ដោយ គង់ សូរិយា
ភ្នំពេញ៖ ជិតចប់អាណត្តិកាទូតរបស់ខ្លួននៅកម្ពុជា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានផ្ញើរសារកក់ក្តៅមួយ ដល់ក្រុមអ្នកវិនិយោគរបស់ខ្លួនដែលស្វែងរកឳកាសវិនិយោគនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt បានមានប្រសាសន៍ក្នុងសន្និសីតសារព៌តមានកាលពីថ្ងៃទី២៦ កញ្ញាកន្លងមកថា ទន្ទឹមនឹងភាពកើនឡើងនៃវិស័យកសិកម្មនៅកម្ពុជាពេលនេះ កម្ពុជាក៏មានជួបបញ្ហាប្រឈមដែរ នូវការធ្លាក់ចុះសក្តានុពលជាមួយប្រទេសក្នុងតំបន់ ដោយសារមានភាពប្រកួតប្រជែងគ្នាច្រើន។ លោកបន្តថា សម្រាប់វេទិកាថ្ងៃនេះ ក្រុមហ៊ុនអាមេរិកនឹងជួយឲ្យកម្ពុជាចៀសផុត ពីការព្រួយបារម្ភការភាពប្រកួតប្រជែង ក្នុងទីផ្សារបាន ដោយសារតែក្រុមហ៊ុនអាម៉េរិក គឺមានជំនាញបច្ចេកទេសខ្ពស់ ហើយល្អ។
លោកបន្តថា “នៅទីក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក ក៏ដូចជាទីក្រុងប្រទេសដទៃផ្សេងទៀតក្នុងពិភពលោក គេកំពុងតែតាមដាននូវការវិវឌ្ឍ នៅក្នុងប្រទេសកម្ពុជាយ៉ាងជិតដិត និងសង្ឃឹមថាក្នុងរយះពេលដ៏ខ្លីខាងមុខ កម្ពុជានឹងមានការអភិវឌ្ឍកាន់តែខ្លាំង ដែលសមល្មមនិងដល់ហើយសម្រាប់ក្រុមហ៊ុនកម្ពុជា ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិក ក្នុងការជំរុញឲ្យល្អប្រសើរលើវិស័យកសិកម្មនេះ។
វេទិកាខាងលើនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយឲ្យក្រុមហ៊ុនអាមេរិកមានការយល់ដឹងស៊ីជម្រៅទៅលើវិស័យនេះ ភ្ជាប់ទំនាក់ទំនងជាមួយភាគីកម្ពុជា ហើយស្វែងរកមើលអនាគតដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏មានសក្តានុពល។
ក្នុងព្រឹត្តការណ៍នេះដែរ ក្រុមប្រតិភូធុរកិច្ចអាមេរិកប្រមាណ២០ក្រុមហ៊ុន ដែលជាក្រុមហ៊ុនឈានមុខគេមួយចំនួនរបស់សហរដ្ឋអាមេរិក ក៏ដូចជាក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍ ដែលចែកចាយមុខទំនិញសំខាន់ៗ របស់អាមេរិកដទៃដផ្សេងទៀតបានចូលរួម ដែលនឹងរៀនសូត្រអំពីវិស័យផ្សេងៗទាក់ទងនឹងកសិកម្មកម្ពុជា ដូចជាស្រូវអង្ករ ចំណីសត្វ និងបសុសត្វ និងវារីវប្បកម្ម ភ្ជាប់ជាបណ្តាញ ក្រុមអ្នកជំនួញក្នុងស្រុក និងទស្សនាទីតាំងផលិតកម្មក្នុងមូលដ្ឋាន។
ជាមួយគ្នានេះដែរ លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើឲ្យក្រុមហ៊ុនអាមេរិកវិនិយោគលើវិស័យកសិកម្ម និងជំរុញការធ្វើទំនើបកម្មក្នុងវិស័យនេះ ដើម្បីជំរុញការធ្វើពិពិធកម្ម សម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត៕