ដោយៈសុខុម
ប្រទេសទីម័រៈ ប្រទេសទីម័រឡេស្តេ ឬ ទីម័រខាងកើត ជាប្រទេសមួយដែលបានទទួលឯករាជ្យពីឥណ្ឌូនេស៊ី តើសេដ្ឋកិច្ចនៃប្រទេសមួយនេះ មានសន្ទុះសេដ្ឋកិច្ចខ្លាំងបែបណា ហើយពឹងផ្អែកលើវិស័យអ្វីជាសំខាន់?។
ដោយៈសុខុម
ប្រទេសទីម័រៈ ប្រទេសទីម័រឡេស្តេ ឬ ទីម័រខាងកើត ជាប្រទេសមួយដែលបានទទួលឯករាជ្យពីឥណ្ឌូនេស៊ី តើសេដ្ឋកិច្ចនៃប្រទេសមួយនេះ មានសន្ទុះសេដ្ឋកិច្ចខ្លាំងបែបណា ហើយពឹងផ្អែកលើវិស័យអ្វីជាសំខាន់?។
នៅឆ្នាំ២០០២ ទីម័រខាងកើត បានក្លាយជាប្រទេសឯករាជ្យ បន្ទាប់ពីស្ថិតក្រោមនឹមអាណានិគមរបស់ប្រទេសព័រទុយហ្គាល់ អស់រយៈពេល៤សតវត្សរ៍ និងត្រូវបានឥណ្ឌូនេស៊ី ដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួនអស់រយៈពេល២ទសវត្សរ៍។
ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលទីម័រខាងកើត បានផ្តោតយកចិត្តទុកដាក់លើការរក្សាឯកភាពនយោបាយ និងការជំរុញកំណើនសេដ្ឋកិច្ច។ នេះមិនមែនជាកិច្ចការងាយស្រួលឡើយ បន្ទាប់ពីកើតមានអំពើហិង្សាយ៉ាងរាលដាល ការជម្លៀសប្រជាជន និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងប្រទេសនេះ ក្រោយការធ្វើប្រជាមតិនៅក្នុងឆ្នាំ១៩៩៩។ ហេដ្ឋារចនាសម្ព័ន្ធភាគច្រើន ក្នុងប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញ នៅសម័យកាលនោះ រួមមានប្រព័ន្ធទឹកភ្លើង និងប្រព័ន្ធលូ ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ ព្រមទាំងទ្រព្យសម្បត្តិសាធារណៈ និងឯកជនច្រើនរាប់មិនអស់។
ទោះបីជាមានការរីកចម្រើនជាបន្តបន្ទាប់ក្ដី ក៏តាមការប៉ាន់ប្រមាណថា ពលរដ្ឋទីម័រខាងកើតជាង៤០ភាគរយ នៅតែរស់ក្រោមបន្ទាត់នៃភាពក្រីក្រ ហើយការអត់ការងារធ្វើមានអត្រាខ្ពស់ខ្លាំងនៅពេលបច្ចុប្បន្ន។
*ការអភិវឌ្ឍន៍
បន្ថែមពីលើការរីកចម្រើន ក្នុងវិស័យសាធារណៈរបស់ទីម័រខាងកើត ចំនួនអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ជាពិសេសក្នុងវិស័យសំណង់ និងការលក់ដុំ និងលក់រាយទំនិញ ក៏កំពុងមានសន្ទុះកើនឡើងផងដែរ។ អាជីវកម្មខ្នាតតូច និងមធ្យមភាគច្រើនបានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីឌីលី (Dili) ដែលបានប្រែប្រួលមុខមាត់យ៉ាងខ្លាំងចាប់តាំងពីទទួលបានឯករាជ្យមក ដោយការសាងសង់អគារ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធកំពុងតែបន្តជាហូរហែ។
ដូចក្នុងរដ្ឋធានីភាគច្រើនអញ្ចឹងដែរ រដ្ឋធានីឌីលី មានភាពស៊ីវិល័យ និងសកម្មភាពសេដ្ឋកិច្ចរស់រវើកដូចជាសេវាកម្មសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ ហាងលក់ទំនិញ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ ទោះជាយ៉ាងណា ទីប្រជុំជន និងភូមិឋានបែបប្រពៃណីក្នុងបណ្ដាស្រុកជុំវិញ មានការប្រែប្រួលមុខមាត់តិចតួចណាស់ លើកលែងតែការជួសជុលកែលម្អផ្លូវថ្នល់ និងបណ្ដាញអគ្គិសនីប៉ុណ្ណោះ។
ប្រជាជនដែលរស់នៅតំបន់ជនបទ បានបន្តប្រកបមុខរបរនេសាទត្រី អាស្រ័យអនុផលព្រៃឈើ និងធ្វើកសិកម្មទ្រង់ទ្រាយតូច។
*វិស័យប្រេង
បច្ចុប្បន្នសេដ្ឋកិច្ចនៃប្រទេសទីម័រខាងកើត ពឹងផ្អែកស្ទើរតែទាំងស្រុងលើការទាញយកធនធានរ៉ែប្រេងពីសមុទ្រទីម័រ (Timor Sea) ដែលគ្របដណ្ដប់រហូតដល់ទៅ៨០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ ប្រាក់ចំណូលដែលបានពីធនធានរ៉ែប្រែងជួយឱ្យប្រទេសនេះ មានលទ្ធភាពវិនិយោគច្រើន សន្ធឹកសន្ធាប់លើសេវាកម្មសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់ និងបណ្ដាញអគ្គិសនី។
ទោះជាយ៉ាងណា ខណៈដែលប្រេងមានសារៈសំខាន់យ៉ាងខ្លាំង នៅក្នុងការរក្សាដំណាក់កាលដំបូង នៃការអភិវឌ្ឍប្រទេសទីម័រខាងកើត ធនធានរ៉ែប្រេងកំពុងធ្លាក់ចុះកាន់តែខ្លាំង ហើយប្រទេសនេះចាំត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច (ធ្វើឱ្យសម្បូរបែប) ជាបន្ទាន់ មុននឹងធនធានរ៉ែប្រេងអស់។
*វិស័យផ្សេងៗទៀត
នៅក្នុងប្រទេសទីម័រខាងកើត សេដ្ឋកិច្ចក្រៅពីប្រេងគ្របដណ្ដប់ត្រឹមតែ២១ភាគរយប៉ុណ្ណោះនៃផលទ្នជាតិសរុប(GDP)។ វិស័យកសិកម្ម ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត ដែលផ្តល់ការងារដល់ប្រជាជនជាង៥០ភាគរយ
ក្នុងចំណោមប្រជាជនសរុប១.៣៤០.៥១៣គិតត្រឹមឆ្នាំ២០២១ នេះ។
ដោយសារប្រទេសនេះ មានសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ទេសចរណ៍វប្បធម៌ និងបេតិកភ័ណ្ឌ ក្នុងប្រទេសនេះត្រូវបានគេមើលឃើញថា ជាវិស័យដ៏សំខាន់មួយ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគត។ វាជាគោលដៅមួយ ដែលត្រូវសម្រេចឱ្យបាន តាមរយៈការផ្ដោតលើបេតិកភណ្ឌវប្បធម៌ ដំណើរកម្សាន្តបែបផ្សងព្រេង និងបទពិសោធន៍ទេសចរណ៍ធម្មជាតិ។
ការកែលម្អផលិតកម្មពីវិស័យកសិកម្ម និងនេសាទក៏ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ខ្លាំងផងដែរ ព្រោះវាធានាធ្វើឱ្យប្រទេសនេះមានសន្តិសុខស្បៀង និងកាត់បន្ថយការនាំចូល។
*ការព្យាករណ៍អំពីកំណើន GDP
ប្រទេសនេះ មានប្រាក់ចំណូលGPD សរុបប្រចាំឆ្នាំ២០២០ សម្រេចបាន៥,៣១៥ពាន់លានដុល្លារអាមេរិក និងចំណូលជាមធ្យមក្នុងមនុស្សម្នាក់ៗមានចំនួន៤.០៣១ដុល្លារក្នុងមួយឆ្នាំ។
សាសនា
ប្រជាជនប្រទេសនេះ កាន់សាសនាគ្រិស្ត៩៩,៥៣ភាគរយ កាន់សាសនាអ៊ីស្លាម០,២៤ភាគរយ និងសាសនាផ្សេងៗទៀត០,២៣។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករថា ប្រទេសនេះនឹងទទួលបានកំណើន GDP ប្រមាណ៣,៤ភាគរយ ក្នុងឆ្នាំ២០២១ និង៤,៣ភាគរយក្នុងឆ្នាំ២០២២៕