ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ពាក្យម៉ាក្រូ និងមីក្រូសេដ្ឋកិច្ច ត្រូវបានអ្នកសិក្សាផ្នែកនេះបានយល់ច្បាស់ ប៉ុន្តែអត្ថន័យ ការវិវត្ត និងការគ្របដណ្តប់របស់វាលើសេដ្ឋកិច្ចប្រទេសនិមួយៗ ក៏អាស្រ័យលើសុខភាពមីក្រូសេដ្ឋកិច្ចផងដែរ។

ម៉ាក្រូសេកិច្ច (អង់គ្លេស ៖ Macroeconomics)
ជាការសិក្សា ដែលផ្តោតទៅលើសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល ខុសពី មីក្រូសេដ្ឋកិច្ចដែលផ្តោតសំខាន់ទៅលើបុគ្គល គ្រួសារ រឹក្រុមហ៊ុននីមួយៗ។អ្នកម៉ាក្រូសេកិច្ចគេសិក្សាអំពី ផលទុនជាតិសរុប (GDP) អត្រាអ្នកគ្មានការងារធ្វើ (Unemployment rate) ដើម្បីអោយយល់ពីសេដ្ឋកិច្ចជាតិជារួម។ អ្នកម៉ាក្រូសេកិច្ចបានបង្កើតម៉ូដេល(Model)សំរាប់ពន្យល់ពីអំពីចំណូលជាតិ (National income) ផលិតផល(Output) ការចំណាយ (Consumption) អត្រាអ្នកគ្មានការងារធ្វើ (Unemployment rate) អតិផរណា(Inflation) ការសន្សំ (Saving) ការវិនិយោគ (Investment) ពាណិជ្ជកម្មអន្តរជាតិ (International Trade) និង ហិរញ្ញវត្ថុអន្តរជាតិ (International Finance)។
-->
មីក្រូសេដ្ឋកិច្ច
ជាសិក្សាសំខាន់ផ្តោតទៅលើសកម្មភាពរបស់បុគ្គល ដូចជាសហគ្រាស (Firms) អ្នកប្រើប្រាស់ (Consumers) និងការសិក្សាអំពីទង្វើពួកគេទាក់ទងក្នុងការកំនត់តំលៃ (Prices) និងចំនួនផលិតផល (Quantities) នៅលើទីផ្សារ (Markets) អ្វីមួយ។
ម៉ាក្រូសេកិច្ច គឺជាជំនាញសិក្សាធំទូលាយទាក់ទងទៅនឹងសេដ្ឋកិច្ច។ គោលបំណងនៃការសិក្សាសំខាន់របស់ម៉ាក្រូសេកិច្ចមាន២ចំណុចដូចជា ទីមួយ គឺចង់យល់ពីមូលហេតុ(Causes) និងផលវិបាក(Consequences) នៃបំរែបំរួលចំណូលជាតិក្នុងរយៈពេលខ្លី (Short-run fluctuations or business cycle)។ ទី២ ចង់យល់អំពីកត្តាដែលកំនត់ការរីកចំរើនសេដ្ឋកិច្ចជាតិ រយៈពេលវែង(Long-run economic growth)។
ម៉ូដែលម៉ាក្រូសេកិច្ច ត្រូវបានប្រើដោយរដ្ឋាភិបាល និងសហគ្រាសធំៗសំរាប់ជួយក្នុងការវាយតំលៃនិងដើម្បីអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច (Economic Policy) និងយុទ្ធសាស្ត្រក្រុមហ៊ុន (Businese Strategy)។
ការវិវត្តន៍នៃទ្រស្តីបទម៉ាក្រូសេដ្ឋកិច្ច
សៀវភៅដំបូងដែលបានបោះពុម្ភឡើងក្រោមចំណងជើងថា (ម៉ាក្រូសេដ្ឋកិច្ចMacroeconomics) ដោយសេដ្ឋកិច្ចវិទូជនជាតិនរវេ(Norwegian) ឈ្មោះRagnar Frischក្នុងឆ្នាំ១៩៣៣។
ទ្រឹស្តីសេដ្ឋកិច្ចបែបចាស់ និងទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍ (Classical economics and the quantity theory of money) រហូតដល់ដើមសតវត្សន៍ទី២០ ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍គឹជាម៉ូដេលម៉ាក្រូសេកិច្ច ដែលពេញនិយមជាងគេក្នុងចំណោមសេដ្ឋកិច្ចវិទូបែបចាស់។ ម៉ូដែលនៃទ្រឹស្តីបទនេះ គឺមានសមីការដូចខាងក្រោម៖
សមីការនេះមានន័យថា ផលគុណបរិមាណផ្គត់ផ្គង់រូបិយបណ្ណន៍(Money Supply) និងល្បឿនរូបិយបណ្ណន៍ (Velocity of moneyល្បឿន ដែលរូបិយបណ្ណន៍ធ្វើចរន្តពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត) គឹជាតំលៃនៃផលិតផលសរុប (Nominal Ouput=ផលគុណនៃតំលៃទំនិញ និងបរិមាណផលិផលដែលបានផលិត)។
ចំពោះសេដ្ឋកិច្ចវិទូដូចជា Irving Fisher បានឧបមាថាចំណូលពិត (Real income) និងល្បឿនរូបិយបណ្ណន៍ (V) មិនប្រែប្រួលក្នុងរយៈពេលខ្លី តាមសមីការខាងលើបើតំលៃ(P)ប្រែប្រួល ធ្វើអោយបរិមាណផ្គត់ផ្គង់រូបិយបណ្ណន៍ (M) ប្រែប្រួលដែរ។ សមីការបានក្លាយជាមូលដ្ឋានគ្រឹះសំខាន់ របស់ក្រុមសេដ្ឋកិច្ចរូបិយបណ្ណន៍និយម (Monetarism)។
ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍បែបចាស់នេះ (The classical quantity theory of money) បានផ្អែកទៅលើការឧបមាថា តំរូវការរូបិយបណ្ណន៍ (Money Demand) មិនប្រែប្រួល និងមិនមានទំនាក់ទំនងជាមួយកត្តាដទៃទៀត ដូចជា អត្រាការប្រាក់ (Interest Rates)។
សេដ្ឋកិច្ចវិទូបានលើកយកបញ្ហារបស់ទ្រឹស្តីបទ បរិមាណរូបិយបណ្ណន៍បែបចាស់នេះ ចំពោះតំរូវការរូបិយបណ្ណន៍ នៅពេលដែលវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ (Great Depression) បានកើតឡើង ដែលនាំអោយល្បឿនរូបិយបណ្ណ បានធ្លាក់ចុះយ៉ាងគំហុក។កេនស៊ាននិយម (Keynesianism) រហូតឆ្នាំ១៩៣០ អ្នកវិភាគសេដ្ឋកិច្ចស្ទើរតែទាំងអស់ មិនបានធ្វើការបែងចែកសកម្មភាពជាបុគ្គល និងសកម្មភាពជារួមទេ។ ក្រោយវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ (Great Depression) ក្នុងឆ្នាំ១៩៣០ និងការវិវត្តន៍នៃគំនិតស្តីអំពី ចំណូលជាតិ (National Income) និងទិន្នន័យផលិតផល (Product statistics) ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ចត្រូវបានទទួលការចាប់អារម្មណ័ ហើយក៏បានរីកចំរើនឡើង។ មុនពេលនោះការយល់ដឹងអំពីគណនេយ្យជាតិ (National Account) ដូចសព្វថ្ងៃនេះគឺគ្មានទេ។
គំនិតរបស់សេដ្ឋកិច្ចេវិទូ ជនជាតិអង់គ្លេសឈ្មោះJohn Maynard Keynesដែលខំពន្យល់អំពីវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ(Great Depression) បានជំរុញអោយមានការទទួលស្គាល់ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ច។
ក្រោយកេនស៊ាន (After Keynes)
ក្រោយកេនស៊ាន (After Keynes) មានការខិតខំប្រឹងប្រែង ដើម្បីពន្យល់ថាគ្មានភាពខុសគ្នារវាងម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ចទេ។ ដោយចាប់ផ្តើមក្នុងឆ្នាំ១៩៥០ ម៉ាក្រូសេដ្ឋវិទូ បានបង្កើតម៉ូដេលម៉ាក្រូសេដ្ឋកិច្ច ដែលផ្អែកមីក្រូសេដ្ឋកិច្ច (Micro-based models of macroeconomic behavior) ដូចជាអនុគមន៍ចំណាយ (Consumption Function)។
សេដ្ឋកិច្ចវិទូជនជាតិហូឡង់ឈ្មោះ Jan Tinbergen បានបង្កើតម៉ូដេលម៉ាក្រូសេដ្ឋកិច្ច ដំបូងគេសំរាប់ការស្រាវជ្រាវក្នុងប្រទេសហូឡង់ ហើយក្រោយសង្គ្រាមលោកលើកទី២ ត្រូវបានយកទៅប្រើក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស។ ម៉ូដែលម៉ាក្រូសេដ្ឋកិច្ចដំបូងគេសំរាប់ការស្រាវជ្រាវ ក្នុងពិភពលោក ត្រូវបានបង្កើតឡើងដោយលោក Lawrence Klein ដែលទទួលបានណូលបែលប្រាយ ផ្នែកសេដ្ឋកិច្ច (Nobel Memorial Prize in Economics) ក្នុងឆ្នាំ១៩៨០។
ក្នុងទសវត្សន៍ទី៧០ អ្នកទ្រឹស្តីដូចជា Robert Lucas Jr បានលើកចោទជាបញ្ហាក្នុងម៉ូដេលម៉ាក្រូសេដ្ឋកិច្ចរបស់កេនស៊ានថា ដែលមិនបានគិតបញ្ចូលនូវសកម្មភាពរបស់បុគ្គល ផ្ទុយទៅវិញដោយផ្អែក ទៅលើការពិនិត្យអញ្ញត ម៉ាក្រូសេដ្ឋកិច្ចកាលពីអតីតកាល។
ភាពចំរូងចំរាស់ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ចមានច្រើន។ ប៉ុន្តែក្នុងឆ្នាំ១៩៥៣ Friedman, M. បានពោលថាគោលបំនងសំខាន់ នៃការស្រាវជ្រាវសេដ្ឋកិច្ច មិនមែនជាការរកខុសរឺត្រូវ តែជាការជំរុញធ្វើអោយមានប្រយោជន៍ដល់សេដ្ឋកិច្ច។
ក្រុម (Schools)
ក្រុមរូបិយប័ណ្ណនិយម (Monetarism) ដែលដឹកនាំដោយ Milton Friedman បានពោលថាអតិផរណា (Inflation) មាននូវគ្រប់ទិសទីក្នុងសេដ្ឋកិច្ចរូបិយប័ណ្ណ។ វាបានទាត់ចោលនូវវិធានការចំណាយរដ្ឋ (Fiscal Policy) ព្រោះវិធានការនេះនាំមកនូវ Crowding out ក្នុងផ្នែកឯកជន។ ជាងនេះទៅទៀត ក្រុមរូបិយប័ណ្ណនិយម មិនព្យាយាមដោះស្រាយបញ្ហាអតិផរណា (Inflation) និងអតិបរណា (Deflation) តាមរយៈគ្រប់គ្រងតំរូវការ (Demand management) ដូចក្រុមកេនស៊ានសេដ្ឋកិច្ចទេ។
ប៉ុន្តែវាព្យាយាមដោះស្រាយ តាមរយៈវិធានការរូបិយប័ណ្ណ (Monetary Policy) ដូចជា ការរក្សាកំណើននៃបរិមាណផ្គត់ផ្គង់រូបិយប័ណ្ណអោយថេរ។
– ក្រុមសេដ្ឋកិច្ចតាមបែបថ្មីនិងចាស់ (Neoclassical economics)
– ក្រុមសេដ្ឋកិច្ចតាមបែបកេនស៊ានថ្មី (New Keynesian economics)
– ក្រុមសេដ្ឋកិច្ចតាមបែបក្រោយកេនស៊ាន (Post-Keynesian economics)។
វិធានការម៉ាក្រូសេកិច្ច (Macroeconomic Policies)
ដើម្បីជៀសវាងនូវវិវបត្តិសេដ្ឋកិច្ចធំៗ ដូចជា The Great Depression រដ្ឋាភិបាលព្យាយាម កែលសំរួលវិធានការសេដ្ឋកិច្ច ដោយសង្ឃឹមថា នឹងអាចរក្សាបានស្ថេរភាពសេដ្ឋកិច្ច។ រដ្ឋាភិបាលជឿថាការជោគជ័យ នៃការធ្វើការកែសំរួលសេដ្ឋកិច្ច មានសារសំខាន់ ក្នុងការថែរក្សាអោយមានស្ថេរភាពសេដ្ឋកិច្ច និងជំរុញអោយមានការរីកចំរើន៕