ដោយៈ សុជាតា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់កំពង់ផែស្វយ័តភ្នំពេញបានអះអាងថា កំពង់ផែស្វយ័តភ្នំពេញគ្រោងចំណាយទុនវិនិយោគប្រមាណ១០លានដុល្លារ ក្នុងការការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្តបន្ទាប់។
លោកហ៊ឺ បាវីអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ប្រាប់ Property Area Asia កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា ការអភិវឌ្ឍចំណតកុងតឺន័រនេះ គឺធ្វើឡើងតាមដំណាក់កាលរយៈពេលខ្លី និងដំណាក់កាលរយៈវែង ដើម្បីងាយស្រួលដល់ការធ្វើចរាចរ ជាពិសេសរថយន្តកុងតឺន័រចេញ ចូលឆ្លងកាត់ផ្លូវជាតិលេខ១មកកាន់កំពង់ផែ។
លោកបានថ្លែងបន្តថា ចំពោះដំណាក់កាលទីបី ខ ឆ្នាំ២០២១នេះ កំពង់ផែភ្នំពេញ បានពង្រីកនៅផ្ទៃដី៥.៥ហិកតា ដើម្បីឈានទៅការពង្រីកចំណតដំណាក់កាលទីបីនេះ ដែលរយៈពេលរហូតដល់ឆ្នាំ២០២៣ ខាងមុខ។
លោកបញ្ជាក់បន្ថែមទៀតថា កំណើននៃចរាចរតាមកំពង់ផែភ្នំពេញ គឺត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងរង្វង់១០ភាគរយ នៅឆមាសទី១ ឆ្នាំ២០២១នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ចំពោះទំនិញ ដែលបានឆ្លងកាត់កំពង់ផែភ្នំពេញ គឺភាគច្រើនការនាំចូលទំនិញ ដូចជាវត្ថុធាតុដើមនៃវិស័យកាត់ដេរ និងនាំចេញទំនិញ និងផលិតផលសម្រេចដូចជា ខោអាវ កសិផល និងអង្ករជាដើម។
កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្តើមសាងសង់ចំណតផែកុងតឺន័រជំហាទី១ ចាប់តាំងពីឆ្នាំ២០១១ មក ដែលមានសមត្ថភាពអាចផ្ទុកកុងតឺន័របាន១៥ ម៉ឺនTeus ក្នុងមួយឆ្នាំ ហើយគម្រោងជំហានទីពីរ ចំណាយថវិការប្រមាណ៩លានដុល្លារមានសមត្ថភាពផ្ទុកកុងតឺន័រ បានចំនួន៣០ម៉ឺន Teus។ ចំណែកគម្រោងទី៣ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ គ្រោងចំណាយថវិកាប្រមាណ៣៥លានដុល្លារ ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូត ៥០ ម៉ឺន Teus ក្នុងមួយឆ្នាំ។