ដោយៈ ម៉ាណេត
ភ្នំពេញៈគម្រោងវិនិយោគថ្មីៗចំនួន៦ ដែលត្រូវបានអនុម័ត ដោយក្រុមប្រឹកអភិវឌ្ឍន៍កម្ពុជា (CDC) ប្រកាសបោះទុនវិយោគ៩៩,៦លានដុល្លារក្នុងរយៈពេល៣ខែ គិតចាប់ពីមីនា ដល់ដើមខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមការបុកសរុបគេទំព័រ Propertyarea.asia។
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១ ក្រុមហ៊ុន XIN WEI JIE CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥៩កន្លែង។
ទី២ ក្រុមហ៊ុនISLAND LABORATOIRE CO., LTD. គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦០កន្លែង។
ទី៣ ក្រុមហ៊ុន “HERBA (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគប្រមាណ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១២០កន្លែង។
ទី៤ ក្រុមហ៊ុន SPARKBAGS (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨កន្លែង។
ទី៥-ក្រុមហ៊ុន RUIXUE (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ មានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១៩៨ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩២៩កន្លែង។
ទី៦-ក្រុមហ៊ុន CONTINENT CROWN INVESTMENT MANAGEMENT CO., LTD: គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៨កន្លែង។
លោកច្រឹក សុខនីមប្រធានសមគមអ្នកវាយតម្លៃ និងភ្នាក់ងារវត្ថុកម្ពុជាបានថ្លែងប្រាប់ថា បច្ចុប្បន្ន រោងចក្រសហគ្រាសថ្មីៗភាគច្រើន ដែលចូលមកវិនិយោគនៅទីក្រុងភ្នំពេញ បានបោះទីតាំងនៅតំបន់ជាយក្រុង ដោយសារសាលាក្រុងបានដាក់ចេញសម្រេចមួយ ដែលតម្រូវឱ្យផ្លាស់ប្តូរទីតាំងពីក្នុងទីក្រុង ទៅជាយក្រុង។
លោកបានថ្លែងបន្តថា “ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ វិស័យរោងចក្រ ឧស្សាហកម្មនៅកម្ពុជា នៅតែទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ដែលបញ្ជាក់ថា កម្ពុជានៅតែមានសក្តានុពលសម្រាប់ការវិនិយោគនានា ពិសេសវិស័យរោងចក្រ និងឧស្សាហកម្ម”៕