ដោយៈ គង់ សូរិយា
ភ្នំពេញៈ កិច្ចសន្យាជួលផ្ទះឬអចលនទ្រព្យ មានទម្រង់និងបែបបទខុសៗគ្នា ដែលម្ចាស់អចលនវត្ថុ និងអ្នកជួលត្រូវការរៀបចំកុងត្រាច្បាស់លាស់ និងមានលាយលក្ខអក្សរ និងតាមរយៈផ្ទាល់មាត់ផងដែរ។
យោងតាមក្រមរដ្ឋប្បវេណីបានឲ្យដឹងថា កិច្ចសន្យាជួលគឺមិនតម្រូវឱ្យមានការដឹងឮពីអាជ្ញាធរមានសមត្ថកិច្ចទេ ប៉ុន្តែដើម្បីជៀសវាងបញ្ហា ក្នុងករណីដែលអ្នកជួលក្នុងទ្រង់ទ្រាយធំជួលឱ្យក្រុមហ៊ុន ឬជនបរទេស កិច្ចសន្យាត្រូវធ្វើឡើងក្រោមការដឹងឮពីអាជ្ញាធរ ឬមេធាវី។
ការដឹងឮនេះ អាចធ្វើបានដោយភាគីទាំង២ យកកិច្ចសន្យាជួល ទៅឃុំសង្កាត់ ជាមួយនឹងសាក្សី ដើម្បីឱ្យមន្រ្តីឃុំសង្កាត់បោះត្រាទទួលដឹងឮ។ លើសពីនេះ បើជួលឱ្យជនបរទេសភាគីទាំង២ គួរធ្វើការបញ្ជាក់ទីលំនៅរបស់ជនបរទេសនោះឱ្យបានច្បាស់លាស់។
ជាមួយគ្នានេះដែរ បើការជួលធ្វើឡើងក្នុងរយៈពេលវែងលើសពី១៥ឆ្នាំ ឬដល់ទៅ ៥០ឆ្នាំ ភាគីទាំង២ ត្រូវធ្វើឯកសារកិច្ចសន្យាចំណារជាមួយនឹងអាជ្ញាធរសុរិយោដី។
តើអ្វីទៅជាកិច្ចសន្យាជួល?
តាមមាត្រា៥៩៦ នៃក្រមរដ្ឋប្បវេណីបានចែងថា កិច្ចសន្យាជួល គឺសំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាង ឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយដោយយកកម្រៃ។
ជាទូទៅ កិច្ចសន្យាជួល ច្បាប់មិនកំណត់ឱ្យធ្វើជាលាយលក្ខណ៍អក្សរទេ អាចធ្វើឡើងដោយផ្ទាល់មាត់ក៏បាន។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង កិច្ចសន្យាដែលធ្វើជាលាយលក្ខណ៍អក្សរ គឺមានទម្ងន់ជាងកិច្ចសន្យាផ្ទាល់មាត់ ក្នុងករណីមានទំនាស់កើតឡើង។
យោងតាមមាត្រា៥៩៩ នៃក្រមរដ្ឋប្បវេណីបានបញ្ជាក់ថា កិច្ចសន្យាជួលអាចធ្វើឡើងដោយកំណត់រយៈពេល ឬមិនកំណត់រយៈពេល។ ហើយក្នុងករណីបញ្ឈប់ការជួល ភាគីទាំង២ត្រូវព្រមព្រៀងគ្នា និងត្រូវមានការជូនដំណឹងឱ្យដឹងជាមុន៕