ដោយៈ ម៉ាណេត
ភ្នំពេញៈ គណៈកម្មាធិការគោលនយោបាយច្រករបៀងសេដ្ឋកិច្ចកើត (EEC) របស់ថៃ បានអនុម័តលើការសិក្សាលទ្ធភាព គម្រោងអភិវឌ្ឍន៍ថ្មីចំនួន៣ ដែលមានតម្លៃ១,១៨ទ្រីលានបាត ក្នុងគោលបំណងបង្កើតការតភ្ជាប់រវាងច្រក EEC របស់រដ្ឋាភិបាល និងឧស្សាហកម្មក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្មីៗនេះ។
គម្រោងថ្មីចំនួន៣ គឺកំពង់ផែស្ងួតចំនួន៣ ដែលមានតម្លៃសរុប២៤ពាន់លានបាតនៅស្រុក Khon Kaen ខេត្ត Nakhon Ratchasima និង Chachoengsao។ កំពង់ផែសមុទ្រទឹកជ្រៅ ផ្លូវហាយវេ និងបណ្តាញអភិវឌ្ឍន៍ផ្លូវដែកពីរខ្សែ ភ្ជាប់ឈូងសមុទ្រថៃ និងសមុទ្រ Andaman មានតម្លៃ១៦៨ពាន់លានដុល្លារ និងគម្រោងស្ពានថៃ (សាផានថៃ) មានតម្លៃ៩៩០ពាន់លាបាត។
កំពង់ផែស្ងួតទាំង៣ នឹងត្រូវបានអភិវឌ្ឍដើម្បីភ្ជាប់ច្រករបៀង EEC ជាមួយប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងចិន។ គណៈកម្មាធិការរំពឹងថា យុទ្ធសាស្ត្រភ្ជាប់នឹងមានន័យថា នឹងបន្ថែមកុងតឺន័រចំនួន២លានកុងតឺន័រ បន្ថែមទៀតដល់កំពង់ផែ Laem Chabang ។
គណៈកម្មាធិការដែលដឹកនាំ ដោយលោកនាយករដ្ឋមន្ត្រីប្រាយុធ ចានអូចា បានឯកភាពថា ការអភិវឌ្ឍគម្រោងថ្មីចំនួន៣ នឹងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ច្រករបៀង EEC និងបង្កើតទំនាក់ទំនងរវាង EEC និងគម្រោងអភិវឌ្ឍន៍តំបន់ស្រដៀងគ្នានេះ។
អគ្គលេខាធិការការិយាល័យច្រករបៀង EEC លោក Kanit Sangsubhan មានប្រសាសន៍ថា ការិយាល័យរបស់លោកមានភារកិច្ច ដោះស្រាយការសិក្សាលទ្ធភាពនៃគម្រោងទាំង៣ ។
លោក Kanit បាននិយាយថា ការិយាល័យមានគោលបំណង បញ្ចប់ការសិក្សាលើកំពង់ផែស្ងួត Chachoengsao ដែលមានតម្លៃប្រមាណ៨ពាន់លានបាត នៅឆ្នាំ២០២១នេះ ដោយការសាងសង់ចំណាយពេល២ឆ្នាំទៀត។
ការសិក្សាលើកំពង់ផែស្ងួតចំនួន២កន្លែងទៀត នៅតំបន់ Khon Kaen និងណាខុនរ៉ាក់សីម៉ា ដែលមានតម្លៃសរុប១៦ពាន់លានបាត គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ ហើយចំណាយពេលពីរឆ្នាំ ដើម្បីសាងសង់។
កំពង់ផែស្ងួតទាំង៣ នឹងត្រូវបានអភិវឌ្ឍន៍ ដើម្បីតភ្ជាប់ច្រករបៀង EEC ជាមួយប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា វៀតណាម និងចិន។
គណៈកម្មាធិការរំពឹងថា យុទ្ធសាស្ត្រតភ្ជាប់នេះ នឹងគាំទ្រដល់កុងតឺន័រចំនួន២ លានកុងតឺន័របន្ថែមទៀតដល់កំពង់ផែ Laem Chabang ៕