ដោយ គង់ សូរិយា
ភ្នំពេញ៖ ការរក្សាបាននូវគុណភាពសេវាកម្ម ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគមិនត្រឹមតែអាចទាក់ទាញអ្នកវិនិយោគថ្មីៗនោះទេ តែអាចធ្វើឲ្យដំណើរការអភិវឌ្ឈន៍អចលនទ្រព្យ និងសំណង់នៅកម្ពុជាមាននិរន្តរភាពផងដែរ ខណៈទីផ្សារនេះកាន់តែរីកធំនិងមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំង។
លោកគុយ វ៉ាតអគ្គនាយកក្រុមហ៊ុនVTRUST GROUP និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនCentury21 Cambodiaបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជាក្លាយជាប្រទេសទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារប្រទេសនេះស្ថិតនៅចំណុចកណ្តាលនៃអាស៊ាន និងមានលក្ខខ័ណ្ឌអំណោយផលជាច្រើនដូចជា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចរ៉ឹងមាំ និងច្បាប់បទដ្ឋានគតិយុត្តិរបស់កម្ពុជាពិសេសច្បាប់វិនិយោគបានបើកចំហយ៉ាងខ្លាំង។
-->
លោកបន្តថា ដូច្នេះក្នុងនាមយើងជាអ្នកផ្តល់សេវា តើយើងគួរផ្តល់សេវាកម្មយ៉ាងដូចម្តេច ដើម្បីទទួលបានទំនុកចិត្តដល់អ្នកវិនិយោគ លោកគុយវ៉ាតបានថ្លែងថា “យើងជាអ្នកផ្តល់សេវា និងអ្នកសាងសង់ យើងត្រូវតែផ្តល់វាសេវាកម្មប្រកបដោយយគុណភាព និងទំនុកចិត្ត ដើម្បីអាចទទួលបានប្រាក់ពីសេវារបស់យើងផង ហើយអ្នកអភិវឌ្ឈន៍ក៏អាចទទួលបានប្រាក់ចំណេញ”។លោកបន្តថា “ការផ្តល់សេវាកម្មប្រកបដោយគុណភាព និងចេះធ្វើបច្ចុប្បន្នភាព សេវារបស់យើងឲ្យស្របតាមសម័យកាល ពិតជាមានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញអ្នកវិនិយោគកាន់តែច្រើន ចូលមកកាន់ប្រទេសរបស់យើង”។
លោកគុយ វ៉ាតបានបន្តថា ក្នុងវិស័យអចលនទ្រព្យមានផ្នែកជាច្រើន ដូចជាផ្នែកអភិវឌ្ឈន៍ វាយតំលៃ គ្រប់គ្រង និងផ្នែកទិញលក់ជួលអចលនទ្រព្យ ដែលផ្នែកទាំងអស់នេះពិតជាមានសារៈសំខាន់ ព្រោះពេលសំណង់សាងសង់រួច យើងត្រូវការផ្នែកលក់ ហើយពេលលក់តើយើងលក់នៅទីណា គឺយើងត្រូវការទីផ្សារនៅបរទេសនិងក្នុងស្រុក។ចំណែកផ្នែកវាយតំលៃក៏ជារឿងសំខាន់ផងដែរ។ ដូច្នេះផ្នែកនិមួយៗមានភាពពាក់ព័ន្ឋគ្នា ហើយដើម្បីឲ្យផ្នែកនិមួយៗដំណើរការល្អ យើងត្រូវមានធនធានមនុស្សដែលមានគុណភាព ហើយដើម្បីមានធនធានមនុស្សមានគុណភាព គឺទាមទារការបណ្តុះបណ្តាលច្បាស់លាស់ ដើម្បីផ្តល់សេវាកម្មមានគុណភាព អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង។
តើធ្វើដូចម្តេចដើម្បីឲ្យទីផ្សារអចលនទ្រព្យ រក្សាបាននូវការអភិវឌ្ឈន៍ប្រកបដោយនិរន្តរភាព?លោកគុយ វ៉ាតបានថ្លែងថា “ខ្ញុំគិតថាដើម្បីឲ្យការអភិវឌ្ឈន៍ប្រកបដោយនិរន្តរភាព ត្រូវធ្វើឲ្យអ្នកវិនិយោគមានទំនុកចិត្ត ព្រោះពេលគេមានទំនុកចិត្តគេនឹងដាក់ទុនចូលមក និងទទួលបានប្រាក់ចំណេញ និងធ្វើឲ្យទីផ្សាររបស់យើងកាត់បន្ថយបាននូវហានិភ័យ”។
លោកបន្តថា ចាប់តាំងពីរដ្ឋាភិបាលអនុម័តច្បាប់សហកម្មសិទ្ឋនៅឆ្នាំ២០១១ ដែលអនុញ្ញាត្តឲ្យជនបរទេស ទិញខុនដូចាប់ពីជាន់ទី១ទ្បើងទៅ ទីផ្សារខុនដូកម្ពុជាមិនមែនសម្រាប់ប្រជាជនខ្មែរ១៥លាននាក់ និងមិនមែនសម្រាប់តែប្រជាជនក្នុងតំបន់អាស៊ានទេ ប៉ុន្តែវាជាការបើកចំហសម្រាប់ទីផ្សារទូទាំងពិភពលោក។ ច្បាប់នេះបានទាក់ទាញអ្នកវិនិយោគលើវិស័យខុនដូច្រើន និងមានក្រុមហ៊ុនអន្តរជាតិជាច្រើន ដូចជាក្រុមហ៊ុនCentury21, Hutton, និងក្រុមហ៊ុនCBRE ជាដើមបានចូលមកកាន់ទីផ្សារនេះ ដែលធ្វើឲ្យទីផ្សារនេះកាន់តែទទួលបានទំនុកចិត្ត។
ដំណើរការអភិវឌ្ឈន៍របស់យើងមាននិរន្តរភាពឬអត់ វាអាស្រ័យលើការផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត ស្ថេរភាពនយោបាយ កំនើនសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងតំបន់ នៅចុងឆ្នាំនេះ សុទ្ឋតែជាកត្តាទាក់ទាញអ្នកវិនិយោគកាន់តែច្រើន ឲ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។លោកគុយ វ៉ាតបញ្ជាក់៕