តម្លៃដីនៅខេត្តកំពតឡើងថ្លៃមិនចាញ់ខេត្តព្រះសីហនុ

0

ដោយ រ៉ាវី
ភ្នំពេញ៖ បន្ទាប់ពីក្រុងព្រះសីហនុ ដែលត្រូវបានជនជាតិចិនសម្រុកធ្វើការវិនិយោគយ៉ាងគំហុកទៅលើវិស័យអចលនទ្រព្យ ដែលជំរុញតម្លៃដីធ្លីហក់ឡើងខ្ពស់នោះ ពេលនេះងាកមកខេត្តកំពតឯណេះវិញ ចំពោះតម្លៃដីក៏មានការកើនឡើងខ្លាំងមិនចាញ់គ្នានោះទេ ជាពិសេស ដីដែលស្ថិតនៅក្នុងតំបន់គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលតែម្ដង ដូចជាគម្រោងសាងសង់មណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងគម្រោងសាងសង់កំពង់ផែទឹកជ្រៅអន្តរជាតិជាដើម ។


បច្ចុប្បន្នតម្លៃដីនៅខេត្តកំពត ក៏កំពុងមានសន្ទុះឡើងខ្លាំងដែរហើយ ដោយសារខេត្តនេះមានទីតាំងនៅជាប់សមុទ្រ មានសក្តានុពលក្នុងវិស័យទេសចរណ៍ និងមានសក្តានុពលក្នុងការធ្វើកំពង់ផែដឹកជញ្ជូនទំនិញតាមសមុទ្រផងដែរ។

លោក គឺ ប្រាសិទ្ធិ ដែលជាឈ្មួញរកស៊ីលើវិស័យដីធ្លីបានមានប្រសាសន៍ថា បច្ចុប្បន្នតម្លៃដីនៅខេត្តនេះ កំពុងមានសន្ទុះឡើងខ្លាំងមែន ពិសេសដីដែលស្ថិតនៅចំណុចសំខាន់ៗមួយចំនួន ដូចជាដីនៅតំបន់ដងព្រែក នៅជាប់តំបន់ឆ្នេរ និងនៅតំបន់កម្សាន្តមួយចំនួនទៀត។

លោកបានបន្តទៀតថា សម្រាប់ដីដែលស្ថិតនៅតំបន់កំពង់បាយដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ និងដីនៅតាមសងខាងផ្លូវជាតិ ឆ្លងកាត់ពីខេត្តកំពតមកខេត្តព្រះសីហនុតែម្តង កំពុងតែបន្តឡើងតម្លៃ ដែលកាលពីឆ្នាំមុន មានតម្លៃប្រមាណជា 25ទៅ30ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែមកទល់បច្ចុប្បន្នដីនៅតំបន់នោះមានសន្ទុះឡើងយ៉ាងខ្លាំងក្នុងមួយម៉ែត្រការ៉េ តម្លៃដល់ទៅជាង130-150 ដុល្លារឯណោះ។

អ្វីដែលធ្វើឱ្យដីនៅតំបន់នោះឡើងថ្លៃខ្ពស់ ដោយសារជនបរទេស ចូលមករស់នៅទីនោះកាន់តែច្រើនឡើងៗ មកបើកធ្វើអាជីវកម្មផ្សេងៗ ពិសេសធ្វើជាភោជនីយដ្ឋានលក់ទំនិញម្ហូបអាហារជូនភ្ញៀវទេសចរបរទេសដូចគ្នា។

មួយវិញទៀតវិនិយោគិនក៏កំពុងឈានជើងទៅទីនោះ ដើម្បីទិញដីទ្រង់ទ្រង់ធំទុកធ្វើវិនិយោគថែមទៀតផងដែរ។ ដោយឡែកដីនៅតាមបណ្តោយផ្លូវជាតិ ពីទីរួមខេត្តកំពត ឆ្ពោះទៅតំបន់កែប នៅមានតម្លៃទាបនៅឡើយ ដោយក្នុងមួយម៉ែត្រការ៉េ ត្រឹម150 ដុល្លារ ខណៈដែលតម្លៃដីដែលស្ថិតនៅតំបន់កម្សាន្តភ្នំដូង និងតំបន់ក្បែរគម្រោងសាងសង់កំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិ ឡើងខ្ពស់រហូតដល់ជាង300ដុល្លារក្នុងមួយម៉ែត្រការ៉េ។


ស្រដៀងគ្នាទៅនឹងការលើកឡើងខាងលើនេះ អ្នកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន  AMATAK Property Service Co, Ltd  ក៏បានទទួលស្គាល់ដែរថាតម្លៃដីនៅខេត្តកំពត កំពុងមានសន្ទុះកើនឡើងបណ្តើរៗហើយ ស្របពេលដែលរដ្ឋាភិបាលប្រកាសសាងសង់កំពង់ផែអន្តរជាតិជម្រៅទឹកជ្រៅ នឹងពង្រីកផ្លូវជាតិលេខ3 ពីភ្នំពេញទៅខេត្តកំពត។

លោកស្រីថានៅពេលដែលហេដ្ឋារចនាសម្ពន្ឋនេះសាងសង់រួច តម្លៃដីនៅទីនោះនឹងកាន់តែឡើងថ្លៃខ្ពស់ឡើងៗ ដូចទៅនឹងខេត្តព្រះសីហនុដែរ ដោយសារតម្លៃដីនៅខេត្តនោះឡើងថ្លៃខ្ពស់រួចទៅហើយ ដូច្នេះអ្នកវិនិយោគនឹងងាកទៅរកតំបន់ណា ដែលមានទីតាំងភូមិសាស្រ្តប្រហាក់ប្រហែលគ្នា ពិសេសខេត្តកំពត ដែលមានទីតាំងជាប់មាត់សមុទ្រដូចទៅខេត្តព្រះសីហនុដែរ។

យ៉ាងណាក៏ដោយលោកស្រីក៏បានព្រមានផងដែរថា ចំពោះវិនិយោគដើម្បីទទួលបានចំណេញ សម្រាប់ឈ្មួញ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវធ្វើការពិចារណាឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញដី ដែលគួរមើលទីតាំងភូមិសាស្រ្ត ពិនិត្យមើលឯកសារឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ជៀសវាងហានិភ័យកើតឡើងក្រោយពេលទិញរួច។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានប្រកាសដែរថា គម្រោងពង្រីកផ្លូវជាតិលេខ3 ចាប់ពីរង្វង់មូលចោមចៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឆ្ពោះទៅទីរួមខេត្តកំពត និងចាប់ផ្តើមសាងសង់នៅដើមខែឧសភាខាងមុខនេះ ក្រោមកម្ចីសម្បទាន 215 លានដុល្លារពីប្រទេសចិន ដើម្បីសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងមូល។

គម្រោងនេះត្រូវបានបែងចែកជាពីរកំណាត់ គឺកំណាត់ផ្លូវចោមចៅ-បែកគូស និង កំណាត់ផ្លូវបែកគូស-កំពត ដែលផ្លូវចោមចៅ-បែកគូសនឹងសាងសង់ជាផ្លូវបួនគន្លង (2ទៅ 2មក) ដោយមានទទឹងសរុប 24.5 ម៉ែត្រ ខណៈដែលគម្រោងសាងសង់កំពង់ផែទឹកជ្រៅអន្តរជាតិរបស់ក្រុមហ៊ុនទ្រីភាពគ្រុប សហការជាមួយក្រុមហ៊ុនចិន គ្រោងសាងសង់នៅពេលឆាប់ៗខាងមុខផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here