ដោយៈតារារះ
ភ្នំពេញៈ មន្រ្តីអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា រ៉ែមាសរបស់កម្ពុជាប្រមាណជាង១០០គីឡូក្រាមត្រូវបាន នាំចេញទៅធ្វើការបន្សុទ្ធនៅក្នុងប្រទេសអូស្រ្តាលីជាលើកដំបូងរួចហើយ និងកំពុងនាំចេញជាលើកទី២នៅថ្ងៃខាងមុខទៀត។
លោកយស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ឲ្យដឹងកាលពីម្សិលម៉ិញនេះថា បន្ទាប់ពីបន្សុទ្ធជាមាស៩.៩ហើយក្រុមហ៊ុនអូស្រ្តាលី នឹងដាក់លក់មាសនៅលើទីផ្សារអន្តរជាតិតែម្តង។លោកបន្តថា គិតមកដល់ពេលនេះ ការចម្រាញ់យករ៉ែមាសនៅខេត្តមណ្ឌលគិរី បានប្រព្រឹត្តទៅជិត២ខែរួចមកហើយ ដោយចាប់ពីថ្ងៃដំណើរការដំបូងពីថ្ងៃ២១ ខែមិថុនា ឆ្នាំ ២០២១កន្លងទៅ។
លោកបន្តថា ក្រុមហ៊ុនរបស់អូស្ត្រាលីកំពុង តែប្រតិបត្តិការចម្រាញ់រ៉ែមាសនេះជាប្រចាំថ្ងៃ ដែលក្នុងរយៈពេលជិត២ខែមកនេះ ក្រុមហ៊ុនបានចម្រាញ់រ៉ែមាសបានប្រមាណ ១០០ គីឡូហើយបានបញ្ជូនទៅធ្វើការ បន្សុទ្ធនៅប្រទេសអូស្ត្រាលី បន្ទាប់ពីធ្វើការបន្សុទ្ធរួចហើយរ៉ែមាសនេះ នឹងដាក់លក់នៅលើទីផ្សារអន្តរជាតិតែម្ដង ហើយរាជរដ្ឋាភិបាលនឹងទូទាត់ប្រាក់ពន្ធទៅតាមកិច្ចព្រមព្រៀង។
លោកយស មុនីរ៉ាត់ បានមានប្រសាសន៍ថា ការចម្រាញ់រ៉ែមាសបានប្រព្រឹត្តទៅដោយរលូន ដែលជាដំណាក់កាលចាប់ផ្ដើមដំបូង នៃផែនការគឺក្រុមហ៊ុននឹងបន្តចម្រាញ់ ជាបន្តបន្ទាប់រហូតមក។ យើងបានអនុវត្តការនាំចេញបានជាបណ្ដើរៗ ហើយយើងបាននាំចេញជាលើកទី១រួចហើយ ឥឡូវយើងកំពុងរៀបចំនាំចេញនៅជើងទី២បន្តទៀត។ អញ្ចឹងយើងផលិតបានមកដល់ពេលនេះ វាបានជាង១០០ គីឡូក្រាមហើយគិតជាលេខមូល គឺយើងបាននាំទៅធ្វើការបន្សុទ្ធ នៅក្នុងប្រទេសអូស្ត្រាលី ដើម្បីអោយវាក្លាយទៅជាមាស ៩.៩ ហើយដាក់លក់នៅទីផ្សារអន្តរជាតិតែម្ដង។
លោកពន្យល់ថា តម្លៃមាស មិនមានអ្វីដែលត្រូវឲ្យយើងមានការព្រួយបារម្ភនោះទេ ដោយសារថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិគឺវាចេញ គ្រប់ម៉ោងប្រចាំថ្ងៃ ដូច្នេះនៅពេលដែលក្រុមហ៊ុនលក់ គឺយើងអាចដឹងពីតម្លៃហាងឆេងមាស នៅលើទីផ្សារនៅពេលនោះហើយ។ ដូច្នេះរាជរដ្ឋាភិបាលអាចទូទាត់តម្លៃពន្ធ ទៅតាមនោះតែម្តង។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រតិបត្តិការចម្រាញ់រ៉ែមាស លើកដំបូងរបស់ខ្លួនក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែល វិនិយោគដោយក្រុមហ៊ុនអូស្រ្តាលី កាលពីថ្ងៃទី ២១ ខែ មិថុនា ២០២១ ហើយរំពឹងថា នឹងទទួលបានចំណូលពីអាជីវកម្មនេះប្រមាណ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
អាជីវកម្មរ៉ែមាសក្នុងតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរី លើទំហំផ្ទៃដីជាង១៨.០០០ហិកតា ដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ខេមបូឌា (Renaissance Minerals Cambodia Limited) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Perth ប្រទេសអូស្រ្តាលី៕