ុន្តែក្រោយមកប្រជាជនស្បែកខ្មៅ និងអ្នកក្រីក្រចូលទៅរស់នៅច្រើន ជាលទ្ឋផលពួកអភិជនបានចាកចេញទៅរស់នៅជាយក្រុង ហើយអ្នកក្រីក្រភាគច្រើនរស់នៅក្នុងទីក្រុងវិញ។
បណ្ឌិតម៉ី កល្យាណដែលធ្លាប់ធ្វើការនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងប្រទេសជាច្រើនទៀតនៅទ្វីបអឺរ៉ុបបានបន្តថា “ខ្ញុំមិនគិតថាការមានអាគារខ្ពស់ៗច្រើននៅក្នុងទីក្រុង ឆ្លុះបញ្ចាំងពីការរីកចំរើនសេដ្ឋកិច្ច សង្គមរបស់ប្រទេសមួយនោះទេ ប៉ុន្តែប្រជាជនខ្មែរមួយចំនួនមិនគិតបែបនេះទេ ពួកគេគិតថាឡូយ បើទីក្រុងមួយមានអាគារខ្ពស់ៗច្រើន”៕