សិក្សាស្វែងយល់ពី អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មក្នុងវិស័យអចលនទ្រព្យ

0

ដោយ៖ សុផារី

ភ្នំពេញ ៖ រាល់ការធ្វើអាជីវកម្មអភិវឌ្ឍលើវិស័យអចលនវត្ថុ ដូចជា លំនៅឋាន ខុនដូ ដីឡូត៍ អគារការិយាល័យ និងអគារផ្សារ ក្នុងគោលបំណងសម្រាប់លក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរជាមុនសិន។


យោងតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា អាជីវកម្មអភិវឌ្ឍអចលនវត្ថុ បែងចែកជា៣ប្រភេទ ទី១ អាជីវកម្មនៃការអភិវឌ្ឍលំនៅឋាន ដែលសាងសង់ផ្ទះល្វែង និងភូមិគ្រឹះ សម្រាប់លក់។ ទី២ អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ គឺសំដៅដល់ការធ្វើអាជីវកម្មលើអគារ ឬសំណង់ដូចជា ខុនដូ អគារការិយាល័យ និងអគារផ្សារជាដើម ដែលមានម្ចាស់ច្រើននាក់រស់នៅ ឬអាស្រ័យផល និងទី៣ អាជីវកម្មអភិវឌ្ឍដីឡូត៍ សម្រាប់ពុះលក់ឬជួលក្នុងរយៈពេលវែង។

អ្នកអភិវឌ្ឍអចលនវត្ថុ មានពីរប្រភេទគឺ អ្នកអភិវឌ្ឍអចលនវត្ថុជារូបវន្តបុគ្គល និងអ្នកអភិវឌ្ឍអចលនវត្ថុជានីតិបុគ្គល។ អ្នកអភិវឌ្ឍអចលនវត្ថុជារូបវន្តបុគ្គល ជាបុគ្គលដែលធ្វើអាជីវកម្មលើអចលនវត្ថុមិនអចិន្ត្រៃយ៍ទេ។ ចំណែក អ្នកអភិវឌ្ឍអចលនវត្ថុជានីតិបុគ្គល ជាក្រុមមនុស្ស ឬក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យណាមួយធ្វើអាជីវកម្ម (ជួល ឬលក់) អចលនវត្ថុណាមួយខាងលើក្នុងរយៈពេលវែង។

អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម មានចំនួន២ប្រភេទគឺ ប្រភេទទី១ ផ្តល់ជូនបុគ្គលដែលសាងសង់គម្រោងចប់ជាស្ថាពរ ទើបប្រកាសលក់ និងប្រភេទទី២ ផ្តល់ជូនបុគ្គលដែលសាងសង់គម្រោងបណ្តើរ ប្រកាសលក់បណ្តើរ។

បុគ្គល ឬក្រុមហ៊ុនណា ដែលមានបំណងចង់បើកអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ទំហំចាប់ពី ០៤-៣០ ល្វែង ឬ ០៣-៣០ ភូមិគ្រឹះ ឬ០៤– ៣០ យូនីត ត្រូវមានលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរជាមុន។ អភិវឌ្ឍលំនៅឋាន ទំហំលើសពី៣០ល្វែង ឬលើសពី ៣០ ភូមិគ្រឹះ ឬលើសពី ៣០ យូនីត ត្រូវមានអាជ្ញាបណ្ណពីក្រសួងជាមុន។

បុគ្គល ឬក្រុមហ៊ុនណា ដែលមានបំណងចង់បើកអាជីវកម្មអភិវឌ្ឍដីឡូត៍ ទំហំចាប់ពី ១០.០០០ ម៉ែត្រការ៉េ (១ហិចតា) ឡើង ត្រូវមានអាជ្ញាបណ្ណពីក្រសួងជាមុន ចំពោះការធ្វើអាជីវកម្ម។ អភិវឌ្ឍដីឡូត៍ ទំហំក្រោម ១០.០០០ ម៉ែត្រការ៉េ (១ហិចតា) ត្រូវមានលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរជាមុន។

អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មមួយ ផ្តល់ជូនសម្រាប់ ទីតាំងអភិវឌ្ឍតែមួយកន្លែងប៉ុណ្ណោះ។ ក្នុងករណីដែលគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិតែមួយ ហើយបែងចែកជាច្រើនដំណាក់កាល អាជ្ញាបណ្ណត្រូវបានផ្តល់សម្រាប់ដំណាក់កាលនីមួយៗនៃគម្រោងអភិវឌ្ឍនោះ។ ដូច្នេះ តម្លៃអាជ្ញាបណ្ណនិងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍ អចលនវត្ថុ ត្រូវតែកំណត់ ដោយអាស្រ័យទៅតាមប្រភេទនិងទំហំនៃការអភិវឌ្ឍអចលនវត្ថុនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here