USAID ប្រកាសអំពីភាពជាដៃគូដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

0

ដោយៈសុផារី

ភ្នំពេញៈ ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍអន្តរជាតិ USAID បានប្រកាសភាពជាដៃគូថ្មី ជាមួយក្រុមហ៊ុនឯកជនចំនួនពីរ ដើម្បីវិនិយោគរួមគ្នា លើច្រវ៉ាក់ផ្គត់ផ្គង់ត្រជាក់ (cold chain) សមត្ថភាពផ្ទុកផលិតផលកសិកម្ម និងភស្តុភារនៅកម្ពុជា។

ភាពជាដៃគូនេះ នឹងជំរុញការប្រកួតប្រជែង សេដ្ឋកិច្ចរបស់ប្រទេសនិងបរិយាបន្ន ដោយបំពេញនូវចន្លោះប្រហោងនៃច្រវ៉ាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម។

ក្រុមហ៊ុនខ្មែរខូលឆេន ឯ.ក. (Khmer Cold Chain ) និងក្រុមហ៊ុន Amru Rice នឹងបង្កើត ធ្វើតេស្ត និងដំណើរការកន្លែងទុកដាក់ត្រជាក់ សេវាកម្ម និងសមត្ថភាពដឹកជញ្ជូនកសិកម្មនៅកម្ពុជា ដោយបង្កើតនូវច្រវ៉ាក់ផ្គត់ផ្គង់ដែលមានសុវត្ថិភាព និងមានការគ្រប់គ្រងដោយសីតុណ្ហភាព។ ភាពជាដៃគូនេះ នឹងដោះស្រាយឧបសគ្គនៃប្រព័ន្ធទីផ្សារ ចំពោះឱកាសនាំចេញនិងនាំចូល ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើការធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពជ្រៀតចូល ទីផ្សារសម្រាប់កសិករខ្នាតតូច និងធុរកិច្ចដែលដឹកនាំដោយស្ត្រីនិងយុវជន។

លោកស្រី Nancy J. Eslick នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID មានប្រសាសន៍ថា ភាពជាដៃគូរបស់ USAID ជាមួយក្រុមហ៊ុនកម្ពុជា គឺជួយកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុ ដូចនេះពួកគេអាចធ្វើតេស្តនិងលើកកម្ពស់ ដំណោះស្រាយជោគជ័យ ព្រមទាំងជំរុញការវិនិយោគលើវិស័យកសិកម្ម ដើម្បីបង្កើនសមាហរណកម្មពាណិជ្ជកម្ម ក្នុងតំបន់និងអន្តរជាតិ។

ក្នុងភាពជាដៃគូរយៈពេល២ឆ្នាំនេះ ក្រុមហ៊ុនខ្មែរខូលឆេន ឯ.ក. ដែលជាក្រុមហ៊ុន បម្រើសេវាកម្មការភស្តុភារទុកដាក់ត្រជាក់ នឹងចូលរួមវិនិយោគមូលនិធិរបស់ខ្លួន ចំនួនប្រមាណ១លានដុល្លាសហរដ្ឋអាមេរិក និងបូករួមបន្ថែមមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងវិស័យឯកជនប្រមាណ១លានដុល្លារបន្ថែមទៀត ដើម្បីដំណើរការប្រព័ន្ធទុកដាក់ត្រជាក់ ដែលផ្តល់ ឱ្យកសិករទទួលបានតម្លៃប្រសើរជាងមុន ពីទំនិញរបស់ពួកគេ ឱ្យពួកគេអាចលក់ផលិតផលទៅកាន់អន្តរជាតិ និងធានាថាអ្នកប្រើប្រាស់ទទួលបាននូវទំនិញប្រកបដោយគុណភាពខ្ពស់។

ក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុនផលិតចំណីអាហារនិងជាពាណិជ្ជករដែលនាំចេញកសិផល ដូចជា អង្ករ ដំឡូងមី ស្វាយច័ន្ទី និងម្រេច នឹងវិនិយោគ ដោយប្រើប្រាស់ទុនផ្ទាល់ខ្លួនចំនួនប្រមាណ៦សែនដុល្លាអាមេរិក និងបូករួមមូលនិធិរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកចំនួនប្រមាណ ៤សែនដុល្លាបន្ថែមទៀត ដើម្បីបង្កើតបន្ទប់រក្សាទុកត្រជាក់ នៅជិតការិយា​ល័យកណ្តាលរបស់ខ្លួន និងនៅជិតបណ្តាសហគមន៍អភិវឌ្ឍន៍កសិកម្ម ដោយបង្កើតកន្លែងទុកដាក់ត្រជាក់ និងបណ្តាញភស្តុភារដល់អ្នកផ្គត់ផ្គង់កសិករខ្នាតតូច។

វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ចំពោះច្រវ៉ាក់ផ្គត់ផ្គង់បន្លែនេះ នឹងបង្កើនសក្តានុពលរបស់កសិករកម្ពុជា ក្នុងការផលិតកសិផលប្រក​បដោយគុណភាព ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ ក្នុងគោលបំណងកែលម្អសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលដល់កសិករផលិត និងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជា លើការនាំចូលបន្លែពីក្រៅប្រទេស ។

សហវិនិយោគរបស់ទីភ្នាក់ងារ USAID មានគោលបំណងពង្រីកការអភិឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទៅដល់គ្រួសារកសិករតាមទីជនបទ ដែលងាយរងគ្រោះពីកង្វះសន្តិសុខស្បៀង ដោយសារការចូលទៅកាន់ទីផ្សារផ្លូវការក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសមានកម្រិត។

ទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការសម្របសម្រួលភាពជាដៃគូ និងសកម្មភាពនានា ដែលបង្កើនការលក់និងឱកាសការងារក្នុងវិស័យកសិកម្មនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here