World Bank នឹងបន្តពិនិត្យការអនុវត្តគម្រោងរបស់ខ្លួនក្នុងទំហំទឹកប្រាក់ប្រមាណ១១០០លានដុល្លារនៅកម្ពុជា

0
World Bankនឹងបន្តពិនិត្យការអនុវត្តគម្រោងរបស់ខ្លួនក្នុងទំហំទឹកប្រាក់ប្រមាណ១១០០លានដុល្លារនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារពិភពលោក (World Bank) នឹងបន្តពិនិត្យការអនុវត្តគម្រោងនៅកម្ពុជាក្នុងទឹកប្រាក់ជាង១,១ពាន់លានដុល្លារ ដែលភ្នាក់ងារនានារបស់រដ្ឋាភិបាលកំពុងអនុវត្តតាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគាររបស់ខ្លួន។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងថ្មីប្រចាំនៅប្រទេសកម្ពុជា នឹងមើលការខុសត្រូវរួមពីលើកិច្ចការប្រចាំថ្ងៃរបស់ធនាគារពិភពលោកជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងនោះមានកញ្ចប់គម្រោងនានាគិតជាតម្លៃទឹកប្រាក់សរុបប្រមាណ១,១ពាន់លានដុល្លារអាមេរិក (US$1.1 billion) ដែលភ្នាក់ងារនានារបស់រដ្ឋាភិបាលកំពុងអនុវត្ត តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារពិភពលោក។

គម្រោងទាំងនោះត្រូវបានរៀបចំតម្រូវតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា អមដោយគោលដៅពីររបស់ធនាគារពិភពលោក គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនវិបុលភាពរួមសម្រាប់ប្រជាជនកម្ពុជា។

ក្របខណ្ឌភាពជាដៃគូរបស់ធនាគាពិភពលោកសម្រាប់ប្រទេសកម្ពុជាសម្រាប់ដំណាក់កាលឆ្នាំ ២០១៩-២០២៣ ផ្តោតសំខាន់ទៅលើការបង្កើនភាពប្រសិទ្ធភាពរបស់វិស័យសាធារណៈ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន, លើការវិនិយោគលើធនធានមនុស្សតាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាអប់រំ និងសេវាសុខាភិបាលមានគុណភាពសម្រាប់ក្មេងតូច, លើការធ្វើពិពិធកម្ម និងបង្កើនផលិតភាពក្នុងវិស័យកសិកម្ម, លើការលើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងលើការពង្រឹងអភិបាលកិច្ច ស្ថាប័ន និងការចូលរួមរបស់ពលរដ្ឋ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងថ្មីរបស់ធនាគាពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “ខ្ញុំមាន សោមនស្សក្រៃលែងដែលបានមកកាន់តំណែងថ្មីនេះ ហើយខ្ញុំកាន់តែរីករាយណាស់ដែរដែលបានត្រឡប់មកកម្ពុជាវិញ នៅ១៧ឆ្នាំក្រោយគិតចាប់ពីពេលដែលខ្ញុំបានបញ្ចប់ការងារនៅកម្ពុជា ក្នុងនាមជាប្រធានក្រុមនៃគម្រោងពាក់ព័ន្ធមូលនិធិសង្គមសម្រាប់ពង្រឹងសហគមន៍ និងប្រយុទ្ធនឹងភាពក្រីក្រ”។

លោកស្រីមានពោលបន្ថែមទៀតថា “ខ្ញុំត្រៀមខ្លួនជាស្រេចនឹងធ្វើការជាមួយសហសេវិកកម្ពុជារបស់ខ្ញុំ ដើម្បីជួយប្រទេសកម្ពុជាគ្រប់គ្រងផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ-១៩, រៀបចំមូលដ្ឋានសម្រាប់ការស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញយ៉ាងស្វាហាប់ និងកសាងភាពធន់សម្រាប់ទប់ទល់ជាមួយហេតុការណ៍អង្រួនកន្ត្រាក់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here