ដោយ គង់ សូរិយា
ភ្នំពេញ៖ ជារឿងកម្រមួយ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះមានភោជនីយដ្ឋានចំនួនបួនបានបើកដំណើរការដំណាលគ្នា នៅក្នុងផ្សារទំនើបលំដាប់អន្តរជាតិ AEON MALL2 ដែលមានទីតាំងស្ថិតក្នុងខ័ណ្ឌសែនសុខរាជធានីភ្នំពេញ។
ភោជនីយដ្ឋានទាំងនោះបានបើកដំណើរការកាលពីថ្ងៃទី៤ កក្កដាកន្លងមកនេះ។ ភោជនីយដ្ឋានទាំងនោះរួមមាន ភោជនីយដ្ឋាន On The Table, Master Suki Soup ដែលផ្តោតសំខាន់លើស៊ុប ភោជនីយដ្ឋាន The Ming Room ជាភោជណីយដ្ឋាន បែបម្ហូបអាហារចិន និងភោជណីយដ្ឋាន Looney Tunes ជាភោជណីដ្ឋានបែបយុវវ័យផងដែរ។
-->

លោក សាម សួហារ៉ូ ជា CEO នៃក្រុមហ៊ុន Global Restaurant បានលើកឡើងក្នុងឱកាសដាក់សម្ពោធជាផ្លូវការថា ការនាំមកនូវភោជណីយដ្ឋាន On The Table នេះ គឺដោយសារជីវភាពប្រជាជនកាន់តែមានភាពប្រសើរ ជាមួយតម្រូវការកាន់តែខ្ពស់។
តម្រូវការភោជនីយដ្ឋាននៅកម្ពុជា មានតម្រូវការកើនឡើងខ្ពស់ដោយសារកំនើនភ្ញៀវទេសចរណ៍អន្តរជាតិ កំណើនប្រជាពលរដ្ឋក្នុងស្រុក និងកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក លូ ម៉េង សហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍ និងជាប្រធានសមាគមចុងភៅកម្ពុជាបានថ្លែងថា ទីផ្សារភោជនីយដ្ឋានកម្ពុជានៅតែមានភាពទូលំទូលាយ និងបន្តមានតម្រូវការកើនឡើង ដោយសារកំនើនភ្ញៀវទេសចរណ៍អន្តរជាតិនានាមកទស្សនាកម្ពុជា។លោកបន្តថា គុណភាពភោជនីយដ្ឋាន និងម្ហូបអាហាររបស់កម្ពុជាកាន់តែមានភាពប្រសើរឡើង ប៉ុន្តែស្តង់ដាអនាម័យនៅតាមកម្រិតសំរាប់ភោជនីយដ្ឋានខ្លះនៅតាមបណ្តាខេត្តមួយចំនួន។
លោកបន្តថា “រហូតមកទល់ពេលនេះ បើគិតតែនៅរាជធានីភ្នំពេញយើងមានភោជនីយដ្ឋានសំបូរបែប និងអាហារសម្បូរបែប ដោយភ្ញៀវអាចកុំម៉ង់ម្ហូបប្លែកៗពីគ្នាបានលើសពីមួយសប្តាហ៍ ដែលយើងអាចរៀបចំជូនបាន”៕