ដោយៈគង់ សូរិយា
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាប់ផ្តើមអនុវត្តន៍ការប្រមូលចំណូលពន្ធ លើពន្ធចំណេញមូលធនចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ បន្ទាប់ពីពន្ធនេះត្រូវបានពន្យារពេល អនុវត្តន៍រយៈពេល១ឆ្នាំមកនោះ។
ដោយៈគង់ សូរិយា
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាប់ផ្តើមអនុវត្តន៍ការប្រមូលចំណូលពន្ធ លើពន្ធចំណេញមូលធនចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ បន្ទាប់ពីពន្ធនេះត្រូវបានពន្យារពេល អនុវត្តន៍រយៈពេល១ឆ្នាំមកនោះ។
ថ្លែងក្នុងកម្មវិធី “ពន្ធដារកម្ពុជា”ស្តីពី “ពន្ធលើចំណេញមូលធន”នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ លោក ជ័យ រិទ្ធី អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ពន្ធលើចំណេញមូលធន នឹងត្រូវអនុវត្តន៍នៅដើមឆ្នាំក្រោយ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។
ជាថ្មីម្តងទៀត លោក ជ័យ រិទ្ធី បានអះអាងថា “ពន្ធលើចំណេញមូលធន មិនមែនជាការបង្កើតពន្ធថ្មីនោះទេ”។
លោកបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងរៀបចំសេចក្ដីព្រៀងណែនាំបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការអនុវត្តន៍កតព្វកិច្ចពន្ធលើចំណេញមូលធននេះផងដែរ។
អនុលោមតាមប្រកាសលេខ ៣៤៦ សហវ.ប្រក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី “ពន្ធលើចំណេញមូលធន” មានវិសាលភាពកំណត់យក លើចំណេញមូលធន ចំពោះតែរូបវន្តបុគ្គលនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន (ជារូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជន) តាមអត្រា២០%នៃចំណេញមូលធន ពោលគឺចំណេញដែលសម្រេចបានពីការលក់ ឬផ្ទេរមូលធន ៦ប្រភេទរួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។
រីឯនីតិបុគ្គលនិវាសនជន ដែលបានចុះបញ្ជីពន្ធដារ និងប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរួចរាល់ មិនមានបន្ទុកពន្ធនេះបន្ថែមទៀតទេ។
ពន្ធលើចំណេញមូលធន ប្រមូលលើចំណេញមូលធន ដែលសម្រេចបាននៅពេលមានប្រតិបត្តិការលក់ ឬផ្ទេរមូលធនដែលមានចំណេញប៉ុណ្ណោះ ក្នុងករណីមិនមានចំណេញ គឺមិនមានកាតព្វកិច្ចបង់ពន្ធនេះទេ។
ចំពោះការគណនាប្រាក់ពន្ធ លើចំណេញមូលធន គឺយកប្រាក់ចំណេញ ពីការលក់ឬផ្ទេរមូលធន គុណនឹងអត្រាពន្ធ ២០% ហើយសម្រាប់មូលធនជាអចលនទ្រព្យ ម្ចាស់អចលនទ្រព្យអាចជ្រើសរើស វិធីសាស្ត្រកាត់កងចំណាយ ១) វិធីសាស្ត្រកាត់កងចំណាយតាមការកំណត់ គឺអនុញ្ញាតឱ្យកាត់កងចំណាយ ៨០% នៃប្រាក់ចំណូលដែលទទួល បានពីការលក់ឬផ្ទេរអចលនទ្រព្យ ឬ២) វិធីសាស្រ្តកាត់កងតាមចំណាយជាក់ស្តែង គឺត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយដែលបានកើតឡើងជាក់ស្តែង៕