ដោយៈឧត្តម
ស៊ីដនី: រដ្ឋាភិបាលប្រទេសអូស្រ្តាលី បានបង្កើនកំដៅទំនាក់ទំនងកាទូត ដោយបានប្រកាសដោយចំហ កាលពីថ្ងៃពុធ ទី២១ មេសាម្សិលម៉ិញថា ខ្លួនបានសម្រេចលុបចោលកិច្ចព្រមព្រៀងចំនួន២ ដែលរដ្ឋវិចតូរីយ៉ា (Victoria) បានចុះជាមួយមហាយក្សចិន ស្តីពីកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) របស់ចិន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា ក្រោមដំណើរការថ្មីមួយ នៅប្រទេសអូស្រ្តាលី រដ្ឋមន្រ្តីការបរទេសលោកស្រី Marise Payne មានសិទ្ធិអំណាចធំ នៅក្នុងការពិនិត្យសើរើឡើងវិញ នូវកិច្ចព្រមព្រៀងដែលរដ្ឋ និងសាកលវិទ្យាល័យនានារបស់អូស្ត្រាលី បានចុះជាមួយបណ្ដាប្រទេសផ្សេងៗ។
លោកស្រី Marise Payne បានគូសបញ្ជាក់ថា លោកស្រីបានសម្រេចលុបចោលកិច្ចព្រមព្រៀងចំនួន៤ ដោយក្នុងនោះមានកិច្ចព្រមព្រៀងចំនួន២ ដែលរដ្ឋវិចតូរីយ៉ា បានចុះជាមួយមហាយក្សចិន ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ផងដែរ។
លោកស្រីបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំយល់ថា កិច្ចព្រមព្រៀងទាំង៤នេះ មិនស៊ីគ្នានឹងគោលនយោបាយការបរទេសរបស់អូស្រ្តាលី ឬគ្មានអំណោយផលចំពោះទំនាក់ទំនង ការបរទេសរបស់យើងនោះឡើយ អនុលោមតាមតេស្តសាកល្បងពាក់ព័ន្ធនៅក្នុងច្បាប់ឆ្នាំ២០២០ ស្តីពីទំនាក់ទំនងការបរទេសរបស់រដ្ឋអូស្រ្តាលី (កិច្ចព្រមព្រៀងរដ្ឋ និងដែនដី)”។
-->
កាលពីខែធ្នូ ចុងឆ្នាំ២០២០ សភាសហព័ន្ធអូស្ត្រាលី បានផ្តល់សិទ្ធិវ៉េតូលើកិច្ចព្រមព្រៀងបរទេស ដែលរដ្ឋនានាបានចុះ ស្របពេលមានជម្លោះការទូត កាន់តែក្ដៅគគុកជាមួយមហាយក្សចិន ដែលបានដាក់ទណ្ឌកម្មពាណិជ្ជកម្ម ជាបន្តបន្ទាប់លើការនាំចេញរបស់អូស្ត្រាលី រាប់ចាប់ពីស្រារហូតដល់ធ្យូងថ្ម ក្រោយពីប្រទេសអូស្ត្រាលី បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យជាអន្តរជាតិថា តើវីរុសកូវីដ-១៩ មានប្រភពចេញពីប្រទេសណាឱ្យប្រាកដ។
ទាំងនាយករដ្ឋមន្រ្តី Scott Morrison និងអតីតនាយករដ្ឋមន្ត្រី Malcolm Turnbull សុទ្ធតែបដិសេធ មិនចុះអនុស្សរណៈនៃការយោគយល់ (MOU) ថ្នាក់ជាតិជាមួយមហាយក្សចិន ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative)។
ទោះជាយ៉ាងណា លោកDan Andrews អភិបាលរដ្ឋវិចតូរីយ៉ា បានចុះកិច្ចព្រមព្រៀងជាមួយគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ (National Development and Reform Commission) នៃប្រទេសចិន ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” នេះនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩។

គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” នេះគឺជាគម្រោងយក្សប្រកប ដោយមហិច្ឆតាមួយរបស់រដ្ឋការប្រធានាធិបតីចិន លោក ស៊ី ជីនភីង។ ប្រទេសខ្លះមានការព្រួយថា ការផ្ដល់ឥណទានក្រោមគម្រោងនេះ អាចធ្វើឱ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងតំបន់កោះនៃមហាសមុទ្រប៉ាស៊ីហ្វិក ផងផុងខ្លួនជាប់បំណុលចិន រុំកោះ។
រដ្ឋាភិបាលរបស់លោក Scott Morrison បានបដិសេធថា សិទ្ធិវ៉េតូថ្មីរបស់ខ្លួននេះគ្មានបំណងតម្រង់គោលដៅទៅរកប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្រ្តាលី និងជាប្រភពនិស្សិតបរទេសធំបំផុតខ្លួននោះឡើយ។
លោកស្រីរដ្ឋមន្ត្រីការបរទេស Marise Payne បានលើកឡើងថា រដ្ឋអំណាចថ្នាក់តំបន់ និងសាកលវិទ្យាល័យ ដែលទទួលបានមូលនិធិសាធារណៈ បានជូនដំណឹងដល់លោកស្រីថា កិច្ចព្រមព្រៀងបរទេសសរុប មានចំនួនរហូតដល់ទៅជាង១.០០០ឯណោះ៕