ដោយៈសុខុម
អន្តរជាតិ: គេមើលឃើញថា ការកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT ដើម្បីឆ្លើយតបទៅនឹងទង្វើឈ្លានពានចូលប្រទេសអ៊ុយក្រែន គឺជាទណ្ឌកម្មធ្ងន់ធ្ងរបំផុត និងមានប្រសិទ្ធភាពបំផុតដែលធ្វើឱ្យរុស្ស៊ីភ័យខ្លាច ប៉ុន្តែសហរដ្ឋអាមេរិកមិនធ្វើដូច្នេះឡើយ។
តើអាមេរិកមានហេតុផលអ្វី នៅពីក្រោយរឿងដ៏សំខាន់មួយនេះ និងមិនហ៊ានទាត់រុស្ស៊ីចេញពីប្រព័ន្ឋមួយនេះ?។
មូលហេតុចម្បងដែលសហរដ្ឋអាមេរិក មិនកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT គឺដោយសារវាមានភាពស្មុគស្មាញខ្លាំងពេក ព្រមទាំងមានការជំទាស់ពីប្រទេសមួយចំនួន ដែលពឹងផ្អែកលើការនាំចេញថាមពលទៅកាន់អឺរ៉ុបផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអាមេរិក The New York Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៥ កុម្ភៈ។
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ កុម្ភៈ ថា សហរដ្ឋអាមេរិក និងអឺរ៉ុប បានរួមកម្លាំងគ្នាដើម្បីប្រឈមតតាំង នឹងការឈ្លានពានពីសំណាក់រុស្ស៊ី ចូលក្នុងប្រទេសអ៊ុយក្រែន តាមរយៈការដាក់ទណ្ឌកម្មធ្ងន់ធ្ងរនានា។
ទោះជាយ៉ាងណា មានវិស័យដ៏រសើបមួយ ដែលលោកលើកឡើងថាមានការខ្វែងគំនិតគ្នា ជុំវិញការប្រើប្រាស់ជាទម្រង់នៃការទណ្ឌកម្ម នោះគឺប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT។
បច្ចុប្បន្នប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT តភ្ជាប់បណ្ដាញស្ថាប័នហិរញ្ញវត្ថុជាង១១.០០០ស្ថាប័នជុំវិញពិភពលោក។
ក្រៅពីអាវុធនុយក្លេអ៊ែរ គេមើលឃើញថា ប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT គឺជាទម្រង់ទណ្ឌកម្មធ្ងន់ធ្ងរ និងមានប្រសិទ្ធភាពបំផុត ពីព្រោះថា ប្រសិនបើប្រទេសរុស្ស៊ី ត្រូវបានកាត់ផ្ដាច់ចេញពីប្រព័ន្ធ ផ្ទេរប្រាក់អន្តរជាតិ SWIFT នោះប្រទេសនេះ នឹងត្រូវកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុភាគច្រើនពិភពលោក ហើយជាលទ្ធផលនឹងធ្វើឱ្យប្រទេសរុស្ស៊ី ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
ប៉ុន្តែការធ្វើដូច្នេះ គឺមានភាពស្មុគស្មាញខ្លាំងណាស់ និងមានការជំទាស់ពីប្រទេសជាច្រើន ពោលគឺមិនងាយស្រួលដូចគិតនោះឡើយ។ ការកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធ SWIFT មិនមែនប៉ះពាល់តែប្រទេសរុស្ស៊ី មួយនោះទេ ប៉ុន្តែគឺប៉ះពាល់ដល់ប្រទេសជាច្រើន ដែលពឹងផ្អែកប្រទេសរុ ស្ស៊ី លើថាមពល ស្រូវសាលី និងទំនិញផ្សេងៗទៀត។
នោះហើយជាមូលហេតុ ដែលធ្វើឱ្យប្រទេសមួយចំនួនភ័យខ្លាច ហើយជំទាស់នឹងការប្រើប្រាស់ប្រព័ន្ធ SWIFT ជាទម្រង់នៃការដាក់ទណ្ឌកម្ម។
ច្បាស់ណាស់ថា ការកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធ SWIFT នឹងរារាំងសមត្ថភាពរបស់រុស្ស៊ី នៅក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាអន្តរជាតិ។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានលើកឡើងថា ដោយសារតែអឺរ៉ុប ពឹងផ្អែកខ្លាំង លើការនាំចេញថាមពលរបស់រុស្ស៊ី ទើបមេដឹកនាំមួយចំនួននៅតំបន់អឺរ៉ុប ហាក់ភ័យខ្លាច និងមានការស្ទាក់ស្ទើរ។
*ស្វែងយល់ស៊ីជម្រៅអំពីប្រព័ន្ធ SWIFT
ប្រព័ន្ធ SWIFT ជាអក្សរកាត់ដែលចេញ ពីពាក្យពេញថា Society of Worldwide Interbank Financial Telecommunication (បណ្ដាញទូរគមនាគមន៍ហិរញ្ញវត្ថុ នៃធនាគារទូទាំងពិភពលោក)។ វាជាប្រព័ន្ធស្ដង់ដារមួយ ដែលមានសុវត្ថិភាពខ្ពស់បំផុតនៅក្នុងការផ្ទេរ ឬទទួលប្រាក់ប្រាក់ពីធនាគារ ក្នុងប្រទេសជាង២០០ជុំវិញពិភពលោក។
តើការផ្ទេរប្រាក់ជាអន្តរជាតិតាមប្រព័ន្ធ SWIFT ត្រូវការពេលយូរប៉ុណ្ណា?
ជាទូទៅការផ្ទេរប្រាក់ ឬការទូទាត់តាមប្រព័ន្ធ SWIFT ត្រូវការពេលចន្លោះពី១ទៅ៤ថ្ងៃ នៃថ្ងៃធ្វើការអាស្រ័យលើគោលដៅ តំបន់ និងនីតិវិធីធនាគារខុសៗគ្នា។
ដើម្បីធានាសុវត្ថិភាពខ្ពស់ ការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT មិនអាចធ្វើបានភ្លាមៗនោះឡើយ។ មុនពេលប្រាក់របស់អ្នកផ្ញើធ្លាក់ដល់អ្នកទទួលប្រាក់ផ្ទេរទាំងនោះ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីប្រឆាំងការលួចបន្លំ និងការលាងលុយកខ្វក់ ដែលត្រូវការពេលវេលាយូរបន្តិច។
ធនាគារខ្លះ ប្រហែលជាត្រូវបញ្ជូនប្រាក់របស់អ្នកផ្ញើ តាមរយៈធនាគារអន្តរការីទៀតផង ប្រសិនបើគ្មានទំនាក់ទំនងផ្ទាល់ រវាងគណនីនៃធនាគាររបស់អ្នកផ្ញើ និងធនាគារគោលដៅទេនោះ។ កត្តានេះ ក៏រួមចំណែកធ្វើការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT មានការយឺតយ៉ាវផងដែរ ប៉ុន្តែវាមានសុវត្ថិភាពខ្ពស់។
*តើព័ត៌មានអ្វីខ្លះដែលអ្នកត្រូវការសម្រាប់ការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT?
ដើម្បីផ្ទេរប្រាក់ទៅក្រៅប្រទេស ដោយប្រើប្រព័ន្ធ SWIFT អ្នកត្រូវការព័ត៌មានដូចខាងក្រោម៖
១- ឈ្មោះរបស់អ្នកទទួលប្រាក់
២- អាសយដ្ឋានរបស់អ្នកទទួលប្រាក់
៣- ឈ្មោះ និងអាសយដ្ឋាននៃធនាគារទទួលប្រាក់
៤- លេខកូដ SWIFT នៃធនាគារអ្នកទទួល
៥- លេខគណនីរបស់អ្នកទទួល
*បញ្ជាក់! លេខកូដ SWIFT គ្រាន់តែបញ្ជាក់អត្តសញ្ញាណធនាគាររបស់អ្នកទទួលប៉ុណ្ណោះ ចំណែកឯលេខគណនីធនាគារអន្តរជាតិ ដែលគេស្គាល់ថា IBANវែងជាង និងបញ្ជាក់អត្តសញ្ញាណគណនី ធនាគារជាក់លាក់ណាមួយ៕