ដោយៈ ព្រំម វីរៈ
ដូចជាមិនយល់ទេ ប្រកួតប្រជែងដើម្បីសេរីភាព? ក្នុងសកលលោកនេះគ្មានអ្នកណាចូលចិត្ត ឱ្យមានការរំលោភបំពាន ពីក្រុមអ្នកគ្រប់គ្រងទេ ប៉ុន្តែមនុស្សម្នាសព្វថ្ងៃ ក៏បានចាប់ផ្តើមទទួលស្គាល់ថា វិស័យឯកជនក៏អាចបង្កព្យសនកម្មដល់សេរីភាពបុគ្គលដែរ។

-->
បើនៅក្នុងទីក្រុងរបស់អ្នក បើមានហាងតែមួយ ទោះជាមុខម្ហូបអន់ក៏ដោយ តើអ្នកនឹងទៅបរិភោគនៅទីណា? ពិតណាស់អ្នកនឹងសុខចិត្តបន្តទំពាទាំងទើសទាល់ រាល់អាទិត្យនៅហាងនោះ ហាក់បីដូចជាគ្មានសេរីភាពអ៊ីចឹង។ បើក្រុមហ៊ុនធំៗ និងក្រុមហ៊ុនបច្ចេកវិទ្យាបន្លំលួច យកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅប្រើប្រាស់ តើអ្នកធ្វើអ្វីបាន? តើតួអង្គសេដ្ឋកិច្ចបង្កើតឱ្យមានភាពលំបាកយ៉ាងណាខ្លះ ដែលប៉ះពាល់ដល់ជីវិតសេរីរបស់អ្នកជិតខាង និងរបស់រូបអ្នកផ្ទាល់?។
នៅពេលដែលក្លិនកាហ្វេឡាតេ បានជ្រាបដល់អារម្មណ៍របស់យើងភ្លាម យើងមានអារម្មណ៍ធូរស្រាលច្រើនដោយជឿថា សេរីភាពផ្នែកសេដ្ឋកិច្ចអនុញ្ញាតឱ្យយើង ធ្វើសកម្មភាពអ្វីដែលយើងចូលចិត្តបំផុត។ យើងសាកគិតទៅមើល មិនថាក្នុងស្រុក ឬលើឆាកអន្តរជាតិទេ មិនថាការចង់មានចង់បាន និងការចង់ល្បីហ្នឹងហើយ ដែលបានសរសេរប្រវត្តិសាស្ត្រមនុស្សគ្រប់ទិសទីនោះ?។
អ្នកខ្លះទទួលបាននូវភាពរុងរឿងស្ញប់ស្ញែង ខ្លះទៀតក៏អភ័ព្វ។ ប៉ុន្តែបើយើងពិតជាប្រាថ្នា ទទួលបានផលពីសេរីភាព ផ្នែកសេដ្ឋកិច្ចដោយក្តីរីករាយដោយមិនលះបង់ សេរីភាពបុគ្គលមែននោះ (ការពារខ្លួនយើងពីអំពើល្មើសនានារបស់ក្រុមហ៊ុនធំ) ច្បាស់ណាស់ហើយថា យើងត្រូវតែការពារឱ្យបានដាច់ខាតធ្វើយ៉ាងណា ឱ្យវិស័យឯកជនត្រូវតែគោរពច្បាប់ និងត្រូវស្រឡាញ់ការប្រកួតប្រជែងក្នុងទីផ្សារ ជាអមត:តរៀងទៅ។ នេះជាគោលគំនិតរបស់ច្បាប់ស្តីពី ការប្រកួតប្រជែងមិនថានៅប្រទេសណាទេ។
ឈប់សិន ម៉េចបានជានិយាយពីទីផ្សារអ្វីច្រើនម្ល៉េះ? ចាំបាច់អីទៅគ្រប់គ្រងលើទីផ្សារ? តាមការអនុវត្តជាក់ស្តែង ភាគច្រើននៃរឿងក្តីនៅតុលាការស្រុកអាមេរិក ដែលទាក់ទងនឹងការប្រកួតប្រជែង គេតោងចាប់ផ្តើមពីការវែកញែក កំណត់ទីផ្សារជាក់លាក់មួយ ដែលផលិតផលណានោះ កំពុងតែធ្វើការប្រកួតប្រជែងជាមួយគ្នា។
តាមនិយមន័យច្បាប់ ក្រុមហ៊ុនអាហារដ្ឋាន Kentucky Fried Chicken និង Texas Chicken មានទំនាក់ទំនងក្នុងខ្សែដេក ជាមួយគ្នាទោះចង់មិនចង់ក៏ដោយ (ដោយសារប្រតិបតិ្តការផលិតកម្ម និងចែកចាយក្នុងកម្រិតដូចគ្នា)។
ដោយឡែកក្រុមហ៊ុនកសិដ្ឋាន ដែលផ្តល់សាច់មាន់ គឺមានទំនាក់ទំនងក្នុងខ្សែឈរ ជាមួយនឹងក្រុមហ៊ុនអាហារដ្ឋានទាំង២នេះ។ ក្រៅពីទំនាក់ទំនងទាំង២ប្រភេទនេះ (ខ្សែដេក និងខ្សែឈរ) ច្បាប់ស្តីការប្រកួតប្រជែងនៅកម្ពុជាមានចែងនូវស្ថានភាព២ទៀត ដែលអាចធ្វើឱ្យយើងបើកភ្នែកធំៗសម្លឹងមើលដូចជា៖
ទី១ ជំហរឧត្តមភាពលើទីផ្សារ និងការរួមបញ្ចូលគ្នានូវធុរកិច្ច។ យើងត្រូវតែចាប់អារម្មណ៍ លើពាក្យទីផ្សារព្រោះថា ច្បាប់របស់យើងបានខិតខំដល់ថ្នាក់ផ្តល់និយមន័យឱ្យទៀត ទី២ ទីផ្សារសំដៅដល់ទីផ្សារទំនិញ ឬសេវាដែលកំពុងប្រកួតប្រជែង រីឯការប្រកួតប្រជែង សំដៅដល់សកម្មភាពរបស់បុគ្គលធ្វើធុរកិច្ចនៅក្នុងទីផ្សារ ដើម្បីដណ្តើមយកអតិថិជន ឱ្យបានច្រើនក្នុងការប្រើប្រាស់នូវទំនិញ ឬសេវារបស់ខ្លួនទទួលបាន នូវចំណែកទីផ្សារច្រើន និងជំហរឧត្តមភាពលើទីផ្សារ។
បើនិយាយឱ្យស្រួលស្តាប់ ទំនាក់ទំនងណា ដែលមិនស្ថិតលើខ្សែដេកគឺស្ថិតលើខ្សែឈរ ប៉ុន្តែការវិវត្តយ៉ាងលឿន ក្នុងចរិតលក្ខណ:នៃផលិតផលនិងសេវា អាចធ្វើឱ្យការបែងចែកនេះពិបាកនឹងធ្វើណាស់។
ជាក់ស្តែងកាលពី២០ឆ្នាំមុន គ្មាននរណានិយាយថា Microsoft និង Google ជាគូប្រជែងគ្នាទេ តែចាប់តាំងពីប៉ុន្មានឆ្នាំចុងក្រោយមកហើយ ការប្រឈមមុខដាក់គ្នា រវាងក្រុមហ៊ុនទាំង២នេះ គឺបានឈានដល់កម្រិតដែលហួសការស្មានរបស់យើងទៅទៀត។
ភាពស្មុគស្មាញ ពីសមាសធាតុក្នុងទីផ្សារបច្ចេកវិទ្យា ធ្វើឱ្យអ្នកជំនាញសេដ្ឋកិច្ចឈឺក្បាលខ្លាំងណាស់ ហើយការដែលក្រុមហ៊ុន២ អាចសហការគ្នាក្នុងរឿងខ្លះ និងជាគូបដិបក្ខស្លាប់រស់ក្នុងរឿងខ្លះទៀត ធ្វើឱ្យការព្យាយាមរបស់អ្នកច្បាប់ ក្នុងការបង្ហាញពីអត្ថិភាព នៃទីផ្សារជាក់លាក់ណាមួយរឹតតែលំបាក។
ការលំបាកនេះ មិនមែនជាកំហុសរបស់នរណាទេ។ ដើម្បីអាចឈានទៅដល់ការបង្កើតទីផ្សារមួយ ដែលឈរលើបរិស្ថានប្រកួតប្រជែង ដែលល្អឥតខ្ចោះនោះ ទាល់តែនៅក្នុងទីផ្សារនោះ អ្នកលក់ទាំងអស់លក់ផលិតផលដែលដូចគ្នា ដែលការទិញពីអ្នកណាក៏លែងសំខាន់ ហើយអ្នកលក់មានលទ្ធភាពស្មើគ្នា ក្នុងការស្វែងរកវត្ថុធាតុដើម។
អ្នកលក់នីមួយៗមានទំហំតូចៗដូចគ្នា ដែលបើអ្នកលក់ណាមួយសម្រេចចិត្តលក់បរិមាណតិច ឬច្រើនក៏មិនថ្វី និងចុងក្រោយបំផុតរាល់អ្នកចូលរួមក្នុងទីផ្សារ មានការយល់ដឹងពីតម្លៃ និងមានព័ត៌មានសព្វគ្រប់។
ទាំងរូបអ្នកទាំងរូបខ្ញុំដឹងច្បាស់ណាស់ថា លក្ខខណ្ឌសម្រាប់គាំទ្រឱ្យមានការប្រកួតប្រជែង ល្អឥតខ្ចោះខាងលើនេះមិនអាចទៅរួចទេ ក្នុងទីផ្សារមែនទែន ហើយយើងក៏ត្រេកអរដែរ ដែលការដែលគ្មានភាពល្អឥតខ្ចោះនេះបានជួយជំរុញ ឱ្យមានការច្នៃប្រឌិតនានាជាច្រើន។
ប៉ុន្តែជាមួយគ្នានេះដែរ ភាពមិនល្អឥតខ្ចោះនេះ ក៏បានបើកផ្លូវឱ្យក្រុមហ៊ុន ដែលចង់បានតែប្រាក់ចំណេញ មានឱកាសរំលោភបំពាន លើសេរីភាពបុគ្គលផងដែរ។ បទពិសោធនៅអាមេរិកជាសក្ខីភាពស្រាប់។
រដ្ឋបាលក្រោមលោក អូបាម៉ា បានបិទភ្នែកអនុញ្ញាតឱ្យ Facebook និង Google ច្បាមយក និងបង្កើនអំណាចឯកជនរបស់ខ្លួន យ៉ាងសម្បើម តាមរយៈការទិញយក ក្រុមហ៊ុនដទៃទៀតជាច្រើន។
ការច្បាមយកអំណាច ក្នុងវិស័យឯកជន ធ្វើឱ្យការប្រកួតប្រជែងលែងមាន ហើយថែមទាំងអាចនាំទៅដល់ការប៉ះពាល់ ដល់សេរីភាពបុគ្គលទៀតផង (ដូចជាការប្តឹងទាក់ទង នឹងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន របស់អតិថិជនជាដើម)។

បើក្រុមហ៊ុនធំៗ មិនអាចក្លាយជាអ្នកស្រឡាញ់សេរីភាពបុគ្គលបានទេនោះ តើអ្នកណាត្រូវគ្រប់គ្រង?៕
ដោយបណ្ឌិតលោកព្រំម វីរ:បង្រៀនច្បាប់នៅ CamEd Business School៕