ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា រដ្ឋាភិបាលកំពុងតែរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលដែលនឹងដាក់ឱ្យដំណើរការ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
គោលនយោបាយនេះ ដើម្បីផ្ដល់ទិសដៅគោលនយោបាយ កាន់តែច្បាស់លាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើឱ្យមានលក្ខណៈឌីជីថលដល់សេដ្ឋកិច្ច និងសង្គម និងត្រូវប្រើប្រាស់ជាយុទ្ធសាស្ដ្រដ៏សំខាន់ សម្រាប់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩។
លោកហួត ពុំរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ឲ្យដឹងក្នុងសិក្ខាសាលាពាក់ព័ន្ឋ នឹងគោលនយោបាយឌីជីថលកាលពីម្សិលម៉ិញនេះថា ស្ថិតក្រោមក្របខ័ណ្ឌគោលនយោបាយនេះ ទិន្នន័យ និងកម្មវិធីឌីជីថលមានសារៈសំខាន់ ក្នុងការទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។ តាមន័យនេះភាគីពាក់ព័ន្ធសំខាន់ៗ ដែលរួមមានរដ្ឋាភិបាល និងវិស័យឯកជនត្រូវតម្រូវឱ្យធ្វើការងារជាមួយគ្នា ដើម្បីផ្ដួចផ្ដើម និងអភិវឌ្ឍកម្មវិធីឌីជីថល ដែលរួមបញ្ចូលគ្នា និងសហការបង្កើតផលិតផល និងសេវាកម្មឌីជីថលដើម្បីបម្រើប្រជាជន”។
លោកបន្តទៀតថា “ដើម្បីជំរុញ និងបង្កើនល្បឿនការទទួលយកឌីជីថល នៅក្នុងចំណោមប្រជាជន តាមរយៈការទទួលបានសេវាកម្មសាធារណៈ កាន់តែទូលំទូលាយ រដ្ឋាភិបាលនឹងដឹកនាំក្នុងការបង្កើតកម្មវិធីឌីជីថលរដ្ឋ ដោយលើកកម្ពស់មាតិកាឌីជីថល និងធ្វើពិពិធកម្មកម្មវិធី”។
ជាផ្នែកមួយនៃយុទ្ធសាស្ដ្រនៃការស្ទុះងើបឡើងវិញរហ័ស លោកបន្តថា កម្មវិធីឌីជីថលសំខាន់ៗមួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានដាក់ឱ្យប្រើប្រាស់រួចហើយ ជាពិសេសកម្មវិធីការផ្លាស់ប្តូរទិន្នន័យកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងក្លាយទៅជាផ្លេតហ្វមមូលដ្ឋាន ដែលផ្ដល់ការចុះបញ្ជីអាជីវកម្មអនឡាញ ខណៈច្រកទ្វារទូទាត់ជាតិ ដែលជាការទូទាត់ឌីជីថល និងគម្រោងបាគង រូបិយប័ណ្ណឌីជីថលធនាគារកណ្ដាល (CBDC) ព្រមទាំងគំនិតផ្ដួចផ្ដើមផ្សេងៗទៀតដូចជាការចុះហត្ថលេខា និងអត្តសញ្ញាឌីជីថលជាដើម។
លោកហួត ពុំបានបន្ថែមថា “កម្ពុជាមានសុទិដិ្ឋនិយមថា ការធ្វើឱ្យមានលក្ខណៈឌីជីថល និងព័ត៌មានឌីជីថលនឹងជំរុញភាពធន់ និងការអភិវឌ្ឍសេដ្ឋកិច្ចបរិយាប័ន្ននៅក្នុងបរិបទការស្ទុះងើបឡើងវិញក្រោយជំងឺកូវីដ១៩”។លោកបន្ថែមថា “”ភាពជោគជ័យនៃការផ្លាស់ប្តូរនេះ នឹងទាមទារឱ្យមានការគាំទ្រដ៏ពេញទំហឹង និងការសហការពីភាគីពាក់ព័ន្ធទាំងអស់”។
យោងតាមរបាយការណ៍សមាហរណកម្មសេដ្ឋកិច្ចអាស៊ីឆ្នាំ២០២១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ស្តីពី “ការធ្វើឱ្យដំណើរការវេទិកាឌីជីថលសម្រាប់អាស៊ី” បានបង្ហាញថា ប្រាក់ចំណូលឌីជីថលនៅកម្ពុជាកាលពីឆ្នាំ២០១៩ មានចំនួនសរុប៤៧០លានដុល្លារ។ បើគិតតាមវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិកមានចំនួន២៧,៦ ភាគរយ សេវាកម្មអេឡិចត្រូនិកមាន៧,៨ភាគរយ ប្រព័ន្ធព័ត៌មានឌីជីថល១០,២ភាគរយ បច្ចេកវិទ្យាផ្សព្វផ្សាយពាណិជ្ជកម្ម (AdTech) ១២,៧ភាគរយ ការដឹកជញ្ជូន៣,៨ភាគរយ និងការធ្វើដំណើរអនឡាញ៣៧,៩ភាគរយ៕